ពោធិ៍សាត់៖ «រដ្ឋាភិបាលឥណ្ឌា នឹងព្រមផ្ដល់ពូជខ្លាធំដល់កម្ពុជា នៅពេលណាកម្ពុជាមានជម្រកសុវត្ថិភាព»។ នេះជាការបញ្ជាក់របស់លោក John Willis នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៦ ខែមេសា នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។
ការនាំចូលពូជសត្វខ្លាធំពីប្រទេសឥណ្ឌា ត្រូវឆ្លងកាត់លក្ខខណ្ឌស្មុគស្មាញច្រើន។ លោក John Willis បានលើកឡើងថា ឥណ្ឌា នឹងព្រមផ្ដល់ពូជសត្វខ្លាធំមកកម្ពុជា នៅពេលណាតំបន់ការពារព្រៃធម្មជាតិកម្ពុជា មានសុវត្ថិភាពគ្រប់គ្រាន់ តាមការចង់បានរបស់ពួកគេ។ ក្នុងនោះ អន្ទាក់គឺជាបញ្ហាធំមួយ ដែលនាំឱ្យដំណើរការបញ្ជូនសត្វខ្លាធំមកកម្ពុជា ជួបការលំបាក។
![](https://image.thmeythmey.com/pictures/2023/04/11/b__1_.jpg)
លោក John Willis (អង្គយកណ្ដាល ពាក់អាវពណ៌ស) នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៦ ខែមេសា នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ រូបភាព៖ លោក នេត្រ ភក្រ្តា
ចំពោះមុខ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងតំបន់ព្រៃការពារធម្មជាតិរបស់កម្ពុជា មានសុវត្ថិភាពជាមុនសិន។ ជាមួយគ្នានេះ លោក John Willis សង្ឃឹមថា យុទ្ធនាការអន្ទាក់សូន្យ នឹងក្លាយជាចលនា ដ៏សំខាន់មួយក្នុងការលុបបំបាត់អន្ទាក់ចេញពីតំបន់ការពារសត្វព្រៃ ដើម្បីឈានដល់ស្តារវត្តមានសត្វខ្លាធំនៅកម្ពុជាឡើងវិញ។
លោក ថ្លែងដូច្នេះថា៖«រដ្ឋាភិបាលឥណ្ឌា គេនឹងយល់ព្រមប្រគល់សត្វខ្លាមកកម្ពុជា នៅពេលណាដែលគេដឹងថា ប្រទេសកម្ពុជា មានសុវត្ថិភាពសម្រាប់សត្វខ្លារបស់ពួកគេ។ រឿងអន្ទាក់ហ្នឹង ក៏អាចប៉ះពាល់ដល់មុខមាត់កម្ពុជាផងដែរ មិនតែត្រឹមសម្លាប់សត្វព្រៃប៉ុណ្ណោះទេ»។
ក្រៅពីការសុំអនុញ្ញាតពីរដ្ឋាភិបាលឥណ្ឌា ការលែងសត្វខ្លាធំក្នុងព្រៃធម្មជាតិនេះ ក៏ត្រូវឆ្លងកាត់ការអនុញ្ញាតពីពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះដែរ។ ទន្ទឹមនេះ ក៏ត្រូវគិតគូរដល់របាយសត្វរំពា ដែលជាចំណីរបស់សត្វខ្លា ដូចជា សត្វឈ្លូសជាដើម។ លោក John Willis បន្ថែមដូច្នេះថា៖« មិនត្រឹមតែសុំការអនុញ្ញាតពីរដ្ឋាភិបាលប្រទេសឥណ្ឌាទេ គឺយើងត្រូវសុំការអនុញ្ញាតពីប្រជាពលរដ្ឋជុំវិញតំបន់នោះដែរ។ យើងត្រូវធ្វើឱ្យតំបន់ហ្នឹង មានសុវត្ថិភាពជាមុនសិន ហើយយើងក៏ត្រូវគិតពីរបាយនៃសត្វរំពា ដែលជាចំណីខ្លាផងដែរ»។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា កន្លងទៅ ប្រភេទសត្វខ្លាធំសម្បូរណាស់នៅព្រៃក្នុងប្រទេសកម្ពុជា ប៉ុន្តែដោយសារការបរបាញ់ទើបធ្វើឱ្យបាត់បង់។ សត្វខ្លាធំនេះ ត្រូវគេប្រទះឃើញលើកចុងក្រោយនៅឆ្នាំ ២០០៧។
![](https://image.thmeythmey.com/pictures/2023/04/11/b__2_.jpg)
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៦ ខែមេសា នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ រូបពី ហ្វេសប៊ុករបស់លោក
ការស្ដារសត្វខ្លាធំឡើងវិញ មិនងាយស្រួលនោះទេ ប៉ុន្តែក្រសួងបរិស្ថាន បានតាំងចិត្តនាំយកប្រភេទសត្វកម្រទាំងនោះឱ្យមានវត្តមានឡើងវិញ ដើម្បីជាប្រយោជន៍ជួយដល់ប្រព័ន្ធអេកូឡូស៊ីរបស់ភពផែនដី។ លោក នេត្រ ភក្រ្តា បន្តថា កម្ពុជានៅមានឱកាសក្នុងការការពារ និងអភិរក្ស។ ម្យ៉ាងទៀត ជម្រកនៃតំបន់ការពារធម្មជាតិមានលក្ខណៈល្អ ហើយសុវត្ថិភាពក៏ចាប់ផ្ដើមល្អប្រសើផងដែរ។ លោក បន្ថែមថា៖«យើងអត់ចង់ឱ្យមានតែព្រៃ ហើយអត់សត្វនោះទេ។ អ៊ីចឹង! យើងត្រូវផ្ដល់នូវការការពារ និងសុវត្ថិភាពដល់សត្វព្រៃ»។
ខ្លាធំស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធទី ១ នៃអនុសញ្ញាសាយតេស។ ខ្លាប្រភេទនេះកំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់ យកឆ្អឹង ស្បែក ដើម្បីធ្វើពាណិជ្ជកម្ម និងការយកទៅប្រើប្រាស់ធ្វើជាឱសថបុរាណ។ ខ្លាធំត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ (EN)។
បើតាមរបាយការណ៍ក្រសួងបរិស្ថាន នៅឆ្នាំ២០២២ អន្ទាក់ចំនួន ៣៤ ០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិកម្ពុជា។ ចំនួនអន្ទាក់នេះ ថយចុះជិតពាក់កណ្ដាល បើប្រៀបធៀបនឹងឆ្នាំ២០២១ ពោលគឺថយចុះ ២៧ ៦១១អន្ទាក់ ឬជាង ៤៤ ភាគរយ៕