អន្តរជាតិ
បក្សកុម្មុយនីស្តវៀតណាម តែងតាំងមេប៉ូលិស ជាបេក្ខភាពប្រធានាធិបតីថ្មី
19, May 2024 , 5:20 pm        
រូបភាព
លោកតូ ឡិម រដ្ឋមន្រ្តីសន្តិសុខសាធារណៈ (ស្តាំ) និងលោកTran Thanh Man អនុប្រធានរដ្ឋសភា។ រូបភាពសភា និងក្រសួងសន្តិសុខសាធារណៈវៀតណាម
លោកតូ ឡិម រដ្ឋមន្រ្តីសន្តិសុខសាធារណៈ (ស្តាំ) និងលោកTran Thanh Man អនុប្រធានរដ្ឋសភា។ រូបភាពសភា និងក្រសួងសន្តិសុខសាធារណៈវៀតណាម
គណៈមជ្ឈិមនៃបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី១៨ ខែឧសភា បានជ្រើសតាំងលោកតូ ឡិម រដ្ឋមន្រ្តីសន្តិសុខសាធារណៈ ជាបេក្ខភាពប្រធានាធិបតីថ្មី និងលោកTran Thanh Man អនុប្រធានរដ្ឋសភា ជាបេក្ខភាពប្រធានរដ្ឋសភា។

 
 
ក្រោយកៅអីប្រធានាធិបតី និងប្រធានរដ្ឋសភានៅទំនេរមួយរយៈ គណៈមជ្ឈិមនៃបក្សកុម្មុយនីស្តវៀតណាម បានសម្រេចតែងតាំង លោក តូ ឡិម រដ្ឋមន្រ្តីសន្តិសុខសាធារណៈ ជាប្រធានាធិបតី និងលោកTran Thanh Man អនុប្រធានរដ្ឋសភា ជាបេក្ខភាពប្រធានរដ្ឋសភា។ អ្នកទាំងពីររូប នឹងត្រូវរដ្ឋសភាវៀតណាម បោះឆ្នោតតែងតាំងនៅក្នុងកិច្ចប្រជុំខាងមុខ ដែលចាប់ផ្ដើមពីថ្ងៃទី២០ ខែឧសភា។ 
 
ក្រោយសភាបោះឆ្នោតគាំទ្រជាប្រធានាធិបតី លោក តូ ឡិម នឹងបន្តកាន់តំណែងជារដ្ឋមន្រ្តីសន្តិសុខសាធារណៈដដែល។ 
 
«ការិយាល័យនយោបាយ មិនបានតែងតាំងបេក្ខជនរដ្ឋមន្រ្តីសន្តិសុខសាធារណៈថ្មីទេ។ ដូចនេះ សភានឹងមិនបោះឆ្នោតទម្លាក់តំណែងរដ្ឋមន្រ្តីសន្តិសុខលោក តូ ឡិម ឡើយ»។ អគ្គលេខាធិការសភា លោក Bui Van Cuong បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១៩ ខែឧសភា។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ការកាន់តំណែងរបស់លោក តូ ឡិម ជាប្រធានាធិបតី អាចជាការត្រួសត្រាយសម្រាប់លោក ដើម្បីឈានទៅរកតំណែងអគ្គលេខាធិការបក្សកុម្មុយនីស្ត ដែលជាតួនាទីមានអំណាចបំផុតនៅក្នុងបក្ស។ អគ្គលេខាធិការបក្ស លោក ង្វៀន ភូជុង នឹងផុតអាណត្តិនៅក្នុងឆ្នាំ២០២៦។ 
 
តាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលវៀតណាម ការតែងតាំងលោក តូ ឡិម និងលោក Tran Thanh Man ទទួលបានការគាំទ្រយ៉ាងខ្លាំង។ 
 
លោកតូ ឡិម ត្រូវបានតែងតាំងជារដ្ឋមន្រ្តីសន្តិសុខសាធារណៈចាប់តាំងពីឆ្នាំ២០១៦ ហើយបានចូលជាសមាជិការិយាល័យនយោបាយរបស់បក្សកុម្មុយនីស្តវៀតណាម នៅក្នុងឆ្នាំ២០២១។ បន្ថែមពីតួនាទីខាងលើ បេក្ខជនប្រធានាធិបតីរូបនេះ បានកាន់តំណែងជាអនុប្រធានគណៈកម្មាធិការបោសសម្អាតអំពើពុករលួយរបស់បក្សចាប់តាំងពីឆ្នាំ២០២១ ដែរ។ 
 
កន្លងមក ប្រធានាធិបតីវៀតណាម ២រូប និងប្រធានសភាមួយរូប រដ្ឋមន្រ្តី រួមទាំងអភិបាលខេត្ត និងមន្រ្តីតាមតំបន់ផ្សេងទៀត សុទ្ធតែបានចុះចេញពីតំណែង និងចាប់ខ្លួន ពាក់ព័ន្ធនឹងការបង្រ្កាបអំពើពុករលួយទ្រង់ទ្រាយធំនៅក្នុងប្រទេស។ 
 
មុនកាន់តំណែងជាមេប៉ូលិសវៀតណាម លោកតូ ឡិម មានតួនាទីជាប្រធាននាយកដ្ឋានសន្តិសុខទី១ នៅក្នុងឆ្នាំ២០០៩ និងជាអនុរដ្ឋមន្រ្តីសន្តិសុខសាធារណៈនៅក្នុងឆ្នាំ ២០១០៕

Tag:
 (វៀតណាម)
© រក្សាសិទ្ធិដោយ thmeythmey.com