ជាតិ
វីដេអូ
ជើង​​កាមេរ៉ាបុរាណ​ធ្វើ​ពីឈើ​​ ក្លាយជាវត្ថុតាំងលម្អ
19, May 2024 , 7:00 pm        
រូបភាព
ភ្នំពេញ៖ មនុស្សម្នាកាន់តែច្រើន បានចាប់អារម្មណ៍វត្ថុប្រើប្រាស់ចាស់ៗ ហើយបានយកវត្ថុបុរាណទាំងនោះតាំងលម្អគេហដ្ឋាន ទីតាំងអាជីវកម្ម ឬបម្រើសកម្មភាពសង្គមរបស់ខ្លួន។ មជ្ឈមណ្ឌល​ធនធានសោតទស្ស​បុប្ផាណា ដែល​មាន​សកម្មភាពក្នុងវិស័យ​ភាពយន្ដ ក៏មានដាក់តាំងវត្ថុបុរាណ​ទាក់ទងនឹងការថតរូប និងថតភាពយន្តដែរ។ នៅទីនេះ មាន​ជើងម៉ាស៊ីនថតកុន ២គ្រឿង ផលិត​ប្រហែល ៧០ឆ្នាំ​មុន និងជើងម៉ាស៊ីនថតរូប ​១គ្រឿង ផលិតជិត ១០០ឆ្នាំមុន។ ជើង​ទាំង​៣នេះ ​ធ្វើ​អំពី​ឈើ ហើយ​ដែក​បន្តិច ជាពិសេសសម្រាប់​គន្លឹះ និងវីស​​។ ជើង​កាមេរ៉ា​​ទាំង​២​ មាន​ម៉ូលែត ​ធ្វើ​អំពី​ជ័រ។ នៅ​តែ​អាច​ប្រើ​វាបាន ​គ្រាន់​តែ​បន្ទះ​ភ្ជាប់​ម៉ាស៊ីន​ថតសម័យ​បច្ចុប្បន្ន ​ប្រើ​ស្តង់ដារ​ខុសគ្នា។

សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 
 
ជើង​ដើម្បី​ដាក់​វត្ថុ​ពី​លើ មាន​តាំង​ពី​បុរាណកាលមក។ កាល​ពី​គេបង្កើត​ការ​ថត​រូប ឆ្នាំ​១៨២៦ ចាំបាច់​មាន​ជើង​ដាក់អាប៉ារៃ​ថតរូប​ ពីព្រោះ​សម័យ​នោះ មាន​តែ​ម៉ាស៊ីន​​ធំ ដែល​មិន​អាច​កាន់​ថត​បាន​ទេ។ គឺ​ត្រូវ​ដាក់​វា​លើ​ជើង ក៏ប៉ុន្តែ​ពេល​ដំបូង គ្មាន​ស្តង់ដារភ្ជាប់​ទេ។ យូរៗទៅ​គេ​បង្កើត​ស្តង់ដារ​ភ្ជាប់​អាប៉ារៃ​ថតរូប និង​កាមេរ៉ា។ ជើង​ពី​ដើម​មិន​អាចផ្លាស់ប្តូរ(សេរេ)កម្ពស់​បាន​ទេ។ ពី​ឈើ ត្រូវ​មក​ប្រើ​ដែក​ច្រើន​ជាង ខណៈគេប្រើ​ជ័រ និង​កៅស៊ូបន្តិចបន្តួចប៉ុណ្ណោះ។ ​​ ជើង​សម័យ​បច្ចុប្បន្ន​វាស្រាល និង​ស្រួល​ប្រើ​ជាង។
 
មជ្ឈមណ្ឌលធុនធានសោតទស្ស​បុប្ផាណា មាន​តួនាទី​ប្រមូល​បន្សំ​ទុកធនធាន​សោតទស្ស ពី​សម័យ​មុន និងសម័យបច្ចុប្បន្ន ដែលទាក់ទង​នឹង​ប្រទេស​កម្ពុជា បណ្ដុះបណ្ដាលវិជ្ជាជីវៈ​អំពី​ភាពយន្ដ ផលិត​រឿងកុន​ ហើយ​រៀបចំ​ព្រឹត្តិការណ៍​នានា ដូចជា​តាំងពិព័រណ៍ និង​ផ្សាយ​ខ្សែ​ភាព​យន្ដ។ មណ្ឌល​បុប្ផាណា នៅ​ក្នុង​អគារ​មួយ ស្ថាបនា​កាលពី៧០ឆ្នាំ​មុន។ វា​ស្ថិត​នៅលេខ៦៤ វិថី ឧកញ៉ា ម៉ែន (ផ្លូវ២០០) ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ។ ទីតាំងនេះ បើក​ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃសុក្រ ពី​ម៉ោង​៨ព្រឹក ដល់​ម៉ោង​​១២​ថ្ងៃ​ត្រង់ និង​ពី​ម៉ោង​២រសៀល ដល់​ម៉ោង​៦​ល្ងាច។ ថ្ងៃ​សៅរ៍ ពី​ម៉ោង​២រសៀល ដល់​ម៉ោង​៦​ល្ងាច។ សាធារណជន ​អាចចូលទស្សនា​បាន​​ដោយ​ឥត​គិត​ថ្លៃ៕
 
អត្ថបទ​ទាក់ទង នឹង​​មជ្ឈមណ្ឌលធុនធានសោតទស្ស​បុប្ផាណា :

Tag:
 ជើងកាមេរ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com