ជាតិ
រដ្ឋ ជំរុញឱ្យកសិករធ្វើទំនើបកម្មកសិកម្ម ខណៈកម្លាំងពលកម្មថយចុះមកត្រឹម៣៦ភាគរយ ![](https://image.thmeythmey.com/pictures/2024/07/01/1720241538a__1_.jpg)
×![]()
ភ្នំពេញ៖ កម្លាំងពលកម្មក្នុងវិស័យកសិកម្ម បានធ្លាក់ចុះមកត្រឹម ៣៦ភាគរយប៉ុណ្ណោះ ក្នុងពេលបច្ចុប្បន្ន ដោយសារពលរដ្ឋកាន់តែច្រើនងាកទៅរកការងារក្នុងវិស័យឧស្សាហកម្ម។ ការវិវឌ្ឍបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ទំហំផលិតកម្ម ស្របពេលតម្រូវការកាន់តែឡើង។ ដើម្បីដោះស្រាយគម្លាតតម្រូវការ និងការផ្គត់ផ្គង់ ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយលើកទឹកចិត្តឱ្យធ្វើទំនើបកម្ម ដែលជាផ្នែកមួយកាត់បន្ថយកម្លាំងពលកម្ម និងបង្កើនទិន្នផល តាមរយៈការអនុគ្រោះពន្ធ, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការនាំចូលបច្ចេកវិទ្យាថ្មីៗជាដើម។
នៅក្នុង «ទិវាមច្ឆជាតិ» ១កក្កដា លើកទី១៩ ដែលរៀបចំនៅបឹងធំ ស្ថិតស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានរំឭកថា កាលពី៣-៤ទសវត្សរ៍មុន ពលរដ្ឋកម្ពុជា ពឹងផ្អែកចម្បងលើរបរធ្វើស្រែចម្ការ។ ប៉ុន្តែបច្ចុប្បន្ននេះ មានពលរដ្ឋប្រហែល៣៦ភាគរយប៉ុណ្ណោះ ដែលប្រកបការងារកសិកម្ម។ ក្រៅពីនោះ ពួកគេចាប់យកការងារនៅក្នុងវិស័យឧស្សាហកម្ម។
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖«បច្ចុប្បន្ន អ្នកបរិភោគមានការកើនឡើងជាលំដាប់ ខណៈអ្នកផលិតថយចុះ!»។
![](https://image.thmeythmey.com/pictures/2024/07/01/1720241539a__2_.jpg)
ដើម្បីដោះស្រាយគម្លាតតម្រូវការ និងការផ្គត់ផ្គង់ ប្រមុខរដ្ឋាភិបាល លើកទឹកចិត្តកសិករឱ្យផ្លាស់ប្ដូរវិធីសាស្រ្តក្នុងការធ្វើកសិកម្មបែបទំនើប ដែលជួយកាត់បន្ថយកម្លាំងពលកម្ម ចំណេញពេលវេលា និងផ្ដល់ទិន្នផលខ្ពស់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលនឹងជួយគាំទ្របន្ថែម តាមរយៈគោលនយោបាយអនុគ្រោះពន្ធ ពង្រាយមន្រ្តីកសិកម្មឃុំ ប្រព័ន្ធធារាសាស្រ្ត និងនាំយកនូវបច្ចេកវិទ្យាទំនើបៗបន្ថែមទៀត។
«ឥឡូវ! អ្នកត្រូវការហូបច្រើន ឯអ្នកផលិតថយ។ នេះហើយគឺជាស្ថានភាពបច្ចុប្បន្ន ដូច្នេះ បើរដ្ឋមិនជួយ ហើយប្រជាពលរដ្ឋមិនផ្លាស់ប្ដូរវិធីសាស្រ្តក្នុងការធ្វើកសិកម្មទេនោះ យើងមិនអាចទប់ជាប់ទេ។»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត ដោយបន្ថែមថា ហេតុនេះ បានរដ្ឋាភិបាលដាក់ចេញគោលនយោបាយលើកទឹកចិត្ត ដើម្បីធ្វើឱ្យមានទំនើបកម្ម ក្នុងវិស័យកសិកម្ម។
រដ្ឋាភិបាល មានមហិច្ឆតាធ្វើទំនើបកម្មលើវិស័យកសិកម្មកម្ពុជាឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ និងលើកកម្ពស់សុខុមាលភាព របស់ពលរដ្ឋកម្ពុជា។ ដើម្បីប្រែក្លាយវិស័យនេះ គឺទាមទារឱ្យមានការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មីៗ ការស្រាវជ្រាវ និងអភិវឌ្ឍន៍យន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព ដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពល និងទីផ្សារ៕
Tag:
កសិកម្ម
ទំនើបកម្មវិស័យកសិកម្ម
ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com