អន្តរជាតិ
អាមេរិកនិងសម្ព័ន្ធមិត្ត បន្តចោទកូរ៉េខាងជើង ថាលក់សព្វាវុធឲ្យ រុស្ស៊ី បំប៉ន់សង្គ្រាមអ៊ុយក្រែន
30, Jun 2024 , 9:39 pm        
រូបភាព
ប្រធានាធិបតី គីម ជុងអ៊ុន និងប្រមុខរដ្ឋ វ្ល៉ាឌីមៀរ ពូទីន បានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជួយគ្នាវិស័យការពារជាតិ នៅគ្រាដែលថ្នាក់ដឹកនាំរុស្ស៊ី អញ្ជើញទៅក្រុងព្យុងយ៉ាង កាលពី១០ថ្ងៃមុន។ via REUTERS - Vladimir Smirnov
ប្រធានាធិបតី គីម ជុងអ៊ុន និងប្រមុខរដ្ឋ វ្ល៉ាឌីមៀរ ពូទីន បានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជួយគ្នាវិស័យការពារជាតិ នៅគ្រាដែលថ្នាក់ដឹកនាំរុស្ស៊ី អញ្ជើញទៅក្រុងព្យុងយ៉ាង កាលពី១០ថ្ងៃមុន។ via REUTERS - Vladimir Smirnov
ដោយ៖ ហេង ឧត្តម (RFI ខេមរភាសា) 
 
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបស្ចិមលោក បានបន្តចោទប្រកាន់ របបដឹកនាំកូរ៉េខាងជើង ថាបានលក់អាវុធមីស៊ីល ឲ្យទៅ រុស្ស៊ី ដើម្បីបំប៉ន់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន។ ភាគីលោកខាងលិចថែមទាំងអះអាងថាមានភស្តុតាងច្បាស់លាស់ ព្រោះបានរកឃើញសព្វាវុធរបស់ព្យុងយ៉ាង ដែលទ័ពរុស្ស៊ីប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន។ រដ្ឋបាលក្រុងព្យុងយ៉ាងនិងម៉ូស្កូ សុទ្ធតែបដិសេធ ទាត់ចោលការចោទប្រកាន់នេះ។

 
ការចោទប្រកាន់ជាថ្មី ស្តីថារបបក្រុងព្យុងយ៉ាងលក់មីស៊ីលឲ្យក្រុងម៉ូស្កូ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ លោក Robert Wood ឯកអគ្គរដ្ឋទូតរង តំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានបកអាក្រាធអំពីការផ្ទេរអាវុធ ពីកូរ៉េខាងជើង ទៅរុស្ស៊ី។ ទូតអាមេរិកបានរិះគន់ថ្កោលទោសជាខ្លាំង ចំពោះការផ្ទេរអាវុធដោយខុសច្បាប់បែបនេះ ដោយបញ្ជាក់ថា ការធ្វើដូច្នេះ ជំរុញឲ្យកងទ័ពរុស្ស៊ីកាន់តែមានសមត្ថភាពវាយប្រហារអ៊ុយក្រែន កាន់តែខ្លាំង។ ទង្វើរបស់ក្រុងព្យុងយ៉ាង ក៏រំលោភសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាសន្តិសុខ ក្នុងសេចក្តីសម្រេចឆ្នាំ២០០៦ ឆ្នាំ២០០៩ និង២០១៦ សុទ្ធសឹងតែបានហាមឃាត់មិនឲ្យកូរ៉េខាងជើង ផ្ទេរអាវុធនិងលក់គ្រាប់រំភេវសោះឡើយ។
 
ទន្ទឹមនឹងគ្នានេះ អ្នកជំនាញនៃក្រុមសិក្សាពីជម្លោះប្រដាប់អាវុធ ដែលបានតាមដានប្រភពអាវុធ និងការប្រើសព្វាវុធនៅក្នុងសង្គ្រាម បានអះអាងប្រាប់ក្រុមប្រឹក្សាសន្តិសុខ ថាគេមានភស្តុតាងគួរឲ្យទុកចិត្តបាន ដែលអាចបញ្ជាក់ថា មីស៊ីលបាឡេស្ទីករបស់កូរ៉េខាងជើង ពិតជាត្រូវ រុស្ស៊ី យកទៅប្រើប្រាស់នៅលើទឹកដីអ៊ុយក្រែន ពិតប្រាកដមែន។ ហើយ មីស៊ីលមួយចំនួន ក៏បានប្រើសម្រាប់វាយប្រហារលើក្រុងកៀវ និងតំបន់ហ្សាប៉ូរីចា កាលពីដើមឆ្នាំនេះ ទៀតផង។
 
ផ្ទុយទៅវិញ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassili Nebenzia បានបដិសេធទាត់ចោលការចោទប្រកាន់ ហើយថែមទាំងថ្លែងក្តីមិនពេញចិត្ត មិនសប្បាយចិត្តចំពោះវត្តមានរបស់ប្រតិភូអ៊ុយក្រែន និងសហភាពអឺរ៉ុប ក្នុងកិច្ចប្រជុំ នៅក្រុងវ៉ាស៊ីនតោន នោះទៀត។ ស្របគ្នានេះដែរ លោក គីម សុង ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានពន្យល់ថា ប្រធានាធិបតី គីម ជុងអ៊ុន និងប្រមុខរដ្ឋ វ្ល៉ាឌីមៀរ ពូទីន បានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជួយគ្នាវិស័យការពារជាតិ នៅគ្រាដែលថ្នាក់ដឹកនាំរុស្ស៊ី អញ្ជើញទៅក្រុងព្យុងយ៉ាង កាលពីជាង១០ថ្ងៃមុន។ ក៏ប៉ុន្តែ ក្រុមប្រឹក្សាសន្តិសុខគ្មានអ្វីត្រូវព្រួយបារម្ភសោះឡើយ ព្រោះកិច្ចព្រមព្រៀងគ្នានោះ សំដៅដល់ការលើកតម្កើងមិត្តភាពរវាងប្រទេសទាំង២តែប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង។
 
ទោះបីជាមានការបកស្រាយពន្យល់ដូច្នេះក៏ដោយក្តី ក៏រដ្ឋបាលក្រុងវ៉ាស៊ីនតោននិងបស្ចិមលោក ស្តាប់មិនចូលត្រចៀកសោះឡើយ។ សហរដ្ឋអាមេរិក បបួលចូលដៃជាមួយ បារាំង និងអង់គ្លេស ដើម្បីរៀបចំដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើ របបដឹកនាំកូរ៉េខាងជើង ដែលបស្ចិមលោកជឿថា បានរំលោភបំពានការហាមឃាត់ លួចផ្ទេរអាវុធឲ្យ រុស្ស៊ី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com