ជាតិ
អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌលភាសា អេ អាយ អាយ ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាលើកទី២៦ ដល់សិស្សានុសិស្ស
19, May 2024 , 11:30 am        
រូបភាព
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលជាគ្រឹះស្ថានអប់រំឈានមុខគេនៅកម្ពុជា បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា លើកទី២៦ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ កម្មវិធីនេះ មានដូចជាការប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្សចំនួន ៧៣៤នាក់ ដែលបានបញ្ចប់កម្មវិធីភាសារបស់ពួកគេដោយជោគជ័យពីវគ្គសិក្សាទី៧៧ រហូតដល់វគ្គទី៨០។

សិស្សានុសិស្សទាំងនេះ ពោរពេញទៅដោយក្តីស្រមៃសម្រាប់អនាគតរឿងៗខ្លួន ពួកគេបានទទួលការអប់រំសម្រាប់ការទទួលយកបញ្ហាប្រឈមថ្មីៗ និងក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវ។ Aii តែងតែលើកទឹកចិត្តដល់សិស្សានុសិស្សរបស់ខ្លួនឱ្យប្រឹងប្រែងជម្នះឧបសគ្គនានា។



អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ប្រជាជនកម្ពុជាក្នុងការចាប់យកឱកាស និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែប្រសើរឡើង៖ «នៅពេលដែលអ្នកចង់សម្រេចអ្វីមួយ អ្នកត្រូវតែធ្វើវាឱ្យអស់ពីសមត្ថភាព ហើយក្នុងនោះមានដូចជាការសាកល្បងអ្វីដែលថ្មី និងការបន្តពង្រឹងសមត្ថភាពខ្លួនឯង។ អ្នកទាំងអស់គ្នាបានបញ្ចប់ការសិក្សាភាសាអង់គ្លេស ហេតុអ្វីមិនសាកល្បងជំនាញ ឬភាសាថ្មីៗដូចជាភាសាចិន ឬភាសាថៃ? បច្ចុប្បន្ននេះ យើងមានឱកាសច្រើនណាស់ ហើយក្នុងនាមជាប្រជាជនកម្ពុជា យើងត្រូវចាប់យកវាឱ្យបាន»។
  


ក្រោមប្រធានបទ «Aim for Greatness» មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) លើកទឹកចិត្តដល់សិស្សានុសិស្សរបស់ខ្លួនឱ្យមានក្តីសុបិនធំ ពង្រីកចំណេះដឹងឱ្យកាន់តែធំទូលាយ និងសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យជាច្រើនទៀត។ Aii ប្តេជ្ញាផ្តល់ការអប់រំជូនសិស្សានុសិស្សនូវជំនាញសម្រាប់សតវត្សរ៍ទី២១ រួមទាំងជំនាញទន់ ចំណេះដឹងកុំព្យូទ័រ ការនិយាយជាសាធារណៈ និងការសរសេរបែបបច្ចេកទេស។ ជំនាញទាំងនេះត្រូវបានរៀបចំឡើងដើម្បីបំពាក់បំប៉នសិស្សានុសិស្សឱ្យទទួលបានជោគជ័យទាំងនៅក្នុងសាលា និងនៅក្នុងជីវិត។


 
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) រួមជាមួយនឹងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ទទួលបានភាពល្បីល្បាញទូទាំងប្រទេសកម្ពុជា លើគុណភាព វិន័យ និងសេវាកម្ម។ ដោយមានអតីតសិស្សជាង៥០ ០០០នាក់ Aii ផ្តល់ជូននូវកម្មវិធីសិក្សាដូចជា ភាសាអង់គ្លេសជាភាសាទី២ (ESL) កម្មវិធីសិក្សាកម្រិតឌីប្លូម (Diploma Courses) ភាសាចិនជាភាសាទី២ (CSL) ភាសាថៃជាភាសាទី២ (TSL) តេស្ត TOEFL និងកម្មវិធីបណ្តុះបណ្តាល TESOL House ។ Aii នឹងដាក់ដំណើរការកម្មវិធីថ្មីៗនៅក្នុងត្រីមាសទី៣ នៅឆ្នាំ២០២៤ នេះដូចជា កម្មវិធីភាសាបារាំង ភាសាខ្មែរ និងភាសាជាច្រើនទៀត។
  


គោលដៅចម្បងរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) គឺដើម្បីអប់រំអ្នកសិក្សាឱ្យប្រើប្រាស់ភាសាយ៉ាងស្ទាត់ជំនាញ ដោយមានទំនុកចិត្ត ចំណេះដឹង និងគំនិតជាសកល។ ស្ថាប័ននេះមានគោលបំណងអភិវឌ្ឍកម្ពុជាឱ្យរឹងមាំផ្នែកសង្គម និងសីលធម៌ ជាមួយនឹងបំណិនជីវិត ចំណង់ចំណូលចិត្ត និងក្តីសុបិនដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ។
 
ក្រៅពីការសិក្សាក្នុងថ្នាក់រៀន សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សាដូចជា ការប្រកួត Spelling Bee ការប្រកួតបញ្ចេញសំឡេង ការប្រឡងសំណេរ ការប្រកួតកីឡា ដំណើរកម្សាន្តក្នុងស្រុក ការបោះជំរំ និងដំណើរទស្សនកិច្ចសិក្សាក្រៅប្រទេសជាដើម។


 
ផ្តើមចេញពីការចាប់ផ្តើមដ៏សាមញ្ញរបស់ខ្លួន មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ឥឡូវនេះ Aii កំពុងអប់រំសិស្សានុសិស្សជាង១១ ០០០ នាក់ មានបុគ្គលិកជាង ២ ៥០០នាក់ និងមានបណ្តាញអតីតនិស្សិតជាង ៥០ ០០០នាក់។ គ្រឿងបរិក្ខារទំនើបៗរបស់ Aii នេះ មាននៅទូទាំងសាខាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ហើយគ្រោងនឹងដំណើរការសាខាបន្ថែមចំនួនពីរ (០២) ទៀតនៅខែកញ្ញា ឆ្នាំ២០២៤ នេះនៅតំបន់ចំការដូង និងតំបន់ទួលសង្កែ។


 
Aii គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាយ៉ាងសម្បូរបែបលើជំនាញភាសាអង់គ្លេស ចិន និងថៃ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការផ្តល់ការអប់រំលើជំនាញភាសា។ Aii ដែលជាផ្នែកមួយនៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) គឺជាគ្រឹះស្ថានអប់រំឈានមុខគេក្នុងប្រទេសកម្ពុជា ដែលមានសាខាចំនួន ២០ ហើយកំពុងរៀបចំដំណើរការសាខាបន្តបន្ទាប់ទៀត៕







© រក្សាសិទ្ធិដោយ thmeythmey.com