ជាតិ
កម្ពុជា ត្រូវការពង្រឹងគុណភាពម្រេច និងភូតគាមអនាម័យ ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ
12, Apr 2023 , 9:59 pm        
រូបភាព
រូបភាព៖ Kampot Origin - ម្រេចកំពត
រូបភាព៖ Kampot Origin - ម្រេចកំពត
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម​ បានជំរុញឱ្យមានការលើកកម្ពស់គុណភាពម្រេច និងភូតគាមអនាម័យថែមទៀត ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។



កិច្ចប្រជុំផ្ទៃក្នុងលើការជំរុញការនាំចេញផលិតផលម្រេចពីកម្ពុជា នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែមេសា បានពិភាក្សាឱ្យមានការលើកកម្ពស់គុណភាពម្រេច ការស្នើសុំវិញ្ញាបនបត្រប្រភពដើមនៃទំនិញ និងការបំពញតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល។ លើសពីនេះ ត្រូវរួម​បញ្ចូលទាំងវិធានអនាម័យ និងភូតគាមអនាម័យ ដើម្បីធ្វើយ៉ាងណាជំរុញការអភិវឌ្ឍ និងនាំចេញផលិតផលម្រេចរបស់កម្ពុជា។
  

រូបភាព នៃកិច្ចប្រជុំផ្ទៃក្នុងលើការជំរុញការនាំចេញផលិតផលម្រេចពីកម្ពុជា នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែមេសា។ រូបភាព៖ ក្រសួងពាណិជ្ជកម្ម 
 
កិច្ចប្រជុំនេះ មានការចូលរួមពីលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, តំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម, អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្រ្កាបការក្លែងបន្លំ, នាយកដ្ឋានពាក់ព័ន្ធ និងមន្ត្រីជំនាញរបស់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។
 
ម្រេច ជាផលិតផលកសិ-ឧស្សាហកម្ម ដ៏សំខាន់មួយរបស់កម្ពុជា។ ដំណាំនេះ ត្រូវបានរដ្ឋាភិបាលចាត់បញ្ចូលក្នុងកន្សោមអាទិភាពនៃផលិតផលដែលមានសក្តានុពល ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្តល់ការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។
 
ឆ្នាំ២០២២ កន្លងទៅ ក្រសួងពាណិជ្ជកម្ម បានបើកកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗចំនួន៣ ចូលជាធរមាន រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ និងបច្ចុប្បន្ន ក្រសួងកំពុងដឹកនាំបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម។
 
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​រយៈពេល១១ខែ ឆ្នាំ២០២២ កម្ពុជានាំបាននាំចេញម្រេច១៨ ០០០តោន​។​ ទីផ្សារធំជាង​គេ​របស់​កម្ពុជា គឺប្រទេសវៀតណាម​ ខណៈអាល្លឺម៉ង់ឈនៅលេខ២៕ 
 

Tag:
 កសិកម្ម
  ក្រសួងពាណិជ្ជកម្ម
  ម្រេច
© រក្សាសិទ្ធិដោយ thmeythmey.com