ជាតិ
អេដ អេ អាកស្យុង នឹងពង្រីកគម្រោងចិញ្ចឹមត្រីឆ្ពង់នៅ​តំបន់ឆ្នេរ ដើម្បីលើកកម្ពស់​ជីវភាពពលរដ្ឋ​ ​
01, Jul 2024 , 5:59 pm        
រូបភាព
អង្គការ អេដ អេ អាកស្យុង (AEA) នឹងពង្រីកគម្រោងចិញ្ចឹមត្រីឆ្ពង់ទៅកាន់សហគមន៍​នេសាទជាច្រើនទៀត ដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋនៅតំបន់ឆ្នេរ និងការអប់រំ​របស់កុមារ​។ នេះបើតាមការបញ្ជាក់របស់ លោក វន សំភាស់ នាយកប្រចាំប្រទេសកម្ពុជា​នៃអង្គការអេដ អេ អាកស្យុង។



ឆន្ទៈពង្រីកវិសាលភាពគម្រោងចិញ្ចឹមសត្វ ដល់ប្រជាកសិករនៅតំបន់ឆ្នេរនេះ គឺធ្វើ​ឡើងស្របនឹងការអំពាវនាវរបស់ សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នៅក្នុង​ទិវា​មច្ឆជាតិ លើកទី១៩ នៅថ្ងៃទី១ កក្កដានេះ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យពលរដ្ឋបង្កើនការចិញ្ចឹម​ត្រី និងវារីសត្វ​ផ្សេងៗ ទាំងសត្វទឹកសាប និងទឹកប្រៃ ​ដើម្បី​ធានា​សន្តិសុខស្បៀង និង​តម្រូវការ​បរិភោគ​ប្រចាំថ្ងៃ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រសួងកសិកម្ម បង្កើនការស្រាវជ្រាវ ការភ្ញាស់ពូជត្រី ការចែកចាយ និងបន្តអភិរក្សប្រភេទត្រីកម្រៗបន្ថែមទៀតដែរ។ ​
 
លោក វន សំភាស់ បន្តប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា នៅក្នុងវិស័យជលផល អង្គការ AEA បានធ្វើសកម្មភាពច្រើន ដើម្បីផ្ដល់ការគាំទ្រលើការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ផ្ដល់មេពូជត្រី ទីផ្សារ និងសម្ភារជាច្រើនទៀត ដើម្បីឱ្យពលរដ្ឋរស់នៅតាមតំបន់មាត់សមុទ្រ និងបឹងទន្លេសាប មានចំណេះជំនាញចិញ្ចឹមត្រី សម្រាប់បង្កើនប្រាក់ចំណូលបន្ថែម ក្រៅពីរបរនេសាទត្រី និងទេសចរណ៍។
   
លោក វន សំភាស់ នាយកប្រចាំប្រទេសកម្ពុជានៃអង្គការអេដ អេ អាកស្យុង

បេសសកម្មរបស់ AEA គឺផ្ដោតសំខាន់លើការចិញ្ចឹមត្រីឆ្ពង់ជាចម្បង ដោយសារវាងាយ​ស្រួលចិ​ញ្ចឹម និងមានទីផ្សារគ្រប់គ្រាន់។ តាមរយៈគម្រោងចិញ្ចឹមត្រីនេះ ក៏គាំទ្រដល់ការ​អប់រំរបស់កុមារក្នុងសហគមន៍នេសាទកាន់តែប្រសើរផងដែរ។ «នៅក្នុងវិស័យជលផលនេះ យើងបានរួមចែក ផ្ដល់មុខរបរដល់ពលរដ្ឋបន្ថែម​ ពីលើការរកស៊ីនេសាទត្រី ទេសចរណ៍ និងមុខរបរផ្សេងៗទៀត។ លើសពីនេះ គម្រោងចិញ្ចឹមត្រីឆ្ពង់នេះ វាបានគាំទ្រឱ្យកុមារក្នុង​សហគមន៍នេសាទ ទទួលបានការអប់រំកាន់តែល្អប្រសើរ»។ លោក វន សំភាស់ ថ្លែងដូច្នេះ។

បច្ចុប្បន្ន AEA បានផ្ដល់ការគាំទ្រជំនាញចិញ្ចឹមត្រីឆ្ពង់ ទឹកស្អាត និងទេសចរណ៍ ដល់​សហគមន៍នេសាទប្រមាណ៧៥ឃុំ នៅខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កែប កំពត ព្រះសីហនុ និងកោះកុង។ អង្គការមួយនេះ ប្ដេជ្ញាពង្រីកគម្រោងចញ្ចឹមត្រីឆ្ពង់នេះ ទៅកាន់សហគមន៍ជាច្រើន ដើម្បីឆ្លើយតបការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ដែលឱ្យពលរដ្ឋ ​បង្កើនការចិញ្ចឹម​ត្រី និងវារីសត្វផ្សេងៗ ទាំងសត្វទឹកសាប និងទឹកប្រៃ ​ដើម្បី​ធានា​សន្តិសុខស្បៀង និងតម្រូវការបរិភោគរបស់​ពលរដ្ឋ។ 
 


លោក វន សំភាស់ ប្រាប់ដូច្នេះថា៖«ពួកបានឃើញការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក៏​ដូចជារដ្ឋបាលជលផល។ ពួកយើងសន្យាពង្រីកការចិញ្ចឹមត្រីឆ្ពង់ ក្នុងភាពជាដៃគូ​ជាមួយ​សហគមន៍ និងអាជ្ញាធរមូលដ្ឋានបន្ថែមទៀត»។  
 
សូមជម្រាបថា នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបានផលវារីវប្បកម្ម​ទាំង​ទឹក​សាប និងសមុទ្រ ៣១៤ ពាន់តោន ដែលជាការរួមចំណែកកាត់បន្ថយសម្ពាធ​ លើ​ធនធាន​ជល​ផលធម្មជាតិ កាត់បន្ថយការនាំចូល ទ្រទ្រង់ជីវភាពវារីវប្បករ និងលើកស្ទួយសេដ្ឋកិច្ច​ជាតិ​។ ជាមួយ​គ្នា​នេះ កម្ពុជាសម្រេចបានការនាំចេញ ផលិតផលជលផលទាំងស្រស់ និងកែច្នៃ​រួចជិត ៣​ពាន់តោន ក្នុងឆ្នាំ២០២២ និងបាននាំចេញផលិតផលជលផល ជាង ៣ ៥០០តោន ក្នុងឆ្នាំ​២០២៣ ទៅប្រទេសជិត​ខាង។ ទន្ទឹមនោះ កម្ពុជាក៏បាននាំចេញផលិតផលជលផល​៥០​តោន ក្នុងឆ្នាំ២០២៣ និង​៣៨​តោន កាលពីដើមឆ្នាំ២០២៤ ទៅកាន់ប្រទេសចិន ផងដែរ​៕ 
 


Tag:
 កសិកម្ម
  ត្រីឆ្ពង់
  អេដ អេ អាកស្យុង
  ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com