ជាតិ
មនុស្ស២៣នាក់ស្លាប់ ដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ ​ពីថ្ងៃទី១-១៥ ឧសភា
22, May 2024 , 9:29 pm        
រូបភាព
ខ្យល់កន្រ្តាក់ធ្វើឱ្យរលំផ្ទះពលរដ្ឋភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ រូបភាព៖ ក្រសួងធនធានទឹក
ខ្យល់កន្រ្តាក់ធ្វើឱ្យរលំផ្ទះពលរដ្ឋភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ រូបភាព៖ ក្រសួងធនធានទឹក
មនុស្សចំនួន ២៣នាក់ បានស្លាប់ និង​២៧នាក់រងរបួស ដោយ​សារ​រន្ទះបាញ់ និង​ខ្យល់​កន្ត្រាក់ ដែលបានកើតឡើង ចាប់ពីថ្ងៃទី ១ដល់ ១៥ ខែឧសភា ឆ្នាំ២០២៤​។ នេះ​បើយោងតាម​របាយ​ការណ៍របស់គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ(NCDM)។

 
​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បានព្រមានថា ឆ្នាំនេះបាតុភូតផ្គរន្ទះ និង​ខ្យល់កន្ត្រាក់កើតមានច្រើនជាងធម្មតា។ គ្រាន់តែរយៈពេល១៥ថ្ងៃដំបូង នៃខែឧសភានេះ ខ្យល់​កន្ត្រាក់ បានកើតឡើងនៅតាមរាជធានី-ខេត្តចំនួន២២ លើកលែងតេខេត្តកំពង់ចាម ព្រះសីហនុ និងខេត្តកណ្តាលប៉ុណ្ណោះ។
 
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​គ្រោះធម្មជាតិ​នេះ បានបង្កឱ្យផ្ទះ១៧២ខ្នងរលំ និងខូចខាត​ធ្ងន់ធ្ងរ, និងផ្ទះចំនួន ១៧២ខ្នងទៀត របើក​ដំបូល និងខូចខាតមធ្យម។ ក្រៅពីផ្ទះសម្បែងរបស់ពលរដ្ឋ ខ្យល់កន្ត្រាក់ ក៏បានបង្កការ​ខូចខាត​ដល់សាលារៀនចំនួន ១២អគារ, សាលាឃុំ សាលាឆាន់ និង​ការិយាល័យស្រុក ៣កន្លែង ​ដួលរលំគ្រោងអគាររោងចក្រ២ខ្នង និង ដើមស្វាយចន្ទី​ ៧,៦ហិកតារង​ការខូច​ខាត។
 
ចំណែកគ្រោះធម្មជាតិរន្ទះបាញ់ បានកើតឡើង៤០លើក នៅតាមបណ្តាខេត្តចំនួន១៥។ ​​ក្រៅពីបង្កឱ្យមានមនុស្សស្លាប់ និងរបួស គ្រោះធម្មជាតិ បានសម្លាប់គោក្របី ១១ក្បាល និងធ្វើឱ្យផ្ទះ១០ខ្នងរងការខូចខាត។
សូមជម្រាបថា នៅឆ្នាំ២០២៣ គ្រោះមហន្តរាយធម្មជាតិ បានសម្លាប់មនុស្ស១០៣នាក់ និង​របួស២៤៣នាក់។ ក្នុងនោះករណីរន្ទះបាញ់បានសម្លាប់មនុស្ស៨៤នាក់, ខ្យល់កន្រ្តាក់៩នាក់ និង​ទឹកជំនន់១០នាក់៕
 

Tag:
 គ​គ្រោះ​មហន្តរាយ
  រន្ទះបាញ់
  ខ្យល់កន្ត្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com