RFI
អន្តរជាតិ
វៀតណាមប្តូរផ្លាស់ប្រធានាធិបតីថ្មីផង ប្រធានសភាថ្មីផង ដើម្បីកម្ចាត់អំពើពុករលួយ លោក តូ លិម ប្រធានាធិបតីវៀតណាមទើបតែងតាំងថ្មី។
×
ដោយ៖ អៀង សុខម៉ិញ/ RFI ខេមរភាសា
គណបក្សកុម្មុយនីស្តវៀតណាម បានតែងតាំងលោក តូ លិម រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ជាប្រធានាធិបតីថ្មី ជំនួសប្រធានាធិបតីចាស់ដែលបានសុំលាលែងចេញពីតំណែង កាលពីខែមីនា ដោយមានពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ។ នេះបើតាមសេចក្តីប្រកាសរបស់ប្រព័ន្ធឃោសនារដ្ឋ នៅថ្ងៃសៅរ៍ទី១៨ឧសភា ឆ្នាំ២០២៤។ ក្នុងពេលរុះរើថ្នាក់ដឹកនាំនយោបាយដ៏កំពូលនេះ វៀតណាមក៏ប្តូរផ្លាស់ប្រធានសភាជាតិ ដែរ។
គណៈកម្មាធិការមជ្ឈិមបក្ស បានសម្រេចតែងតាំង «សមមិត្ត តូ លិម សមាជិកការិយាល័យនយោបាយបក្ស និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ជាប្រធានាធិបតី »។ សភានឹងអនុម័តការតែងតាំងនេះ នៅសប្តាហ៍ក្រោយ។ នេះបើតាមខ្លឹមសារដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម។ អាយុ៦៦ឆ្នាំ ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (សន្តិសុខសាធារណៈ) តាំងពីឆ្នាំ២០១៦ និងជាឥស្សរជនដ៏មានឥទ្ធិពលបំផុតម្នាក់នៅវៀតណាម លោក តូ លិម ល្បីខាងមានជំហរនយោបាយតឹងតែងខ្លាំងប្រឆាំងនឹងចលនាការពារសិទ្ធិមនុស្សនៅក្នុងប្រទេស។
ការតែងតាំងលោក តូ លិម ជាប្រមុខរដ្ឋ ធ្វើឡើងក្រោយពីលោក វ៉ូ វ៉ាន់ធើង បានសុំលាលែងចេញពីតំណែង កាលពីខែមីនា២០២៤ បន្ទាប់ពីដឹកនាំប្រទេសបានប្រមាណតែមួយឆ្នាំ ជំនួសប្រធានាធិបតីមុន លោកង្វៀង ស៊ួនហ្វុក ដែលដកចេញពីតំណែងក្រោមពាក្យចចាមសម្អាតជនពុករលួយ។
ការខ្ទាតចេញពីអំណាចយ៉ាងទាន់ហន់របស់អតីតប្រធានាធិបតីវ៉ូ វ៉ាន់ធើង វ័យ៥៣ឆ្នាំ ដោយហេតុរំលោភវិន័យបក្ស ពាក់ព័ន្ធនឹងយុទ្ធនាការបោសសម្អាតអំពើពុករលួយ កើតឡើងក្នុងខណៈដែលប្រទេសវៀតណាមកំពុងឆ្លងកាត់ការក្រលាប់ចាក់នយោបាយយ៉ាងខ្លាំងដែលពុំជួបប្រទះពីមុនមកសោះ។ ជារបបឯកបក្ស វៀតណាមល្បីខាងមានស្ថិរភាពនយោបាយណាស់។
ប៉ុន្តែ ក្នុងរយៈពេល១៨ខែចុងក្រោយនេះ មានប្រធានាធិបតី២រូប ប្រធានសភាម្នាក់ ឧបនាយករដ្ឋមន្ត្រីម្នាក់ ព្រមទាំងរដ្ឋមន្ត្រីជាច្រើន សរុបប្រមាណ១៨នាក់ បានលាលែងពីតំណែង ឬបណ្តេញចេញពីតួនាទី ដោយគ្មានបញ្ជាក់មូលហេតុជាក់លាក់ តែក្នុងក្របខ័ណ្ឌនៃមហាប្រតិបត្តិការប្រឆាំងនឹងអំពើពុករលួយតែមួយ។
នៅវៀតណាម សិទ្ធិសម្រេចនយោបាយចម្បងៗស្ថិតនៅក្នុងកណ្តាប់ដៃការិយាល័យនយោបាយបក្សដែលមានសមាជិក១៦រូប។ តាំងពីឆ្នាំ២០២១មក ស្ថាប័ននេះបានរុះរើសមាជិកអស់១៨នាក់។ ប្រធានាធិបតី ជាតួនាទីកិត្តិយស ជាប្រមុខរដ្ឋ និងជាតំណែងសំខាន់មួយ ក្នុងនយោបាយចំណោមតួនាទីចម្បងបួន របស់ប្រទេស គឺប្រធានបក្ស នាយករដ្ឋមន្ត្រី និងប្រធានសភា។
បុរសខ្លាំងពិតរបស់វៀតណាម គឺរូបអគ្គលេខាបក្សកុម្មុយនិស្តលោក ង្វៀង ហ្វូចុង ដែលទំនងជាអ្នកចាត់ចែងមហាយុទ្ធនាការបោសសម្អាតជនពុករលួយ និងមានប្រជាប្រិយភាពបំផុតក្នុងរង្វង់ប្រជាពលរដ្ឋ។
អ្នកសង្កេតការណ៍ជាច្រើនយល់ថា លោក តូ លិម ជាផ្កាយកំពុងរះ។ តំណែងប្រធានាធិបតី ជាឈ្នាន់អាចនាំទៅរកតួនាទីកំពូលជាប្រធានបក្ស នាអនាគត ពេលថ្នាក់ដឹកនាំចាស់បញ្ចប់អាណត្តិនៅឆ្នាំ២០២៦ ឬអាចមុនផងបើលោក ង្វៀង ហ្វូចុង សុខចិត្តចូលនិវត្តន៍មុនអាណត្តិ។
ក្នុងបរិយាកាសតែមួយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ក៏បានប្រកាសនៅថ្ងៃសៅរ៍នេះដែរ តែងតាំងប្រធានរដ្ឋសភាថ្មី សមមិត្ត ចឹង ថាញ់មឹង ជំនួសប្រធានរដ្ឋសភាចាស់ដែលលាលែងពីតំណែងដែរ កាលពីខែមុន ដោយហេតុបានរំលោភនិងប្រហែសប្រហោងក្នុងយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com