ជាតិ
រូបសំណាក«ហ្លួងព្រះស្ដេចកន»ធ្វើពីស្ពាន់កម្ពស់ជាង១៣ម៉ែត្រនៅត្បូងឃ្មុំ ត្រូវបានអភិសេកជាផ្លូវការ
29, Jun 2024 , 9:19 pm        
រូបភាព
រូបសំណាក«ហ្លួងព្រះស្ដេចកន»ធ្វើពីស្ពាន់កម្ពស់ជាង ១៣ម៉ែត្រនៅត្បូងឃ្មុំ ត្រូវបានអភិសេកជាផ្លូវការ។ រូបភាពពីរដ្ឋបាលខេត្តត្បូងឃ្មុំ
រូបសំណាក«ហ្លួងព្រះស្ដេចកន»ធ្វើពីស្ពាន់កម្ពស់ជាង ១៣ម៉ែត្រនៅត្បូងឃ្មុំ ត្រូវបានអភិសេកជាផ្លូវការ។ រូបភាពពីរដ្ឋបាលខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ រូបសំណាក «ហ្លួងព្រះស្ដេចកន» ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ដែលនៅចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ១៥៧+២១០ ត្រូវបានរៀបចំពិធីអភិសេកជាផ្លូវការនាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនានេះ។ រូបសំណាកនេះ ជាស្នាដៃចុងក្រោយរបស់លោក ជាម ច័ន្ទសោភ័ណ មុនផ្លាស់ទៅជាអភិបាលខេត្តកំពង់ស្ពឺ។


 
រូបសំណាកហ្លួងព្រះស្ដេចកន ដែលស្ថិតក្នុងទឹកដីខេត្តត្បូងឃ្មុំ ត្រូវបានរដ្ឋបាលរៀបចំអភិសេកជាផ្លូវការ ក្រោមវត្តមានលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ។ រូបសំណាកនេះ កម្ពស់ពីដីដល់ចុងកំពូល ១៣,៣៥ម៉ែត្រ កម្ពស់សេះ និងរូប១១ម៉ែត្រ ធ្វើពីស្ពាន់គ្រឹះបេតុង។ រង្វង់មូលនេះ មានអង្កត់ផ្ចិត៣៦ម៉ែត្រ និងមានផ្ទៃក្រឡា១,០១៧ម៉ែត្រការ៉េ ដោយចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។
 
រូបសំណាកនេះ កើតឡើងដោយការផ្តួចផ្តើមនិងដឹកនាំកសាងឡើងដោយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាព បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូលតំបន់រដ្ឋបាលខេត្ត។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ។ 

រូបភាពពីរដ្ឋបាលខេត្តត្បូងឃ្មុំ
 
សំណេរលើហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានសរសេរដូច្នេះ៖«រង្វង់មូលដ៏ល្អមួយនេះ បានលេចចេញជារូបរៀងឡើង ពិតជាឆ្លុះបញ្ចាំងបង្ហាញយ៉ាងច្បាស់ពីសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមបច្ចុប្បន្ន។
 
រង្វង់មូលហ្លួងព្រះស្តេចកននេះ ជាសមិទ្ធផលមួយថ្មី ក្នុងចំណោមមិទ្ធផលជាច្រើនទៀត នៅតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំ។ រង្វង់មូលនេះ ក៏ជាស្នាដៃចុងក្រោយរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មុនផ្លាស់ទៅជាអភិបាលខេត្តកំពង់ស្ពឺថ្មី នៅថ្ងៃទី៣ ខែកក្កដាខាងមុខ៕


រូបភាពពីរដ្ឋបាលខេត្តត្បូងឃ្មុំ


Tag:
 ត្បូងឃ្មុំ
  ហ្លួងព្រះស្ដេចកន
© រក្សាសិទ្ធិដោយ thmeythmey.com