ជាតិ
ព័ត៍មានសុខភាព
សុខភាព
អស្ចារ្យ! ផ្លែឈើត្រូពិចប៉ុន្មានមុខល្អចំពោះសុខភាពជួយទប់ស្កាត់ជំងឺផ្សេងៗ
13, May 2024 , 10:59 pm        
រូបភាព
ពិតណាស់ផ្លែឈើ គឺល្អចំពោះសុខភាពដោយវាមានផ្ទុកសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទ។

 
សំខាន់ជាងនេះទៅទៀតផ្លែឈើ គឺគ្មានផ្ទុកជាតិខ្លាញ់មិនល្អនិងកូឡេស្តេរ៉ូលអាក្រក់ឡើយ។ ប៉ុន្តែបើនិយាយពីរសជាតិនិងសារធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាព គឺគ្មានផ្លែឈើអ្វីអាចយកឈ្នះលើផ្លែឈើត្រូពិចឡើយ។ ទោះជាយ៉ាងណាក៏មិនមែនមានន័យថាផ្លែឈើត្រូពិចគ្រប់មុខសុទ្ធតែមានផ្ទុកបរិមាណសារធាតុចិញ្ចឹមស្មើៗគ្នាឡើយ។ ដូច្នេះទើបថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីផ្លែឈើត្រូពិចប៉ុន្មានមុខដែលប្រសើរបំផុតចំពោះសុខភាពជួយទប់ស្កាត់ជំងឺផ្សេងៗ ៖
 
១. ផ្លែបឺរ
 
ជាផ្លែឈើត្រូពិចដែលទទួលបានការពេញនិយមបំផុតមួយនៅក្នុងពិភពលោក។ ផ្លែបឺរមានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary រួមទាំងជាតិទង់ដែង វីតាមីន K វីតាមីន C វីតាមីន D វីតាមីន B វីតាមីន E ប៉ូតាស្យូម សារធាតុ Sterols សារធាតុ Lutein និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរក្សាតុល្យភាពនៃកម្រិតកូឡេស្តេរ៉ូលធ្វើឱ្យចរន្តឈាមរត់មានលក្ខណៈកាន់តែប្រសើរឡើង ពង្រឹងប្រព័​​​ន្ធភាពស៊ាំរាងកាយ បង្កើនសុខភាពភ្នែក និងទប់ស្កាត់ជំងឺមហារីក។ វាក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពបេះដូងនិងខួរក្បាលផងដែរ។ ការទទួលទានផ្លែបឺរជាប្រចាំអាចកាត់បន្ថយហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់ទប់ស្កាត់ជំងឺគួរឱ្យព្រួយបារម្ភជាច្រើន។
 
២. ផ្លែល្ហុង
 
ផ្លែឈើត្រូពិចមួយមុខនេះជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមចាំបាច់ពិសេសវីតាមីន A វីតាមីន C និងជាតិសសៃ។ ការទទួលទានផ្លែល្ហុងជាប្រចាំថែមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកទៀតផងតាមរយៈសារធាតុ lycopene ដែលមានផ្ទុក។
 
៣. ផ្លែស្វាយ 
 
មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលល្អសម្រាប់ប្រព័ន្ធភាពស៊ាំរាងកាយទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ។ ស្វាយក៏ជាប្រភពនៃប្រូតេអ៊ីន វីតាមីន K វីតាមីន B6 វីតាមីន A ប៉ូតាស្យូម ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អសម្រាប់សុខភាពភ្នែក និងទប់ស្កាត់ជំងឺមហារីកគួរអោយកត់សម្គាល់។ ការទទួលទានផ្លែស្វាយបង្កើនការស្រូបយកជាតិដែកជួយទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម និងរក្សាអុកស៊ីសែនក្នុងឈាមបានគ្រប់គ្រាន់ដែលបង្កើនកម្រិតនៃថាមពលរាងកាយយ៉ាងប្រសើរ។ លើសពីនេះទៅទៀត អង់ស៊ីម និងជាតិសសៃធម្មជាតិដែលមានផ្ទុកក្នុងផ្លែស្វាយក៏អាចជួយបំបែកប្រូតេអ៊ីនសម្រួលដល់ដំណើរការនៃការរំលាយអាហារ ក៏ដូចជាកម្ចាត់ចោលនូវកាកសំណល់ផងដែរ។
 
៤. ផ្លែដូង
 
មានផ្ទុកសម្បូរទៅដោយអេឡិចត្រូលីត្រដូជជាសូដ្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានទឹកដូងជំនួសភេសជ្ជៈប៉ូវកម្លាំងផ្សេងៗដែលសម្បូរទៅដោយជាតិស្ករនិងកាហ្វេអ៊ីន។
 
៥. ម្នាស់
 
ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C រួមទាំងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដូចជា ម៉ង់កាណែស វីតាមីន B ជាតិសសៃ និងជាតិទង់ដែងដែលល្អសម្រាប់រក្សាសុខភាពរាងកាយរឹងមាំ។

ម្នាស់មានផ្ទុកជាតិស្ករទាបបំផុត ដូច្នេះអ្នកអាចទទួលទានវាបានគ្រប់ពេលដោយគ្មានការបារម្ភ។ ក៏ព្រោះតែបរិមាណនៃវីតាមីន C ខ្ពស់ ការទទួលទានផ្លែម្នាស់ទៀងទាត់អាចពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺផ្សេងៗជាច្រើន។ ជាតិសសៃនៃផ្លែម្នាស់ក៏មានច្រើនគ្រប់គ្រាន់ដើម្បីរក្សាសម្ពាធឈាមធម្មតា និងការរំលាយអាហារប្រក្រតីផងដែរ។ លើសពីនេះទៅទៀត សារធាតុម៉ង់កាណែសនៃផ្លែម្នាស់ គឺចាំបាច់ណាស់ក្នុងការបង្កើនពង្រឹងសុខភាពឆ្អឹង និងសុខភាពជាលិកាភ្ជាប់។ ដូច្នេះហើយទើបការទទួលទានផ្លែម្នាស់ទៀងទាត់អាចជួយឱ្យអ្នកជៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង ជាពិសេសចំពោះស្ត្រីដែលអស់រដូវ។ ការទទួលទានផ្លែម្នាស់ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានយ៉ាងប្រសើរ ជាពិសេសជំងឺមហារីកពោះវៀនធំតាមរយៈបរិមាណនៃសារធាតុ  bromelain ដែលវាមានផ្ទុក។ សារធាតុ  bromelain អាចរារាំងទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក និងថែមទាំងធ្វើឱ្យកោសិកាមហារីកងាប់ទៀតផង។
 
៦. ផ្លែគីវី

ក្រៅពីវីតាមីន C ខ្ពស់ហើយនោះ ផ្លែគីវីក៏មានផ្ទុកសម្បូរទៅដោយបវីតាមីន k, វីតាមីន E, ជាតិសសៃ និងប៉ូតាស្យូមផងដែរ។ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយសម្រួលដល់ផ្លូវដង្ហើមទប់ស្កាត់ជំងឺហឺត, ជាតិសសៃបង្កើនប្រព័ន្ធរំលាយអាហារ និងរក្សាសុខភាពបេះដូងតាមរយៈការកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល និងសម្ពាធឈាម ខណៈដែលវីតាមីន R ជួយរក្សាសុខភាពស្បែកល្អប្រសើរ។ ផ្លែគីវីក៏មានផ្ទុកសម្បូរទៅដោយសារធាតុ phytochemical lutein ដែលជួយទប់ស្កាត់បញ្ហាងងឹតភ្នែកទាក់ទងនឹងកត្តាអាយុ។ វាក៏ជួយការពារភ្នែកមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីបានយ៉ាងប្រសើរផងដែរ។
 
៧. ចេក
 
ជាផ្លែឈើត្រូពិចដែលមានផ្ទុកសម្បូរទៅដោយជាតិម៉ង់កាណែស ជាតិដែកជាតិសសៃ វីតាមីន​​​ B6 ជាតិទង់ដែង ប៉ូតាស្យូម ជាតិសសៃ និងវីតាមីន C ដែលទប់ស្កាត់បញ្ហាសុខភាពជាច្រើន រួមបញ្ចូលទាំងជំងឺលើសឈាម ជំងឺស្ទះសសៃឈាមបេះដូង ជំងឺពុកឆ្អឹង កង្វះគ្រាប់ឈាមក្រហម អាការៈទល់លាមក និងជំងឺតម្រងនោម។
 
៨. មៀន

និយាយដល់ផ្លែឈើត្រូពិចដែលល្អចំពោះសុខភាពអ្នកមិនគួររំលងផ្លែមៀនឡើយ។ ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលសំខាន់សម្រាប់សុខភាពស្បែកនិងអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com