អន្តរជាតិ
អាម៉េរិកប្រាប់ប្រជាជនឈប់បើករថយន្តNissanចាស់ៗ ដោយសារបញ្ហាពោងសុវត្ថិភាព
01, Jun 2024 , 8:39 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ម្ចាស់រថយន្តNissanចាស់ៗចំនួន ៨៤០០០នាក់នៅអាម៉េរិកមានបំពាក់ពោងសុវត្ថិភាព Takata ដែលត្រូវបានហៅប្រមូលចូលឃ្លាំង ឬមិនទាន់បានជួសជុល ត្រូវបានបញ្ជាឱ្យឈប់បើកបរ ដោយសារតែបញ្ហាពោងសុវត្ថិភាព។ រដ្ឋបាលសុវត្ថិភាពចរាចរណ៍មហាវិថីជាតិអាម៉េរិក បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៩ ខែឧសភា។

 
បញ្ហាពោងសុវត្ថិភាព Takata ត្រូវបានអាជ្ញាធរអាម៉េរិកបញ្ជាឱ្យម្ចាស់រថយន្តNissanចាស់ៗ ចំនួន ៨៤០០០នាក់នៅអាម៉េរិក ឈប់បើកបររថយន្តរបស់ខ្លួន។ 
 
ការប្រកាសនេះ ធ្វើឡើងក្រោយក្រុមហ៊ុន Nissan បានព្រមានបញ្ហាសុវត្ថិភាពលើរថយន្ត Nissan ៣ប្រភេទដូចជា ប្រភេទ Nissan Sentra ចន្លោះឆ្នាំ២០០២-២០០៦, Nissan Pathfinder ចន្លោះឆ្នាំ ២០០២-២០០៣ និងរថយន្ត Infiniti QX4 ចន្លោះឆ្នាំ ២០០២ និង២០០៣។ រថយន្តទាំង ៣ប្រភេទនេះ ត្រូវបានប្រមូលចូលឃ្លាំងវិញនៅក្នុងឆ្នាំ ២០២០ ប៉ុន្តែមិនត្រូវបានជួសជុលឡើយ។ 
 
«ប្រសិនបើអ្នកមានរថយន្តមួយ ក្នុងចំណោមរថយន្តទាំងនោះ កុំបើកបរវារហូតដល់ពោងសុវត្ថិភាពត្រូវបានជួសជុល ហើយពោងសុវត្ថិភាពខូច ត្រូវបានជំនួសដោយថ្មី»។ រដ្ឋបាលសុវត្ថិភាពចរាចរណ៍មហាវិថីជាតិអាម៉េរិក បានបញ្ជាក់បែបនេះ ទៅកាន់ប្រជាជនខ្លួន នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៩ ខែឧសភា ដោយបន្តថា ទីភ្នាក់ងារលក់រថយន្ត Nissan បានផ្តល់សេវាជួសជុលដោយឥតគិតថ្លៃ។ 
 
បើតាមអាជ្ញាធរអាម៉េរិក សូម្បីតែគ្រោះថ្នាក់តូចតាច ក៏អាចធ្វើឱ្យផ្ទុះពោងសុវត្ថិភាព ដែលអាចសម្លាប់ និងធ្វើឱ្យមានរបួសដល់អ្នកបើកបរផងដែរ។ 
 
ចាប់តាំងពីឆ្នាំ២០០៩ មក រថយន្តដែលមានបំពាក់ពោងសុវត្ថិភាព Takata ត្រូវបានរាយការណ៍ថា មានករណីស្លាប់ចំនួន ៣០នាក់ ដោយក្នុងនោះ ២៧នាក់ មាននៅអាម៉េរិក ហើយ ៤០០នាក់រងរបួស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
គ្រោះថ្នាក់ទាំងនោះ បង្កនៅពេលពោងសុវត្ថិភាពផ្ទុះ និងបង្កឱ្យមានដុំដែកតូចៗលេចចូលទៅក្នុងរថយន្ត។ បញ្ហាពោងសុវត្ថិភាពបែបនេះ ត្រូវបានបន្ទោសលើប្រព័ន្ធសុវត្ថិភាពពោង ដែលត្រូវបានប្រើប្រាស់រយៈពេលយូរ និងរងឥទ្ធិពលដោយការផ្លាស់ប្តូរសីតុណ្ហភាព៕ 

Tag:
 អាម៉េរិក
  Nissan
© រក្សាសិទ្ធិដោយ thmeythmey.com