ជាតិ
វាយប្រហារនៅអ៊ីស្រាអែល៖ សម្ដេច ហ៊ុន ម៉ាណែត កំពុងស្វែងរកការសង្គ្រោះនិស្សិតខ្មែរ ក្រោយមាននិស្សិតម្នាក់ស្លាប់
08, Oct 2023 , 10:19 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្ដែងការសោកស្ដាយយ៉ាងក្រៀមក្រំដល់គ្រួសារនិស្សិតខ្មែរម្នាក់ ដែលស្លាប់ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់របស់ប្រទេសប៉ាឡេស្ទីន។ បច្ចុប្បន្ន មានពលរដ្ឋខ្មែរប្រមាណ៤៥០នាក់ កំពុងរស់នៅអ៊ីស្រាអែល ខណៈរដ្ឋាភិបាលកម្ពុជាឯណោះវិញ កំពុងស្វះស្វែងក្នុងការជួយសង្រ្គោះដល់និស្សិត និងពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅតំបន់ក្រហម។

 
តាមរយៈសារសំឡេងតាមប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃទី៨ ខែតុលា សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា ពិតជាសោកស្ដាយយ៉ាងខ្លាំងចំពោះករណីនិស្សិតកម្ពុជាស្លាប់ ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់។ យ៉ាងណា តាំងពីសភាពការណ៍ផ្ទុះឡើង កាលថ្ងៃទី៧ តុលាមក រដ្ឋាភិបាលកម្ពុជា បានទំនាក់ទំនងជាមួយអាជ្ញាធរអ៊ីស្រាអែល ជាប់ជាប្រចាំ ដើម្បីធានាដល់ការជួយសង្រោះពលរដ្ឋខ្មែរ។ តាមរយៈកិច្ចសហការ អាជ្ញាធរអ៊ីស្រាអែល បានជួយសង្រ្គោះនិស្សិត៣រូប ស្ថិតក្នុងចំណោមអ្នកដែលបានស្លាប់ចេញពីតំបន់ក្រហម និងបានបញ្ជូនពួកគេទៅតំបន់សុវត្ថិភាព។ 
 
លោក ថ្លែងដូច្នេះថា៖«នេះគឺជាកិច្ចការសំខាន់ក្នុងការធានាសុវត្ថិភាពពលរដ្ឋខ្មែរនៅអ៊ីស្រាអែល។ ក្នុងន័យនេះ ក្រសួងពាក់ព័ន្ធបានធ្វើការជាប់ជាប្រចាំ ជាមួយដៃគូររបស់ខ្លួន នៅអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណា សហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីផ្ដល់ការការពារសុវត្ថិភាព និងអាយុជីវិត ពលរដ្ឋខ្មែរយើង ដែលនៅទីនោះ»។ 
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានណែនាំឱ្យនិស្សិត និងពលរដ្ឋខ្មែរ ស្ដាប់តាមការណែនាំរបស់អាជ្ញាធរអាស្រាអែល ដើម្បីធានាបានសុវត្ថិភាព ខណៈសភាពការណ៍កំពុងតានតឹង។

ជុំវិញជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅពេលនេះ សម្ដេច ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា មិនបាននៅស្ងៀមនោះទេ ដោយលោក បានអំពាវនាវឱ្យនិស្សិតកំពុងស្នាក់នៅអ៊ីស្រាអែល បង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេស ស្ដាប់ការណែនាំឱ្យរបស់អាជ្ញាធរ។ ទន្ទឹមនេះ លោក ក៏អាចសូមឱ្យអាណាព្យាបាលនៅកម្ពុជា រក្សាភាពស្ងប់ស្ងាត់ និងផ្ដល់សេចក្ដីទុកចិត្តដល់អាជ្ញាធរអ៊ីស្រាអែល ក្នុងការប្រឆាំជាមួយក្រុមហាម៉ាស់។
 
ការប្រយុទ្ធគ្នារវាងអ៊ីស្រែអែល និងហាម៉ាស់ លើកនេះធ្វើឡើងក្នុងទ្រង់ទ្រាយធំ។ នេះជាការលើកឡើងរបស់ សម្ដេច ហ៊ុន សែន ដោយបន្ថែមដូច្នេះថា៖«បើទោះបី ពេលនេះ ខ្ញុំពុំមែនជានាយករដ្ឋមន្រ្តីក៏ដោយ ប៉ុន្តែ ក្នុងឋានជាប្រធានគណបក្សកាន់អំណាច ខ្ញុំត្រូវចូលរួមជាមួយរដ្ឋាភិបាល ដើម្បីដោះស្រាយកង្វល់ទាំងឡាយរបស់និស្សិតកំពុងស្នាក់នៅអ៊ីស្រាអែល និងការព្រួយបារម្ភពីសំណាក់អាណាព្យាបាលនៅកម្ពុជា»៕

 

Tag:
 អ៊ីស្រាអែល
  ក្រុមហាម៉ាស់
© រក្សាសិទ្ធិដោយ thmeythmey.com