សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិននាំមុខគេលើពិភពលោកក្នុងការផលិតបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ
11, May 2024 , 10:39 am        
រូបភាព
ស្ថានីយថាមពលស្រូបពន្លឺព្រះអាទិត្យនៅភាគខាងកើតខេត្ត Zhejiang ។ រូបភាព ៖ Xinhua
ស្ថានីយថាមពលស្រូបពន្លឺព្រះអាទិត្យនៅភាគខាងកើតខេត្ត Zhejiang ។ រូបភាព ៖ Xinhua
ចិនមានចំណែកជាង ៨០ភាគរយនៃសមត្ថភាពផលិតបន្ទះថាមពលពន្លឺព្រះអាទិត្យ និងនាំចេញថ្មសាករថយន្តអគ្គិសនី ៧០ភាគរយនៅទូទាំងពិភពលោកនៅឆ្នាំ២០២៣។ នេះបើតាមសារព័ត៌មាន​ Euronews ។

 
នៅឆ្នាំ២០២៣ ការប្រើប្រាស់បន្ទះថាមពលស្រូបពន្លឺព្រះអាទិត្យមានចំនួន៣ ភាគ៤នៃថាមពលកកើតឡើងវិញសរុបទូទាំងពិភពលោក ដោយកំណើនភាគច្រើនមកពីអាស៊ី សហភាពអឺរ៉ុប (EU) និងអាម៉េរិក។ 
 
គិតត្រឹមឆ្នាំ២០២២ សមត្ថភាពដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យសរុបរបស់ចិនមានដល់ ៣៩៣ជីហ្កាវ៉ាត់ដែលជិត ២ដងនៃសហភាពអឺរ៉ុបចំនួន ២០៥ជីហ្កាវ៉ាត់ និង៣ដងនៃសមត្ថភាពដំឡើងសរុបរបស់អាមេរិកប្រមាណ ១១៣ជីហ្កាវ៉ាត់។
 
ចាប់តាំងពីឆ្នាំ២០១៧​  ចិនមានអត្រាកំណើនប្រចាំឆ្នាំ (CAGR) ប្រហែល ២៥ភាគរយ នៅក្នុងសមត្ថភាពដំឡើងបន្ទះសូឡា ខណៈអាម៉េរិកមាន CAGR ត្រឹម ២១ភាគរយ និង EU មានប្រមាណ ១៦ភាគរយ។
 
ទន្ទឹមនេះ ចិនកាន់កាប់ចំណែក ៨០ភាគរយនៅក្នុងវិស័យផលិតគ្រឿងបន្លាស់ថាមពលពន្លឺព្រះអាទិត្យរបស់ពិភពលោក ហើយក៏ជាអ្នកនាំចេញថ្មសាករថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកដែលស្មើនឹងប្រហែល ៧០ភាគរយនៃការនាំចេញសរុបក្នុងឆ្នាំ២០២៣។ 
 
យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ចិននឹងមានចំណែកជិត ៦០ភាគរយនៃសមត្ថភាពផលិតថាមពលកកើតឡើងវិញថ្មី ដែលរំពឹងថានឹងដាក់លក់តាមអ៊ីនធឺណិតទូទាំងពិភពលោកនៅឆ្នាំ ២០២៨។
 
ទោះបីជាមានការផ្អាកពីការឧបត្ថម្ភធនពីរដ្ឋាភិបាលនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ក៏ការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យនៅចិននៅតែបន្តការបង្កើនល្បឿន។ ប្រទេសនេះរំពឹងថា នឹងសម្រេចបាននូវគោលដៅជាតិឆ្នាំ២០៣០ សម្រាប់ការដំឡើងថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យនៅឆ្នាំ ២០២៤ ពោលគឺលឿនជាងការគ្រោងទុកចំនួន ៦ឆ្នាំ៕ 

Tag:
 ចិន
  សូឡា​
© រក្សាសិទ្ធិដោយ thmeythmey.com