ជាតិ
សង្គមជាតិ
ខេត្តប៉ៃលិន-បាត់ដំបង មានរថយន្តសាធារណៈដឹកសិស្ស-និស្សិត ដោយឥតគិតថ្លៃ
19, May 2024 , 9:00 am        
រូបភាព
រថន្តក្រុងដឹកនិស្សិតពីប៉ៃលិនទៅបាត់ដំបង។_ រូបពី មន្ទីរព័ត៌មានខេត្តប៉ៃលិន
រថន្តក្រុងដឹកនិស្សិតពីប៉ៃលិនទៅបាត់ដំបង។_ រូបពី មន្ទីរព័ត៌មានខេត្តប៉ៃលិន
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានដាក់ដំណើរការរថយន្តដឹកសិស្សនិស្សិតដោយឥតគិតថ្លៃ ដើម្បីសម្រួលដល់ការលំបាករបស់សិស្ស-និស្សិត ដែលមានជីវភាពខ្វះខាត រួមទាំងកាត់បន្ថយហានិភ័យ ដែលកើតចេញពីការធ្វើដំណើរឆ្ងាយតាមទោចក្រយាន។ សេវាសាធារណៈនេះ ត្រូវបានដាក់ឱ្យដំណើរការពីថ្ងៃទី១៧ឧសភា តទៅ ដោយមានការគាំទ្រច្រើន ពីមហាជន។


«សិស្សនិស្សិតដែលមានបំណងចង់បន្តការសិក្សានៅវិទ្យាល័យ ឬសាកលវិទ្យាល័យនានា ក្នុងខេត្តបាត់ដំបង គឺអាចជិះរថយន្តក្រុងបានដោយឥតគិតថ្លៃ »។ នេះជាការបញ្ជាក់របស់់រដ្ឋបាលខេត្តប៉ៃលិន ដោយបន្តរៀបរាប់ក្នុងសេចក្តីជូនដំណឹងថា ចំពោះការធ្វើដំណើរ គឺបែងចែកជាពីរពេល។ 
 
នៅថ្ងៃសុក្រ ទី១៧ឧសភា រថយន្តសាធារណៈបានចេញដំណើរជាផ្លូវការ ពីខេត្តប៉ៃលិន ទៅបាត់ដំបង នៅម៉ោង៦ល្ងាច។ ចំណតរថយន្ត នៅសួនច្បារកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន។ ថ្ងៃអាទិត្យ ទី១៩ឧសភា រថយន្តនឹងចេញដំណើរពីបាត់ដំបងទៅប៉ៃលិន នៅម៉ោង៦ល្ងាច ខណៈចំណតរថយន្ត ស្ថិតនៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME)។ 
 
បើតាម លោក វិត ចាន់ធឿន មន្ត្រីរដ្ឋបាលខេត្តប៉ៃលិន ការសម្រេចដាក់ដំណើរការជាផ្លូវការនូវឡានក្រុងសាធារណៈសម្រាប់សិស្សនិស្សិត គឺទទួលបានការគាំទ្រច្រើនពីសាធារណជន។ លោកបានថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នាថ្ងៃទី១៧ឧសភាថា៖  «នៅថ្ងៃនេះ មានសិស្សនិស្សិតជាង៣០រូបហើយ បានទាក់ទងមកអាជ្ញាធរខេត្ត ដើម្បីចុះឈ្មោះដំណើរ។ ពួកគេ(សិស្សនិស្សិត) រួមទាំងឱពុកម្ដាយ សប្បាយរីករាយពេលដឹងថា ធ្វើដំណើរទៅវិញទៅមកដោយឥតគិតថ្លៃ ព្រោះខេត្តប៉ៃលិនពុំទាន់មានសាកលវិទ្យាល័យ ហើយត្រូវធ្វើដំណើរឆ្ងាយ រហូតដល់បាត់ដំបងដើម្បីសិក្សា»។ 
 
មន្ត្រីរដ្ឋបាលខេត្តរូបនេះ បន្តរៀបរាប់ថា ក្រុមការងារនឹងរៀបចំឡានក្រុង ដល់សិស្សនិស្សិត ឱ្យបានគ្រប់ចំនួន។ សម្រាប់សិស្ស-និស្សិត​ និង​អាណាព្យាបាល​អាច​ទាក់ទង​​ទីចាត់ការ​រដ្ឋបាល សាលាខេត្ត​ប៉ៃលិន តាមរយៈ​លេខ​ទូរស័ព្ទ ០៨៨ ៦៧៨៩-២៩៥, ០១៦ ៤១៦ ៦៦៨, ០៩៧ ៥៧៩ ៧៨៧៨ រៀងរាល់​ម៉ោង​ធ្វើការ ដើម្បីផ្ដល់ដំណឹងពីវត្តមានក្នុងការធ្វើដំណើរ៕ 

Tag:
 សង្គម
  សេវាសាធារណៈ
  ឡានក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com