ជាតិ
កម្ពុជា បានកាត់បន្ថយប្លាស្ទិកជាង៣០លានថង់ ក្នុងមួយថ្ងៃ
15, May 2024 , 5:59 pm        
រូបភាព
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
ភ្នំពេញ៖ ពលរដ្ឋ និងសិស្សានុសិស្សប្រមាណ៨លាននាក់ បានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាង៣០លានថង់ ក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នាថ្ងៃទី១៥ ខែឧសភា នៅទីស្តីការក្រសួងបរិស្ថាន។



លោក អ៊ាង សុផល្លែត ចាត់ទុកថា វាគឺជាជោគជ័យមួយដែលលើសពីការរំពឹងទុក ព្រោះថាត្រឹមតែរយៈពេល ៨ខែ និង២៣ថ្ងៃប៉ុណ្ណោះ កម្ពុជាអាចកាត់បន្ថយថង់ប្លាស្ទិក បានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ ប្លាស្ទិកទេ» ដែលបានការចូលរួមពីសំណាក់ពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ 
 
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ ប្លាស្ទិកទេ» របស់ក្រសួងបរិស្ថាននេះ បានអនុវត្តតាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣។ ក្រៅពីនោះ ក៏នៅមានយុទ្ធនាការ ដាំដើមឈើយ៉ាងតិច ១លានដើម នៅថ្ងៃទី ១០ តុលា ឆ្នាំ២០២៣, យុទ្ធនាការផ្ទៃមេឃពណ៌ខៀវ ១៥ វិច្ឆិកា ឆ្នាំ២០២៣, យុទ្ធនាការសំអាតបឹងទន្លេសាប នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីឆ្ពោះទៅយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាល ដែលមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានជាត្រីវិស័យតម្រង់ទិស៕ 
 

Tag:
 ក្រសួងបរិស្ថាន
  អ៊ាង សុផល្លែត
  ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com