កីឡាអន្តរជាតិ
អន្តរជាតិ
គ្រួសារ និងមិត្តភក្តិកីឡាករអង់គ្លេស រងការគប់កែវទឹកពីអ្នកគាំទ្រ ក្នុងជំនួបស្មើស្លូវេនី
28, Jun 2024 , 4:29 pm        
រូបភាព
កីឡាករខ្សែការពារ Ezri Konsa របស់ជម្រើសជាតិអង់គ្លេស និយាយថាក្រុមគ្រួសារ និងមិត្តភក្តិ របស់មិត្តរួមក្រុម ជាមួយគ្នា ត្រូវបានអ្នកគាំទ្រគប់កែវទឹកលើ ក្នុងកីឡដ្ឋាន Cologne ក្រោយពេលក្រុមអង់គ្លេស ប្រកួតស្មើស្លូវេនី ០-០ កាលថ្ងៃទី២៦ ខែមិថុនា។



កែវទឹកប្លាស្ទីកជាច្រើន ត្រូវបានគប់សំដៅទៅកាន់លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ខណៈ លោក Southgate កំពុងដើរទះដៃ និងអបអរទៅកាន់អ្នកគាំទ្រ ក្រោយពេលដែលការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ទល់នឹងក្រុមស្លូវេនី។ អង់គ្លេសជាក្រុមឈរកំពូលតារាងពូល C ដោយបញ្ចប់ការប្រកួតទាំង ៣ រកបាន ៥ពិន្ទុ ក្នុងដៃ។
 
បើតាមការអះអាងរបស់កីឡាករ Konsa ការគប់ចោលកែវទឹកប្លាស្ទិកទាំងនោះ គឺកើតចេញពីតំបន់អ្នកគាំទ្រអង់គ្លេស ស្ថិតក្នុងកីឡដ្ឋាន Cologne នៅពេលបញ្ចប់ការប្រកួត ៩០នាទី តែម្តង ហើយទីតាំងនោះក៏មានវត្តមានក្រុមគ្រួសារ និងមិត្តភក្តិ របស់កីឡាករដែលលេងឱ្យជម្រើសជាតិអង់គ្លេស។ ក្រុមគ្រួសារ និងមិត្តភក្តិរបស់កីឡាករអង់គ្លេស ក៏រងការប៉ះពាល់ពីការគប់ចោលកែវទឹកនោះដែរ។ 
 
កីឡាករក្រុម Aston Villa អះអាងបន្ថែមទៀតថា កីឡាករដឹងថាលោក Southgate គឺជាគោលដៅដែលអ្នកគាំទ្រមានភាពខឹងសម្បារចំពោះទម្រង់លេងក្រុមធ្វើមិនបានល្អក្នុងការប្រកួត ប៉ុន្តែពួកគេមិនអាចនិយាយទាក់ទងនឹងគ្រូបង្វឹកបាន ក្នុងនាមជាកីឡាករ ឬលើកឡើងពីបញ្ហានេះជាមួយនឹងគ្រូបង្វឹកខ្លួន។ បើតាមរបាយការណ៍ផ្សេងទៀត ក្រុមគ្រួសារ និងមិត្តភក្តិកីឡាករ ក៏ជាគោលដៅ ដែលជាអ្នកគាំទ្រមានចេតនាចង់គប់កែវទឹកដាក់ផងដែរ។
 
«យើងបានដឹងពីវា ព្រោះខ្ញុំគិតថាសមាជិកគ្រួសារយើងមួយចំនួន បានរងការប៉ះពាល់ពីការគប់ចោលកែវទឹកប្លាស្ទិកទាំងនោះ។ យើងបានត្រួតពិនិត្យពួកគេ ក្នុងចំណោមនោះក៏មានក្មេងតូចៗដែលអង្គុយក្បែគ្នានោះផងដែរជាមួយនឹងក្រុមគ្រួសារ ដូច្នេះយើងតែងតែតាមដានលើពួកគេជាប់ជានិច្ច ដើម្បីឱ្យធានាថាពួកគេនឹងមិនកើតអ្វីធ្ងន់ធ្ងរជាងនេះ។»៕

Tag:
 Euro 2024
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com