ជាតិ
អង្គការFAO ផ្ដល់ការបណ្ដុះបណ្ដាលប្រព័ន្ធ SMART ដល់មន្រ្តីជលផលដើម្បីពង្រឹងការងារល្បាត
20, May 2024 , 6:59 pm        
រូបភាព
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប (EU) បានផ្ដល់ការបណ្ដុះបណ្ដាលដល់មន្រ្តីជលផលកម្ពុជា៥០០នាក់ លើការប្រើប្រាស់ ប្រព័ន្ធ SMART ដើម្បីពង្រឹងសមត្ថភាពការងារចុះល្បាត។ នេះបើតាម​សេចក្ដី​ប្រ កាស ព័ត៌មាន​របស់​អង្គការFAO នៅថ្ងៃទី១៧ ឧសភា។



ប្រព័ន្ធ SMARTគឺជាប្រភេទឧបករណ៍ ដែលអាចចូលប្រើបានដោយឥតគិតថ្លៃ ដែល មានសមត្ថភាពប្រមូល,វិភាគ, ផ្ទុក និងវាយតម្លៃទិន្នន័យ ស្តីពីការងារចុះល្បាត និងស្ថាន​ភាពនៃការគំរាមកំហែង ព្រមទាំងសកម្មភាពនៃការអនុវត្តច្បាប់ផ្សេងៗ ដែលពាក់ព័ន្ធ។​ 
 
បើតាម លោក សុង ហុង អនុប្រធានរដ្ឋបាលជលផលការចុះល្បាតដោយប្រើប្រាស់ប្រព័ន្ធ​SMART ក្នុងវិស័យជលផលកម្ពុជាបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០២១។ ប្រហែល៣​ឆ្នាំមកនេះ មន្រ្តីបានចុះល្បាតជាង ៤៥០០០ដង នៅលើដែននេសាទទឹកសាប និងជាង​២ ៥០០ដង នៅសមទ្រ ក្នុងមួយឆ្នាំៗ។ 
 
លោក សុង ហុង បានបន្ថែមថា គំរូទិន្នន័យប្រព័ន្ធ SMART សម្រាប់ដែននេសាទសមុទ្រនិងទឹកសាបត្រូវបានបង្កើតឡើង។ ផ្ទាំងកម្មវិធីប្រើប្រាស់ជាភាសាខ្មែរ ដែលជាកំណែចុង​ក្រោយបំផុតនៃកម្មវិធី SMART ត្រូវបានដាក់ឱ្យប្រើទាំងនៅលើកុំព្យូទ័រ និងទូរស័ព្ទដៃ ហើយក្រុមការងារស្នូលSMART របស់រដ្ឋបាលជលផលក៏ត្រូវបានបង្កើតឡើងដើម្បី​ផ្តល់​ការគាំទ្រផ្នែកបច្ចេកទេសដល់មន្ត្រីនៅតាមទីវាលគ្រប់គ្រងនិងវិភាគទិន្នន័យ និងធ្វើ​បច្ចុប្បន្នភាពទិន្នន័យផ្សេងៗ។



លោក TheodorusVisser មន្ត្រីបច្ចេកទេសផ្នែកគ្រប់គ្រងជលផលទឹកសាប និង​ព័ត៌មាន​របស់អង្គការFAOបានឱ្យដឹងថា បច្ចុប្បន្នមានជាង១០០ប្រទេស បាន​ប្រើប្រាស់ប្រព័ន្ធ SMAR
នៅតាមតំបន់អភិរក្សជាង១ពាន់កន្លែង។ ក្នុងនោះ​ រដ្ឋាភិបាលជាង២៥ប្រទេសបានទទួលយកទៅអនុវត្ត និងប្រើប្រាស់ជាស្តង់ដារសម្រាប់ការគ្រប់គ្រ​ងព័ត៌មាន និង​ទិន្នន័យ។
 
សម្រាប់កម្ពុជា SMART ត្រូវបានដាក់ឱ្យប្រើដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់នៅតាម​តំបន់​ផ្សេងៗ ដូចជាតំបន់ដីគោក ទឹកសាប និងសមុទ្រ តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ SMART ត្រូវ​បានបង្កើតឡើងក្រោមភាពជាដៃគូជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ​​ជាមួយ​នឹងទីភ្នាក់ងារអភិរក្សឈានមុខចំនួនប្រាំពីរទៀត។



កម្មវិធីនេះ គឺជាប្រភេទ​ឧបករណ៍ ដែល​អាចចូលប្រើបានដោយឥតគិតថ្លៃ ដែលមានសមត្ថភាពជួយសម្រួលដល់ការងារវាស់វែង វាយតម្លៃ និងលើកកម្ពស់ប្រសិទ្ធភាពនៃការពង្រឹងសកម្មភាពការចុះល្បាត និងការ​​អភិរក្ស។ 
 
តាមបទពិសោធន៍ដែលទទួលបានពីការអនុវត្តប្រព័ន្ធ SMART នៅកម្ពុជាវានឹងក្លាយជា​ប្រព័ន្ធកម្មវិធីគំរូ សម្រាប់យកទៅអនុវត្ត នៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍ និងទូទាំងពិភពលោក ដែលជាការរួមចំណែកដល់និរន្តរភាព​នៃការអនុវត្តច្បាប់​ស្តីពីជលផលនៅដែននេសាទទឹកសាប និងសមុទ្រ។ នេះបើតាម លោក Theodorus Visser៕ 

Tag:
 EU
  FAO
  SMART
  រដ្ឋបាលជលផល
© រក្សាសិទ្ធិដោយ thmeythmey.com