ជាតិ
វីដេអូ
ជើងកាមេរ៉ាបុរាណធ្វើពីឈើ ក្លាយជាវត្ថុតាំងលម្អ
× ភ្នំពេញ៖ មនុស្សម្នាកាន់តែច្រើន បានចាប់អារម្មណ៍វត្ថុប្រើប្រាស់ចាស់ៗ ហើយបានយកវត្ថុបុរាណទាំងនោះតាំងលម្អគេហដ្ឋាន ទីតាំងអាជីវកម្ម ឬបម្រើសកម្មភាពសង្គមរបស់ខ្លួន។ មជ្ឈមណ្ឌលធនធានសោតទស្សបុប្ផាណា ដែលមានសកម្មភាពក្នុងវិស័យភាពយន្ដ ក៏មានដាក់តាំងវត្ថុបុរាណទាក់ទងនឹងការថតរូប និងថតភាពយន្តដែរ។ នៅទីនេះ មានជើងម៉ាស៊ីនថតកុន ២គ្រឿង ផលិតប្រហែល ៧០ឆ្នាំមុន និងជើងម៉ាស៊ីនថតរូប ១គ្រឿង ផលិតជិត ១០០ឆ្នាំមុន។ ជើងទាំង៣នេះ ធ្វើអំពីឈើ ហើយដែកបន្តិច ជាពិសេសសម្រាប់គន្លឹះ និងវីស។ ជើងកាមេរ៉ាទាំង២ មានម៉ូលែត ធ្វើអំពីជ័រ។ នៅតែអាចប្រើវាបាន គ្រាន់តែបន្ទះភ្ជាប់ម៉ាស៊ីនថតសម័យបច្ចុប្បន្ន ប្រើស្តង់ដារខុសគ្នា។
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
ជើងដើម្បីដាក់វត្ថុពីលើ មានតាំងពីបុរាណកាលមក។ កាលពីគេបង្កើតការថតរូប ឆ្នាំ១៨២៦ ចាំបាច់មានជើងដាក់អាប៉ារៃថតរូប ពីព្រោះសម័យនោះ មានតែម៉ាស៊ីនធំ ដែលមិនអាចកាន់ថតបានទេ។ គឺត្រូវដាក់វាលើជើង ក៏ប៉ុន្តែពេលដំបូង គ្មានស្តង់ដារភ្ជាប់ទេ។ យូរៗទៅគេបង្កើតស្តង់ដារភ្ជាប់អាប៉ារៃថតរូប និងកាមេរ៉ា។ ជើងពីដើមមិនអាចផ្លាស់ប្តូរ(សេរេ)កម្ពស់បានទេ។ ពីឈើ ត្រូវមកប្រើដែកច្រើនជាង ខណៈគេប្រើជ័រ និងកៅស៊ូបន្តិចបន្តួចប៉ុណ្ណោះ។ ជើងសម័យបច្ចុប្បន្នវាស្រាល និងស្រួលប្រើជាង។
មជ្ឈមណ្ឌលធុនធានសោតទស្សបុប្ផាណា មានតួនាទីប្រមូលបន្សំទុកធនធានសោតទស្ស ពីសម័យមុន និងសម័យបច្ចុប្បន្ន ដែលទាក់ទងនឹងប្រទេសកម្ពុជា បណ្ដុះបណ្ដាលវិជ្ជាជីវៈអំពីភាពយន្ដ ផលិតរឿងកុន ហើយរៀបចំព្រឹត្តិការណ៍នានា ដូចជាតាំងពិព័រណ៍ និងផ្សាយខ្សែភាពយន្ដ។ មណ្ឌលបុប្ផាណា នៅក្នុងអគារមួយ ស្ថាបនាកាលពី៧០ឆ្នាំមុន។ វាស្ថិតនៅលេខ៦៤ វិថី ឧកញ៉ា ម៉ែន (ផ្លូវ២០០) ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទីតាំងនេះ បើកពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ និងពីម៉ោង២រសៀល ដល់ម៉ោង៦ល្ងាច។ ថ្ងៃសៅរ៍ ពីម៉ោង២រសៀល ដល់ម៉ោង៦ល្ងាច។ សាធារណជន អាចចូលទស្សនាបានដោយឥតគិតថ្លៃ៕
អត្ថបទទាក់ទង នឹងមជ្ឈមណ្ឌលធុនធានសោតទស្សបុប្ផាណា :
© រក្សាសិទ្ធិដោយ thmeythmey.com