ភាពតានតឹងពាណិជ្ជកម្មរវាងចិនជាមួយអាម៉េរិក និងអឺរ៉ុប កំពុងកើនឡើងកម្តៅសារជាថ្មី ខណៈទីក្រុងប៉េកាំងបើកការស៊ើបអង្កេតប្រឆាំងការនាំចូលប្លាស្ទិកពីតំបន់សេដ្ឋកិច្ចធំទាំងពីរនេះ។
ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី១៩ ខែឧសភា បានបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើប្លាស្ទិកប្រភេទ POM ដែលនាំចូលពីសហភាពអឺរ៉ុប (EU) អាម៉េរិក ជប៉ុន និងតៃវ៉ាន់។ បើតាមក្រសួងពាណិជ្ជកម្មចិនប្លាស្ទិកប្រភេទនេះអាចជំនួសលោហៈមួយផ្នែកដូចជាទង់ដែង និងស័ង្កសី និងផ្នែកជាច្រើនក្នុងការផលិតរថយន្ត គ្រឿងអេឡិចត្រូនិច និងឧបករណ៍វេជ្ជសាស្ត្រ។
ការស៊ើបអង្កេតនេះ រំពឹងថានឹងបញ្ចប់ក្នុងរយៈពេលមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាអាចត្រូវបន្ថែមរយៈពេល ៦ខែទៀត។
គណៈកម្មការអឺរ៉ុប (EC) ដែលជាទីភ្នាក់ងារគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបបាននិយាយថា ខ្លួននឹងសិក្សាដោយប្រុងប្រយ័ត្ននូវខ្លឹមសារនៃការស៊ើបអង្កេតមុននឹងសម្រេចចិត្តលើជំហានបន្ទាប់។
អ្នកនាំពាក្យ EC បាននិយាយថា ៖« យើងរំពឹងថាចិននឹងគោរពតាមបទប្បញ្ញត្តិ និងកាតព្វកិច្ចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ចំណាត់ការរបស់ចិនកើតឡើងក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្មជាថ្មីជាមួយអាម៉េរិក និងអឺរ៉ុប។ កាលពីថ្ងៃទី១៤ ខែឧសភា អាម៉េរិកបានប្រកាសដំឡើងពន្ធយ៉ាងខ្លាំងលើយានយន្តអគ្គិសនី បន្ទះឈីបកុំព្យូទ័រ ឧបករណ៍វេជ្ជសាស្ត្រ និងទំនិញផ្សេងទៀតមកពីចិន។ ក្នុងនោះ ពន្ធលើយានយន្តអគ្គិសនីបានកើនឡើង៤ដង គឺដល់ជាង១០០ភាគរយ ។
៣ថ្ងៃក្រោយមក សហភាពអឺរ៉ុបបានប្រកាសពីការស៊ើបអង្កេតលើបន្ទះដែកសំណប៉ាហាំងរបស់ចិន ដែលជាផលិតផលទីពីរត្រូវបានស៊ើបអង្កេតសម្រាប់ការលក់បង្ខូចថ្លៃ បន្ទាប់ពីរថយន្តអគ្គិសនីនៅក្នុងខែកញ្ញា ឆ្នាំ២០២៣។
ថ្មីៗនេះ អាម៉េរិក និងអឺរ៉ុបមានការព្រួយបារម្ភអំពីទំនិញចិនច្រើនដ៏ច្រើនលើសលប់កំពុងចរាចរពាសពេញពិភពលោក ។ ពួកគេយល់ថា ទីក្រុងប៉េកាំងអាចនាំចេញទំនិញទៅកាន់ពិភពលោកក្នុងតម្លៃថោក ដោយហេតុនេះនឹងគំរាមកំហែងដល់អាជីវកម្មនៅក្នុងសេដ្ឋកិច្ចផ្សេងទៀត។
ទីក្រុងប៉េកាំងបដិសេធរឿងនេះ។ មន្ត្រីនៅក្នុងប្រទេសនេះអះអាងថា ការរិះគន់ទាំងនេះមើលស្រាលការច្នៃប្រឌិតរបស់សហគ្រាសចិននៅក្នុងឧស្សាហកម្មសំខាន់ៗ ក៏ដូចជាការបំផ្លើសជុំវិញសារៈសំខាន់នៃការគាំទ្រពីរដ្ឋាភិបាល៕