រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ខ្លួនបានចូលរួម CPTPP ជាផ្លូវការនៅថ្ងៃទី១៦ ខែកក្កដា។ ប្រទេសនេះបានក្លាយជាសមាជិកទី១២ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនបន្ទាប់ពីការចាកចេញពីសហភាពអឺរ៉ុប (Brexit)។
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេស លោកស្រី Kemi Badenoch បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលធ្វើឲ្យអង់គ្លេសក្លាយជាសមាជិកថ្មីនៃប្លុកពាណិជ្ជកម្មនេះដែលមានទាំងអស់ ១២ប្រទេស ។
ការចូលរួមរបស់អង់គ្លេស ធ្វើឡើងនៅនូវែលសេឡង់ និងចុះហត្ថលេខាដោយរដ្ឋមន្ត្រីអង់គ្លេសជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មនូវែលសេឡង់ Damien O'Connor រដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម Nguyen Hong Dien រដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា Mary Ng រដ្ឋមន្ត្រីស្តារសេដ្ឋកិច្ចជប៉ុន Goto Shigeyuki និងរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី Tim Ayres ។
រដ្ឋមន្ត្រីពាណិជ្ជអង់គ្លេស លោកស្រី Kemi Badenoch បានវាយតម្លៃថា CPTPP នឹងក្លាយជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់អាជីវកម្មអង់គ្លេស ដែលបន្ថែមប្រាក់រាប់ពាន់លានផោនដល់សកម្មភាពពាណិជ្ជកម្ម ព្រមទាំងបើកឱកាសចូលទៅកាន់ទីផ្សារដែលមានប្រជាជនប្រមាណ ៥០០ លាននាក់។
« យើងកំពុងប្រើប្រាស់ឋានៈរបស់យើងជាប្រទេសពាណិជ្ជកម្មឯករាជ្យ ដើម្បីចូលរួមជាមួយប្លុកពាណិជ្ជកម្មដែលមានថាមពល អភិវឌ្ឍន៍ និងឆ្ពោះទៅមុខ។ វានឹងជួយជំរុញសេដ្ឋកិច្ចចក្រភពអង់គ្លេស និងបង្កើតឱកាសការងាររាប់រយពាន់កន្លែង »។ នេះជាការលើកឡើងរបស់លោកស្រី Badenoch ។
អង់គ្លេសបានសិក្សាពីលទ្ធភាពនៃការចូលរួមជាមួយ CPTPP តាំងពីដើមឆ្នាំ២០១៨ ក្នុងគោលបំណងជំរុញការនាំចេញបន្ទាប់ពី Brexit ហើយពួកគេបានដាក់ពាក្យចូលរួម CPTPP នៅឆ្នាំ ២០២១។
រដ្ឋាភិបាលអង់គ្លេសប៉ាន់ស្មានថា កិច្ចព្រមព្រៀងនេះនឹងជួយពួកគេកាត់បន្ថយពន្ធនាំចូលលើរថយន្ត ស្រា និងផលិតផលទឹកដោះគោ។ GDP របស់អង់គ្លេសនឹងកើនឡើង ១,៨ពាន់លានផោន (២,២ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ ។ ចំនួននេះអាចកើនឡើងបន្ថែមទៀតប្រសិនបើប្រទេសជាច្រើនទៀតចូលរួម។
ក្រៅពីអង់គ្លេស សមាជិកផ្សេងទៀតនៃ CPTPP រួមមាន ព្រុយណេ អូស្ត្រាលី កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប៉ាន់ប្រមាណថា ដោយមានការចូលរួមពីអង់គ្លេស ប្លុកនេះនឹងរួមចំណែក ១៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងបទប្បញ្ញត្តិដែលលុបបំបាត់ពន្ធគយក្នុងចំណោមប្រទេសជាសមាជិក ហើយកំណត់ច្បាប់លើបញ្ហាដូចជា ការវិនិយោគឆ្លងព្រំដែន ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កម្មសិទ្ធិបញ្ញា សហគ្រាសរដ្ឋ និងកម្លាំងពលកម្មជាដើម៕