RFI
អន្តរជាតិ
វៀតណាម៖ វឌ្ឈនភាព​សេដ្ឋកិច្ច​កើន​ខ្លាំង ប្រមាណ ៦,៤% ​​ឆមាសទី១ ឆ្នាំ២០២៤
01, Jul 2024 , 9:29 pm        
រូបភាព
លោក តូ លិម ប្រធានាធិបតីវៀតណាម នៅក្នុងកិច្ចប្រជុំ១ ជាមួយថ្នាក់ដឹកនាំរុស្ស៊ី ក្នុងខែមិថុនានេះ។ REUTERS
លោក តូ លិម ប្រធានាធិបតីវៀតណាម នៅក្នុងកិច្ចប្រជុំ១ ជាមួយថ្នាក់ដឹកនាំរុស្ស៊ី ក្នុងខែមិថុនានេះ។ REUTERS
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
 
​ទិន្នន័យស្ថិតិ​សេដ្ឋកិច្ច បង្ហាញ​ថា វៀតណាម​​មាន​វឌ្ឈនភាពកើនខ្ពស់ជាលំដាប់ និង​ខ្ពស់​​ជាង​ឆ្នាំ​ទៅ​មិញទៀត​។ ឆ្នាំមុន ​សេដ្ឋកិច្ចវៀតណាម កើន​ជាង​៥% ហើយ​ឆ្នាំនេះ បន្តកើន​ជាង​៦% ​គ្រាន់តែ​ត្រឹម​ឆមាសទី១ ឆ្នាំ២០២៤។​ ការ​នាំទំនិញ​ឧស្សាហកម្ម​ចេញ​ទៅបរទេស​ បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​វៀតណាម​ ជា​ខ្លាំង។ នេះបើតាម​ទិន្នន័យ​របស់​អង្គការ​​ ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ FMI ដែល​បាន​ចេញផ្សាយ​នៅក្នុងសប្តាហ៍​នេះ ដោយ​ឆ្លៀត​ឲ្យ​អនុសាសន៍​បន្ថែមថា ​វៀតណាម​ត្រូវ​កែទម្រង់​មួយ​ចំនួន​ទៀត ដើម្បី​រក្សា​និង​ជំរុញ​វឌ្ឈនភាពសេដ្ឋកិច្ចបន្តទៀត ជាពិសេស​លើ​វិស័យ​ថាមពល​កកើតឡើងវិញ​។

 
រដ្ឋអំណា​ចវៀតណាម បាន​ព្យាករវឌ្ឍនភាព​សេដ្ឋកិច្ច​របស់ខ្លួន ប្រមាណ ៥,០៥% សម្រាប់​ឆ្នាំទៅមិញ ហើយ​នៅឆ្នាំ​២០២៤នេះ នឹង​កើនឡើង​ ចន្លោះពី ៦ ទៅ​៦,៥%។ ទិន្នន័យ​នេះ ត្រូវម៉ាច់ស្រដៀងគ្នា​​នឹង​របាយការណ៍​ស្ថិតិ​របស់​​អង្គការជំនាញ​ហិរញ្ញវត្ថុ គឺ ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ​FMI ដែល​បញ្ជាក់ថា ឆ្នាំនេះ ​៦ខែ​ដំបូង កំណើនផលិតផល​ក្នុង​ស្រុក​វៀតណាម សរុប រីកចម្រើន​ ប្រមាណ​ជា ៦,៤% ​។
 
វៀតណាម មាន​ផលិត​ផល​ឧស្សាហកម្ម​ កើនឡើង​ ៧,៥%  ហើយ​ការវិនិយោគបរទេស​កើនឡើងខ្ពស់ ចំនួន​ ៨,២ បើ​ធៀបនឹង​ឆ្នាំទៅមិញ ​ក្នុងរយៈ​ពេល​ដូចគ្នា។​ គ្រាន់តែ​ក្នុង​ឆមាសទី១ ឆ្នាំនេះ​ ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេហ៍​មួយ​នេះ បាន​ចំណេញ​ ១៩០ ពាន់​លាន​ដុល្លារ ក្នុង​វិស័យ​នាំចេញទំនិញ​ឧស្សាហកម្ម។ ពោលគឺកើនឡើង​ជាង​១៤,៥% ប្រៀបធៀ​ប​នឹង​ឆ្នាំចាស់។ គោលដៅទីផ្សា​នាំចេញ​ធំជាង​គេ​របស់​វៀតណាម គឺ ​សហរដ្ឋអាមេរិក ដែល​ជា​សម្ព័ន្ធ​មិត្ត​យុទ្ធសាស្ត្រ។​
 
វឌ្ឈនភាព​សេដ្ឋកិច្ចជឿនលឿន​របស់​ វៀតណាម អាស្រ័យ​ទៅ​លើលទ្ធផល​នៃ​ចំណាត់​ជាច្រើន​វិស័យ​រួមគ្នា សំដៅ​ដល់កំណើនខ្សែចង្វាក់​ផលិតកម្ម ទេសចរណ៍​ ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ និង​វិនិយោគសាធារណៈ​។ ការ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​បាន​ត្រឹមត្រូវ ក៏​ជំរុញ​ខ្លាំងណាស់ដែរ ដល់​កំណើន​សេដ្ឋកិច្ច។ តាម​ការ​គូស​បង្ហាញ​របស់​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ​FMI គឺ​យុទ្ធនាការ​ប្រឆាំងអំពើ​ពុករលួយ​ បា​នប្រព្រឹត្តទៅ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ​ការ​ប្រឆាំង​អំពើ​ពុករលួយ បាន​ត្រឹមត្រូវ ក៏​ធានាដល់​គុណភាព​អភិវឌ្ឈ​សេដ្ឋកិច្ច​និង​អភិបាល​កិច្ច​ ព្រមទាំង​បង្កើន​តម្លា​ភាព​​​ត្រឹម​ត្រូវ។ ចំណុច​​នេះ ក៏បានជំរុញ​បរិយាកាស​ល្អ ​ផ្តល់​ទំនុកចិត្ត​និង​ភាពកក់ក្តៅផ្លូវ​ចិត្ត​ដល់ឈ្មួញ​​អ្នក​វិនិយោគទុន​ ​ទៀត​​ផង។​
 
នៅក្នុង​ខែមិថុនា​ដែរ មន្ត្រី​ឈ្មួញជាន់ខ្ពស់​របស់​សមាគម​ធុរកិច្ច​អឺរ៉ុប-​វៀតណាម EuroCham-Vietnam ក៏បាន​កត់​សម្គាល់​ ថា​ សុខភាព​សេដ្ឋកិច្ច​វៀតណាមល្អប្រសើរ និង ដើរលើផ្លូវ​មួយ​ប្រាកដប្រជា​។​  ស្របពេល​នឹង​កម្លាំងពលកម្មច្រើន ព្រោះ​មាន​ប្រជាជន​ជាង​១០០លាន​នាក់,​ ប្រទេស​នេះ ក៏​មាន​សក្កានុពល​ ខាង​ប្រើប្រាស់​ និង​បច្ចេកវិទ្យា​។ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ វៀតណាម ជាប្រទេសដែល​​មាន​កំណើនសេដ្ឋកិច្ច​បច្ចេកវិទ្យា​ កើនខ្លាំងនិងលឿនរហ័ស ជាងគេ​ ១ មួយ គួរ​ឲ្យ​កត់​សម្គាល់​។
 
​​យ៉ាងណាក៏ដោយចុះ​ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ​FMI ក៏បាន​ឲ្យអនុសាសន៍បន្ថែមថា វៀតណាមត្រូវកែទម្រង់មួយចំនួនទៀត ដើម្បីបន្ត​រក្សា​វឌ្ឈនភាពសេដ្ឋកិច្ច​។ ពោលគឺត្រូវ​​បង្កើន​ផលិតកម្ម​បន្ថែម ត្រូវ​វិនិយោគ​លើវិស័យ​អភិវឌ្ឍ​ធនធានមនុស្ស​និងកម្លាំងពលកម្ម​ ជំរុញ​វិនិ​យោគ​វិស័យ​ឯកជន​ ហើយ​ ជាពិសេសលើវិស័យ​ថាមពលកកើតឡើងវិញ៕

© រក្សាសិទ្ធិដោយ thmeythmey.com