ជាតិ
ត្រីត្រូវលើកទី២! ត្រី«រៀល»សម្បូរ ហើយធូរថ្លៃជាងឆ្នាំមុន ![](https://image.thmeythmey.com/pictures/2024/01/18/18120241720untitled-2.jpg)
×![]()
ភ្នំពេញ៖ ត្រី«រៀល»ដែលគេនិយមយកធ្វើប្រហុកចាប់ផ្ដើមសម្បូរឡើងវិញ នៅក្នុងរដូវត្រីប្រហុកលើកទី២ ឬហៅថាខ្នើតទី២ ដែលបានចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។
លោក ស៊ឺ ម៉ៅ អ្នកគ្រប់គ្រងដាយត្រីមួយកន្លែង ក្នុងភូមិសាស្រ្ត ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានឱ្យដឹងថា នៅខ្នើតទី២នេះ ទិន្នផលត្រី«រៀល» បានកើនឡើងប្រមាណ៨០ភាគរយ ធៀបនឹងរដូវប្រមូលផលលើកទី១ ឬខ្នើតទី១ មានប្រហែល២០ភាគរយប៉ុណ្ណោះ។ លោក រីករាយចំពោះកំណើនត្រី«រៀល» ដោយសារតែឈ្មួញ ក៏ដូចជាពលរដ្ឋគ្រប់រាជធានី-ខេត្ត តែងតែស្កាត់មករកទិញត្រីប្រភេទនេះ ដើម្បីធ្វើប្រហុក។
លោក ប្រាប់ដូច្នេះថា៖« ខ្នើតមុន (ខែធ្នូ) ត្រីដែលត្រូវភាគច្រើនជាប្រភេទត្រីស្លឹកឫស្សី ប៉ុន្តែ ខ្នើតនេះ (ខែមករា) ឃើញថា ត្រីរៀល ចេញច្រើន។ តាមការវាយតម្លៃរបស់ខ្ញុំ ខ្នើតមុនត្រីរៀល ចេញប្រមាណ២០ភាគរយប៉ុណ្ណោះ តែចំពោះខ្នើតនេះវិញ វាចេញដល់៨០ភាគរយ»។
![](https://image.thmeythmey.com/pictures/2024/01/18/jpg__1_.jpg)
ក្រៅតែពីកំណើន ត្រី«រៀល» ឆ្នាំនេះក៏មានតម្លៃទាបជាងឆ្នាំ២០២២ ផងដែរ។ ជាក់ស្ដែង ត្រីដែលមិនទាន់ធ្វើ ឬមិនកាត់ក្បាល មានតម្លៃ១៥០០រៀល ក្នុងមួយគីឡូក្រាម ធៀបនឹងឆ្នាំមុនមានតម្លៃប្រមាណ ២០០០រៀលក្នុងមួយគីឡូក្រាម។ ជុំវិញការធ្លាក់ថ្លៃនេះ លោក ស៊ឺ ម៉ៅ ថា មកពីសេដ្ឋកិច្ចពលរដ្ឋធ្លាក់ចុះ ដែលធ្វើឱ្យប្រហុកលក់លែងសូវដាច់ដូចមុន។
អ្នកគ្រប់គ្រងដាយត្រីរូបនេះ បន្ថែមដូច្នេះថា៖«ឆ្នាំនេះតម្លៃត្រីថោកជាងឆ្នាំមុន ដោយសារតែសេដ្ឋកិច្ចយើងធ្លាក់ចុះទូទៅ ហើយរបស់របរនានាក៏ធ្លាក់ថ្លៃដែរ មិនមែនមានតែត្រីប្រហុកនោះទេ។ ជាក់ស្ដែង ឈ្មួញដែលយកត្រីពីខ្ញុំ ទៅធ្វើប្រហុក ហើយលក់បន្តនោះ ក៏លក់មិនសូវបានដែរ។ ដូច្នេះ ត្រីយើងនេះក៏វាត្រូវធ្លាក់ថ្លៃតាមគ្នានេះដែរ»។
![](https://image.thmeythmey.com/pictures/2024/01/18/jpg.jpg)
នៅក្នុងភូមិសាស្រ្តឃុំកោះចិន ដាយត្រីនីមួយៗអាចប្រមូលផលត្រីជាមធ្យមចន្លោះពី ៣០០ទៅ៥០០គីឡូក្រាមក្នុងមួយម៉ោង។ ដោយឡែក នៅថ្ងៃទី១៧ និង១៨មករានេះ ប្រជានេសាទខ្លះអាចលើកត្រីបានដល់១តោនក្នុងមួយម៉ោង។
គួរបញ្ជាក់ថា នៅក្នុងរដូវត្រីប្រហុកលើកទី១ ដែលគិតចាប់ពីថ្ងៃទី១៩ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ប្រជានេសាទប្រមូលផលត្រីបានប្រមាណ ១.១ម៉ឺនតោន។ បរិមាណនេះ កើនឡើងប្រមាណ១ពាន់តោន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានត្រឹមតែ១ម៉ឺនតោនប៉ុណ្ណោះ៕
Tag:
កសិកម្ម
ត្រីរៀល
ត្រីប្រហុក
© រក្សាសិទ្ធិដោយ thmeythmey.com