កាណាដាកំពុងសិក្សាពីលទ្ធភាពនៃការបង្កើនពន្ធលើរថយន្តអគ្គិសនី ដែលផលិតនៅចិន បន្ទាប់ពីអាម៉េរិកបានដាក់ពន្ធលើសពី ១០០ភាគរយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CBC ។
រដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា លោកស្រី Mary Ng បាននិយាយថា លោកស្រីកំពុងពិចារណាលើបញ្ហានេះយ៉ាងប្រុងប្រយ័ត្ន ដោយមានការសន្ទនាបើកចំហជាមួយអាម៉េរិក។ បច្ចុប្បន្ន រថយន្តអគ្គិសនីរបស់ចិន ដែលនាំចូលប្រទេសកាណាដា ត្រូវទទួលបានអត្រាពន្ធប្រមាណតែ៦ភាគរយប៉ុណ្ណោះ។ ប្រជាជនកាណាដា ក៏រីករាយនឹងកម្មវិធីឧបត្ថម្ភធនរបស់សហព័ន្ធ នៅពេលទិញរថយន្តអគ្គិសនី ដែលផលិតពីបរទេស។
ការសម្រេចចិត្តរបស់កាណាដាកើតឡើង បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានដំឡើងពន្ធយ៉ាងខ្លាំងលើការនាំចូលទំនិញរបស់ចិនតម្លៃ ១៨ ពាន់លានដុល្លារ។ ជាពិសេស រថយន្តអគ្គិសនីផលិតនៅចិន បានបង្កើនពន្ធចំនួន៤ដង ដែលធ្វើឲ្យអត្រាពន្ធសរុប មានរហូតដល់ ១០២,៥ភាគរយ។
ថ្លែងទៅកាន់សារព័ត៌មាន CBC នៅថ្ងៃទី១៨ ខែឧសភា រដ្ឋមន្ត្រីឧស្សាហកម្មកាណាដា លោក François-Philippe Champagne បានបញ្ជាក់ថា ទីក្រុងអូតាវ៉ាកំពុងពិចារណាគ្រប់វិធានការ បន្ទាប់ពីអាម៉េរិកបានប្រកាសថា ខ្លួននឹងដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន និងទំនិញពាក់ព័ន្ធផ្សេងទៀត។ បើតាមរដ្ឋមន្ត្រីរូបនេះ លទ្ធភាពដែលកាណាដា អាចដាក់អត្រាពន្ធស្រដៀងគ្នានេះ គឺមិនអាចបដិសេធបានទេ។
«វាជាការត្រឹមត្រូវក្នុងការនិយាយថាអ្វីគ្រប់យ៉ាង ដើម្បីការពារឧស្សាហកម្មនិងកម្មករ។ យើងកំពុងធ្វើការស្របគ្នាជាមួយអាម៉េរិក។ កាណាដានឹងមិនមែនជាទ្វារក្រោយសម្រាប់ចិន ក្នុងការចូលទៅកាន់ទីផ្សាររថយន្តអគ្គិសនី នៅអាម៉េរិកខាងជើងនោះទេ»។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានសង្កត់ធ្ងន់បែបនេះ។
ស្រដៀងអាម៉េរិកដែរ រថយន្តអគ្គិសនីនៅតែមានចំណែកតូចមួយ នៃទីផ្សាររថយន្តកាណាដា។ កាលពីឆ្នាំមុន រថយន្តអគ្គិសនី និងកូនកាត់ (Hybrid) មានចំនួន ១៨៥ពាន់គ្រឿង បានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកើនឡើងជិត ៥០ភាគរយ បើធៀបនឹងឆ្នាំ២០២២ ។ ក្នុងនោះមាន ១១ភាគរយនៃចំនួនយានយន្តសរុប ដែលបានចុះបញ្ជីថ្មី។
ក្នុងចំណោមប្រទេសអាស៊ី ដែលនាំចេញរថយន្តអគ្គិសនីទៅកាណាដា គឺជប៉ុន និងកូរ៉េខាងត្បូង កំពុងនាំមុខទីផ្សារ។ ម៉ាកយីហោក្នុងស្រុករបស់ចិន មានភាពល្អប្រសើរនៅក្នុងប្រទេសម៉ិកស៊ិក ដែលជាអ្នកជិតខាងរបស់អាម៉េរិក ហើយក៏ជាទីកន្លែងដែលរថយន្តតម្លៃទាបពីក្រុមហ៊ុន BYD និងក្រុមហ៊ុន Anhui Jianghuai Automobile មានប្រជាប្រិយភាពក្នុងទសវត្សរ៍កន្លងមក។
រថយន្តអគ្គិសនីដែលផលិតនៅចិន ហើយនាំចូលទៅកាណាដា ភាគច្រើនជារថយន្តក្រុមហ៊ុនអាម៉េរិក Tesla ដែលផលិតនៅទីក្រុងសៀងហៃ មានចំនួន ៤៤ ៤០០គ្រឿងកាលពីឆ្នាំមុន។ សហគ្រាសឧស្សាហកម្មរថយន្តក្នុងស្រុក មិនសូវជាពេញចិត្តចំពោះការនាំចូលនេះទេ៕