កីឡាជាតិ
ជាតិ
ប្រធានសហព័ន្ធកីឡាយានយន្ត អំពាវនាវសមាជិកបន្តជួយផ្សព្វផ្សាយពីទេសចរណ៍និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក
11, May 2024 , 5:59 pm        
រូបភាព
លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានអំពាវនាវដល់សមាជិកភាពសហព័ន្ធ រួមមានទាំងកីឡាករ និងកីឡាការិនី ដែលមានជំនាញប្រកួតប្រជែងលើប្រភេទកីឡាយានយន្តទាំងម៉ូតូ និងរថយន្ត ឱ្យជួយបន្តផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា ព្រមទាំងជួយលើកកម្ពស់គោលនយោបាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវ ជាមួយនឹងរដ្ឋាភិបាលកម្ពុជា។



ការលើកឡើងរបស់ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានធ្វើឡើងកាលពីថ្ងៃទី៩ ខែឧសភា នៅក្នុងកម្មវិធីមហាសន្និបាទបិទបញ្ចប់អាណត្តិទី៣ (២០២០-២៤) និងបន្តអាណត្តិទី៤ (២០២៤-២៨) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ លោក មៀច​ សុផាន់ណា ដែលជាប្រធានសហព័ន្ធអាណត្តិចាស់ ត្រូវបានសមាជិកភាពសហព័ន្ធ គាំទ្រឱ្យបន្តដឹកនាំនៅក្នុងអាណត្តិថ្មីទី៤ បន្តទៀត។
 
នាមហាសន្និបាតនោះទៀតសោត សហព័ន្ធកីឡាយានយន្ត បានដាក់បញ្ចូលសមាជិកភាពថ្មី និងរុះរើសមាជិកភាពចាស់ដែលអសកម្មនឹងការងារមួយចំនួនចេញ ដើម្បីបន្តពង្រឹងលើសមត្ថភាពនៃការប្រកួតប្រជែង កីឡាយានយន្តរបស់កម្ពុជាឱ្យកាន់តែខ្លាំងឡើង។ 
 
ឆ្លៀតឱកាសជួបជុំជាមួយសមាជិកភាពសហព័ន្ធ កីឡាករ កីឡាការិនីកីឡាយានយន្តរបស់កម្ពុជា ប្រធានសហព័ន្ធដដែលបាន អំពាវនាវដល់កីឡាករ កីឡាការិនី ឱ្យបន្តចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ទៅកាន់បរទេស ដូចដែលក្រុមកីឡាករ កីឡាការិនីទាំងអស់នោះ ធ្លាប់បានធ្វើនាពេលកន្លងទៅ។ លោក សុផាន់ណា ថែមទាំង ក៏ស្នើឱ្យកីឡាករជំនាញទាំងអស់ បន្តជួយលើកកម្ពស់គោលនយោបាយចរាចរណ៍ផ្លូវគោក ឱ្យកាន់តែខ្លាំងបន្ថែមទៀតផងដែរ។
 
លោក សុផាន់ណា បានលើកឡើងដូច្នេះ៖«កីឡាដទៃប្រើប្រាស់សម្ភារៈមានតម្លៃទាប ប៉ុន្តែកីឡាយើងប្រើប្រាស់សម្ភារៈសុទ្ធសឹងតែមានតម្លៃថ្លៃ។ […] ពួកយើងសុទ្ធសឹងតែជាវីរៈបុរសតាមដងផ្លូវ […] យើងមានជំនាញរបស់យើងមួយៗ បច្ចេកទេស ចំណេះដឹងច្បាស់លាស់ពីការប្រើប្រាស់យានយន្ត និងសមត្ថភាពរបស់យើងនីមួយៗ យើងត្រូវតែមានមោទកភាពលើជំនាញរបស់យើង។ […] យើងត្រូវបន្តផ្សព្វផ្សាយអំពីប្រពៃណី វប្បធម៌ ទេសចរណ៍ របស់យើង ក៏ដូចជាចូលរួមផ្សព្វផ្សាយផ្សព្វផ្សាយគោលនយោបាយចរាចរណ៍មានសុវត្ថិភាពលើដងផ្លូវ របស់យើងផងដែរ។»។ 
 
ប្រធានសហព័ន្ធកីឡាយានយន្ត ក៏បានកោតសរសើរ និងអរគុណ ចំពោះសមាជិកភាព ព្រមទាំងកីឡាករ កីឡាការិនី ដែលបានជួយពាំនាំផ្សព្វផ្សាយពី ប្រពៃណី វប្បធម៍ និងទេសចរណ៍កម្ពុជាទៅកាន់កីឡាករបរទេស នាពេលកន្លងមកផងដែរ។ 
 
ជាលទ្ធផលនៃមហាសន្និបាតបញ្ចប់អាណត្តិចាស់ សមាជិកភាពថ្នាក់ដឹកនាំថ្មីដែលត្រូវបានដាក់បញ្ចូល ជាសមាជិកគណៈកម្មាធិការប្រតិតប្តិ ក្នុងអាណត្តិទី៤ មានចំនួន ២០រូប ដោយ លោក មៀច សុផាន់ណា បន្តជាប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា៕

Tag:
 យានយន្ត
  សហព័ន្ធកីឡាយានយន្តកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com