ជាតិ
«សហគមន៍កសិករសែនជ័យ»ទើបបង្កើតថ្មី រំពឹងជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនចំណូលដល់កសិករ
19, Feb 2023 , 10:19 am        
រូបភាព
ភ្នំពេញ៖ សហគមន៍កសិករសែនជ័យ ដែលត្រូវបង្កើតឡើងនៅដើមឆ្នាំ ២០២៣នេះ នឹងរួមចំណែកកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណូលដល់កសិករ។ សហគមន៍នេះ មានទីតាំងនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានផ្ទៃដី១០ហិកតា ផ្ដោតសំខាន់លើអនុវិស័យចំនួន៣ គឺ ដំណាំស្រូវ បន្លែសុវត្ថិភាព និងវារីវប្បកម្ម។

 
សហគមន៍កសិករសែនជ័យ ត្រូវបានបង្កើតដោយគិតគូរពីទីផ្សារ ទៅកាន់ការផលិតដែលលក្ខណៈស្តង់ដារត្រឹមត្រូវ តាមរយៈការជ្រោមជ្រែងពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រេសណីយ៍កម្ពុជា ព្រមទាំងស្ថានប័នឯកជនជាប់ពាក់ព័ន្ធជាច្រើនទៀត។
 
លោក យន់ សុវណ្ណារិទ្ធ ប្រធានផ្នែកគ្រប់គ្រងវារីវប្បកម្ម នៅសហគមន៍កសិករសែនជ័យ បានឱ្យដឹងថា សហគមន៍កសិករសែនជ័យ គឺជាបណ្ដុំកសិកម្មទំនើបមួយ ដែលបានរៀបចំទាំងទីផ្សារ បច្ចេកទេស និងក្រុមផលិត ច្បាស់លាស់។ ការងារនេះ ត្រូវធ្វើជាប្រព័ន្ធ ដោយផ្ដល់ទាំងជំនាញ និងធាតុចូលកសិកម្ម ដល់កសិករដែលជាអ្នកផលិត។
 
សហគមន៍កសិកម្មថ្មីថ្មោងនេះ នឹងចូលរួមចំណែកកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណូលដល់កសិករ។ ជាមួយគ្នានេះ ធាតុចូលកសិកម្មទាំងអស់ ត្រូវការជាកញ្ចប់ និងប្រើប្រាស់សេវាកម្មកសិកម្មរួមគ្នា ដោយបញ្ជាទិញតាមកិច្ចសន្យាកសិកម្មត្រឹមត្រូវ។

លោក យន់ សុវណ្ណារិទ្ធ ប្រធានផ្នែកគ្រប់គ្រងវារីវប្បកម្ម នៅសហគមន៍កសិករសែនជ័យ។ រូបថត៖ ឈន សុផាត
 
លោក យន់ សុវណ្ណារិទ្ធ ប្រាប់ដូច្នេះថា៖«កសិករ ដែលផលិតហើយ គាត់លែងភ័យខ្លាចគ្មានទីផ្សារថា មកទិញនោះទេ អត់មានខ្លាចឈ្មួញមកក្រឡុកតម្លៃនោះទេ។ អ៊ីចឹង សហគមន៍នេះ នឹងចង់ក្រងអ្នកផលិត ដែលមានកិច្ចសន្យាកសិកម្មត្រឹមត្រូវ។ សហគមន៍កសិកម្មនេះ ប្រៀបដូចជាក្រុមហ៊ុនកសិកម្មធំមួយ អ៊ីចឹង ព្រោះយើងមានក្បាលមាស៊ីនដឹកនាំត្រឹមត្រូវ ទីផ្សារច្បាស់លាស់ និងការបញ្ជាទិញធាតុចូលក្នុងតម្លៃទាប»។
 
បច្ចុប្បន្ន កម្ពុជា មានសហគមន៍កសិកម្មចំនួន ១២១៧កន្លែង រួចមកហើយ ប៉ុន្តែសហកមន៍ទាំងនោះ ហាក់មិនទទួលបានជោគជ័យប៉ុន្មានទេ ដោយសារពួកគេមានតែកម្លាំងផលិត ខណៈទីផ្សារគ្មាន។ ករណីនេះ លោក យន់ សុវណ្ណារិទ្ធ កត់សម្គាល់ថា ដើម្បីបង្កើតសហគមន៍កសិកម្មមួយដែលធានាដល់ការជោគជ័យ ត្រូវផ្ដោតលើ ៤ចំណុច រួមមាន កម្លាំងផលិត ទីផ្សារ បច្ចេកទេស និងការជ្រោមជ្រែងពីស្ថានប័នពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន។
 
លោក យន់ សុវណ្ណារិទ្ធ រំពឹងថា សហគមន៍កសិករសែនជ័យ នឹងក្លាយជាកសិដ្ឋានគំរូ និងជាមជ្ឈមណ្ឌល នៃថ្នាល់បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្ដល់ទាំង បច្ចេកទេស ពូជ និងធាតុចូលកសិកម្ម ដល់ក្រុមអ្នកផលិតទូទាំងស្រុកជើងព្រៃខេត្តកំពង់ចាម៕
 
 

Tag:
 កសិកម្ម
  សហគមន៍កសិករសែនជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com