កីឡាអន្តរជាតិ
អន្តរជាតិ
Bayer Leverkusen បញ្ចប់រដូវកាលដោយមិនស្គាល់ចាញ់ ហើយបន្តប្រមាញ់ពាន២ទៀត
×
Bayer Leverkusen ក្លាយជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រ ដែលបានឈ្នះពាន Bundesliga ដោយមិនស្គាល់ចាញ់ពេញមួយរដូវកាល។ Victor Boniface និង Robert Andrich បានស៊ុតបាល់បញ្ចូលទីម្នាក់មួយគ្រាប់ក្នុងជ័យជម្នះ ២-១ លើភ្ញៀវ Augsburg នាជំនួបបិទរដូវកាល ដែលនាំឱ្យពួកគេឈ្នះដល់ទៅ២៨ប្រកួត និងស្មើ៦ប្រកួត ដោយរកបាន៩០ពិន្ទុ។
«យើងនឹងមិនអាចបំភ្លេចបានទាល់តែសោះ»។ នេះជាការលើកឡើងរបស់លោក Xabi Alonso គ្រូបង្វឹក Bayer Leverkusen ចំពោះការសម្រេចបានជោគជ័យដ៏អស្ចារ្យរបស់ក្លិប ក្នុងក្របខណ្ឌ Budesliga ដែលចាប់កំណើតតាំងពីឆ្នាំ១៩៦៣មក។
អតីតខ្សែបម្រើ Real Madrid និង Liverpool រូបនេះ ខកចិត្តបន្តិចដែលមិនអាចនាំក្រុមទៅបំបែកកំណត់ត្រារកបានលើសពី៩១ពិន្ទុក្នុងមួយរដូវកាល ប៉ុន្តែការរក្សាបានលទ្ធផលមិនស្គាល់ចាញ់ គឺជាជោគជ័យដ៏ធំធេង មិនមែនតែនៅអាល្លឺម៉ង់ គឺនៅតំបន់អឺរ៉ុបទាំងមូល។
«ក្រុមរបស់យើងបានចារកំណត់ត្រាខ្លួនឯងក្នុងប្រវត្តិសាស្ត្រ Bundesliga។ ២០ឆ្នាំខាងមុខទៀត យើងរំលឹកត្រឡប់ក្រោយមកវិញ យើងក៏នៅតែអាចនិយាយបានថា វ៉ូវ យើងសម្រេចបានយ៉ាងអស្ចារ្យ»។ នេះជាការលើកឡើងរបស់លោក Alonso។
តាមពិតទៅ ក្នុងរដូវកាលនេះ Bayer Leverkusen មានកំណត់ត្រាមិនស្គាល់ចាញ់រហូតដល់៥១ប្រកួតក្នុងនោះ Bunseliga ៣៤ប្រកួត, Europa League ១២ប្រកួត និងពានអាល្លឺម៉ង់ DFB-Pokal ៥ប្រកួត។
លោក Alonso រំពឹងនាំក្រុមឈ្នះពាន៣ក្នុងមួយរដូវកាល ដោយក្រោយលើកពាន Bundesliga ពួកគេត្រូវបន្តប្រជែងពាន DFB-Pokal ជាមួយក្រុមពីលីគលំដាប់ទីពីរ Kaiserlautern ហើយ៣ថ្ងៃក្រោយមក ពួកគេធ្វើដំណើរទៅក្រុង Dublin ដើម្បីតទល់ជាមួយ Alalanta ពី Serie A អ៊ីតាលី សម្រាប់ពាន Europa League៕
© រក្សាសិទ្ធិដោយ thmeythmey.com