ដោយ៖ម៉ម ពិសី / RFI/ខេមរភាសា
ផលិតផលគ្រឿងទេសផ្សំ ផលិតនៅឥណ្ឌា យីហោធំៗចំនួន២ ត្រូវបានគេរកឃើញថាមានផ្ទុកសារធាតុគីមី ដែលអាចបង្កជាជំងឺមហារីក។ បន្ទាប់ពីអាជ្ញាធរហុងកុង សិង្ហបុរី កាលពីថ្ងៃសុក្រទី១៧ឧសភា អាជ្ញាធរប្រទេសនេប៉ាល់ បានឲ្យដឹងថា គេសម្រេចហាមឃាត់ការនាំចូលផលិត និងការលក់ចែកចាយផលិតផលគ្រឿងទេសឥណ្ឌាទាំងនោះ។ ប្រទេសមួយចំនួនទៀត កំពុងបង្កើនការប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យគុណភាព។
ផលិតផលគ្រឿងទេសផ្សំ ផលិតនៅឥណ្ឌា យីហោ MDH និង យីហោ Everest កំពុងតែរងនូវការចោទប្រកាន់ សង្ស័យថាមានផ្ទុកសារធាតុគីមី ប្រភេទ Oxyde d’éthylène (ETO) ដែលសារធាតុនេះអាចបង្កជាជំងឺមហារីក។ បន្ទាប់ពីហុងកុង និងសិង្ហបុរី ដែលបានចេញវិធានការហាមឃាត់ការលក់ចែកចាយ នេប៉ាល់បានក្លាយជាប្រទេសទី៣ ដែលបានចេញវិធានការដូចគ្នានេះ។
លោកស្រី Matina Joshi Vaidya ប្រធាននាយកដ្ឋាននេប៉ាល់ ទទួលបន្ទុកបច្ចេកទេសចំណីអាហារ និងត្រួតពិនិត្យគុណភាព បានឲ្យដឹងនៅថ្ងៃទី១៧ឧសភាថា ដើម្បីការពារសុខភាពសាធារណៈ អាជ្ញាធរនេប៉ាល់ បានសម្រេចហាមឃាត់តាំងតែពីថ្ងៃព្រហស្បតិ៍ទី១៦ឧសភា នូវការនាំចូលនិងការលក់ចែកចាយ ផលិតផលគ្រឿងទេសផ្សំដែលផលិតនៅឥណ្ឌា ចំនួន៤មុខទំនិញ ៣មុខជារបស់យីហោ MDH និង១មុខជាយីហោ Everest។
មន្ត្រីនេប៉ាល់ខាងលើ បានបន្ថែមថា ការសម្រេចនេះ គឺបន្ទាប់ពីមានដំណឹងហាមឃាត់នៅហុងកុង និងនៅសិង្ហបុរី នូវទំនិញគ្រឿងទេសឥណ្ឌាទាំង៤មុខនេះ។ ក៏ប៉ុន្តែ នេប៉ាល់ពុំមានលទ្ធភាពបច្ចេកទេស ក្នុងការត្រួតពិនិត្យរុករកសារធាតុគីមីនៅក្នុងផលិតផលទាំងនេះទេ ម្លោះហើយអាជ្ញាធរនេប៉ាល់រងចាំទាល់តែអាជ្ញាធរឥណ្ឌា អះអាងបញ្ជាក់ឲ្យច្បាស់ ថាផលិតរបស់ខ្លួនពិតជាមិនបង្ករគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ ទើបនេប៉ាល់បើកឲ្យលក់ទំនិញទាំងនេះវិញ។
សូមបញ្ជាក់ថា សារធាតុគីមី Oxyde d’éthylène ត្រូវគេប្រើជាទូទៅ ដើម្បីសំអាតសម្ភារៈ ឬចំណីអាហារ កុំឲ្យមានមេរោគឬបាក់តេរីផ្សេងៗ។ អាស្រ័យតាមបទដ្ឋានស្តង់ដាប្រទេសនីមួយៗ ប្រទេសខ្លះអនុញ្ញាតឲ្យមានសារធាតុនេះក្នុងកម្រិតមួយទាប ប្រទេសខ្លះទៀត គឺហាមឃាត់មិនឲ្យមានទាំងស្រុងតែម្តងក្នុងផលិតផលចំណីអាហារ។ ផ្អែកតាម ទីភ្នាក់ងារការពារបរិស្ថានអាមេរិក បើសារធាតុ Oxyde d’éthylène ជ្រាបចូលទៅក្នុងខ្លួនមនុស្សញឹកញាប់ គឺវាអាចបង្កហានិភ័យ កើតជាជំងឺមហារីកមួយចំនួន ដូចជាមហារីកគ្រាប់ឈាមស និងមហារីកដោះជាដើម។
គួរបញ្ជាក់ដែរថា ផលិតផលគ្រឿងទេស យីហោMDH និងយីហោEverest មានការពេញនិយមណាស់ នៅឥណ្ឌា ហើយត្រូវបាននាំចេញទៅលក់សឹងទូទាំងពិភពលោក។ កាលពីខែមេសា បន្ទាប់ពីអាជ្ញាធរហុងកុង និងសិង្ហបុរី បានសម្រេចហាមឃាត់ទំនិញរបស់ខ្លួន ម៉ាកយីហោទាំង២នេះ បានចេញលិខិតប្រកាស ដោយបានបដិសេធការចោទប្រកាន់ និងបានធានាអះអាងថាផលិតផលគ្រឿងទេសរបស់ខ្លួន គឺមិនបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សឡើយ។ ចំណែក អាជ្ញាធរគ្រឿងទេសឥណ្ឌាបានប្រកាសថា ឥណ្ឌាមានក្រិត្យក្រមលក្ខខណ្ឌយ៉ាងតឹងរឹង ក្នុងការត្រួតពិនិត្យគុណភាពគ្រឿងទេស មុននឹងនាំចេញទៅលក់ក្រៅប្រទេស។
យ៉ាងណាក៏ដោយ ការអះអាងទាំងអស់នេះ ហាក់មិនបានធ្វើឲ្យស្ងប់បញ្ហាទេ។ ក្រៅពីហុងកុង សិង្ហបុរី និងនេប៉ាល់ ដែលបានហាមឃាត់ការលក់ចែកចាយទាំងស្រុង អាជ្ញាធអង់គ្លេសបានឲ្យដឹងថាគេបានបង្កើនការត្រួតពិនិត្យលើទំនិញគ្រឿងទេសផ្សំ នាំចូលមកពីឥណ្ឌា។ ចំណែកសហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់វិញ កំពុងពិចារណាចាត់វិធានការឲ្យសមស្រប។
គួរកត់សំគាល់ថា ដំណឹងទាំងអស់នេះ កំពុងតែធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ដល់វិស័យនាំចេញទំនិញគ្រឿងទេសឥណ្ឌា ព្រោះថាឥណ្ឌាជាប្រទេសផលិតគ្រឿងទេសធំជាងគេបង្អស់នៃពិភពលោក។ រវាងពីខែមេសា ឆ្នាំ២០២២ ដល់ខែមីនាឆ្នាំ២០២៣ ឥណ្ឌានាំចេញទំនិញគ្រឿងទេស មានទំហំទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារអាមេរិក។ សហព័ន្ធអ្នកផលិតនិងអ្នកនាំចេញគ្រឿងទេសឥណ្ឌា បានឲ្យដឹងថា គេព្យាករណ៍ថា ដំណឹងអាក្រក់នាពេលនេះ អាចនឹងធ្វើឲ្យការនាំចេញធ្លាក់ចុះយ៉ាងហោច៤០% ព្រោះអតិថិជនខ្លះបានចាប់ផ្តើម ផ្អាកការបញ្ជាទិញហើយ៕