RFI
អន្តរជាតិ
រុស្ស៊ី៖ ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត នៃក្រសួងការពារជាតិ ពីបទពុករលួយ
15, May 2024 , 7:29 pm        
រូបភាព
រុស្ស៊ី៖ ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់ នៃក្រសួងការពារជាតិ ពីបទពុករលួយ AP
រុស្ស៊ី៖ ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់ នៃក្រសួងការពារជាតិ ពីបទពុករលួយ AP
ដោយ៖កែវ ឆាយា/RFI ខេមរភាសា
 
លោក ឧត្តមសេនីយ Yuri Kouznetsov មន្ត្រីជាន់់ខ្ពស់ម្នាក់ ដែលទទួលបន្ទុកផ្នែកធនធានមនុស្ស នៃក្រសួងការពារជាតិរុស្ស៊ី ត្រូវបានចាប់ខ្លួន ពីបទប្រព្រឹត្តអំពើពុករលួយ នេះបើយោងតាមការប្រកាស ដោយគណៈកម្មាធិការជាតិ ស៊ើបអង្កេតរបស់រុស្ស៊ី ចុះថ្ងៃអង្គារ ទី ១៤ ឧសភា ឆ្នាំ ២០២៤។ ការចាប់ខ្លួននេះ ធ្វើឡើងមិនដល់មួយខែផង បន្ទាប់ពី អនុរដ្ឋមន្ត្រី នៃក្រសួងការពារជាតិរុស្ស៊ី លោក Timour Ivanov ត្រូវគេឃាត់ខ្លួន ពីបទពុករលួយ ដូចគ្នាដែរ។ អ្វីដែលកាន់តែគួរឲ្យកត់សំគាល់ ជាងនេះទៅទៀត គឺប្រធានាធិបតីរុស្ស៊ី ទើបតែប្រកាសដក រដ្ឋមន្ត្រីការពារជាតិ លោក Serguei Choigou ដែលបានកាន់តំណែងនេះ តាំងពីឆ្នាំ ២០១២ មក និង ជាបុគ្គលដ៏ជំនិតម្នាក់ របស់លោកពូទីន ផ្ទាល់។



សេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិខស៊ើបអង្កេតសំណុំរឿងធំៗក្នុងប្រទេសរុស្ស៊ី បានឲ្យដឹងថា លោក Yuri Kouznetsov ដែលមានវ័យ ៥៥ ឆ្នាំ បានជាប់សង្ស័យ ថាបានទទួលសំណូកសូកប៉ាន់ ក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។
 
ផ្អែកតាមក្រុមអ្នកអង្កេត លោក Kouznetsov បានទទួលសំណូក ពីក្រុមហ៊ុនពាណិជ្ជកម្មមួយចំនួន ក្នុងពេលដែលលោក ធ្វើជាប្រធាននាយកដ្ឋានមួយនៃ អគ្គសេនាធិការកងទ័ពរុស្ស៊ី នៅចន្លោះឆ្នាំ ២០២១ និង ២០២៣។ ក្នុងប្រតិបត្តិការចុះឆែកឆេរ លំនៅដ្ឋានរបស់គាត់ គេបានរកឃើញ ប្រាក់ចំនួនជាង ១០០ លាន រូប្ល ដែលស្មើនឹងជាង ១ លាន អឺរ៉ូ ព្រមទាំង មាស និង នាឡិកា ម៉ាកថ្លៃៗ ដែលគេបានរឹបអូស។
 
គួររំឭកឡើងវិញថា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ និង  ២០០០ ពោលគឺ ក្រោយពីសហភាពសូវៀត ដួលរំលំទៅ ស្ថាប័នកងទ័ពរុស្ស៊ី ត្រូវបានញាំញី ដោយរឿងអាស្រូវជាច្រើន ពាក់ព័ន្ធនិងអំពើពុករលួយ។ ក្នុងនោះ មានមន្ត្រីច្រើនរូប ដែលត្រូវបានគេកាត់ទោស ឲ្យជាប់ពន្ធនាគារ ច្រើនឆ្នាំ។
 
បច្ចុប្បន្ន លោក Yuri Kouznetsov កំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ន មុននឹងត្រូវកាត់ក្តី នៅចំពោះមុខតុលាការ នាពេលខាងមុខ៕

© រក្សាសិទ្ធិដោយ thmeythmey.com