ជាតិ
កម្ពុជា ឯកភាពបង្កើតស្តង់ដារផលិតផលសម្បុកត្រចៀកកាំ ជាមួយប្រទេស៣ទៀត សម្រាប់ទីផ្សារចិន និងអាស៊ាន ![រូបភាព៖ អាលេន លក់សំបុកត្រចៀកកាំ](https://image.thmeythmey.com/pictures/2023/03/20/20320231455a__1_.jpg)
រូបភាព៖ អាលេន លក់សំបុកត្រចៀកកាំ
×![]()
ភ្នំពេញ៖ កម្ពុជា ចិន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានឯកភាពគ្នាបង្កើតស្តង់ដារផលិតផលសម្បុកត្រចៀកកាំរួម សម្រាប់ទីផ្សារចិន និងអាស៊ាន។ ទន្ទឹមនេះ ចិន ក៏បានបង្ហាញជំហរគាំទ្រសម្បុកត្រចៀកកាំកម្ពុជា ក្នុងការនាំចូលទីផ្សាររបស់ខ្លួនផងដែរ។
សមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា នៅថ្ងៃទី១៩ ខែមីនា បានបញ្ជាក់ថា សមាគម អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុង ឈីង និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានដឹកនាំសមាជិក និងអាជីវករក្នុងវិស័យសម្បុកត្រចៀកកាំកម្ពុជា ចូលរួមកិច្ចពិភាក្សាជាមួយ គយចិន និងប្រធានសមាគមសម្បុកត្រចៀកកាំចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី។
![](https://image.thmeythmey.com/pictures/2023/03/20/20320231455a__2_.jpg)
ក្នុងកិច្ចពិភាក្សានេះ កម្ពុជា ចិន ម៉ាស៊ី និងឥណ្ឌូនេស៊ី បានឯកភាពគ្នាបង្កើតស្តង់ដារផលិតផលសម្បុកត្រចៀកកាំរួម សម្រាប់ទីផ្សារចិន និងអាស៊ាន។ ស្តង់ដាររួម ត្រូវបានពិនិត្យទៅលើកម្រិតសំណើមផលិតផល ការកំណត់លេខកូដសម្គាល់ផលិតផល ការកំណត់លេខកូដសម្គាល់ផ្ទះត្រចៀកកាំ និងវិធីសាស្ត្រក្នុងការសម្អាតមេរោគ ជាដើម។
កន្លងទៅ ផលិតផលដែលមានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ មានការលំបាកក្នុងការប្រកួតប្រជែងជាមួយផលិតដែលនាំចូលខុសច្បាប់។ ការណ៍នេះ គយចិននឹងដាក់វិធានការក្តៅបំផុតលើផលិតផលសម្បុក ត្រចៀកកាំខុសច្បាប់។ បន្ថែមលើនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសគាំទ្រផលិតផលសម្បុក ត្រចៀកកាំកម្ពុជា ក្នុងការនាំចូលទីផ្សាររបស់ខ្លួន ព្រោះថាបរិយាកាស និងបរិស្ថាននៅកម្ពុជាល្អ ធ្វើឱ្យផលិតផលសម្បុក ត្រចៀកកាំកម្ពុជាមានគុណភាពខ្ពស់។
ក្រៅពីកិច្ចពិភាក្សា សមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា ក៏ជួបជាមួយ ក្រុមហ៊ុនប្រមូលចែកចាយផលិតផលត្រចៀកកាំធំជាងគេនៅប្រទេសចិន ជាពិសេសបានចុះ MOU ជាមួយគ្នា ក្នុងការទិញលក់ ផលិតផលសម្បុកត្រចៀកកាំពីកម្ពុជា ។
ជំហានបន្ទាប់ សមាគម នឹងពិភាក្សាគ្នាបន្ថែមទៀត លើវិធីសាស្ត្រក្នុងការពន្លឿនអាជ្ញាប័ណ្ណនាំចូលប្រទេសចិន ព្រមទាំងខិតខំធ្វើយ៉ាងណាជំរុញ និងអភិវឌ្ឍវិស័យត្រចៀកកាំកម្ពុជា ឱ្យកាន់តែរីកចម្រើន ដើម្បីលើកតម្កើងកិត្តិនាមនៃផលិតផលសម្បុកត្រចៀកកាំកម្ពុជា៕
Tag:
កសិកម្ម
សម្បុកត្រចៀកកាំ
© រក្សាសិទ្ធិដោយ thmeythmey.com