ជាតិ
សម្តេច ហេង សំរិន ប្រារព្ធ​ខួបកំណើត​ឈានចូលអាយុ​៩១ឆ្នាំ
25, May 2024 , 7:59 am        
រូបភាព
សម្តេច ហេង សំរិន ប្រធាន​កិត្តិយសនៃឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និងជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធខួបកំណើតគម្រប់៩០ឆ្នាំ ឈានចូល៩១ឆ្នាំ នាថ្ងៃទី២៥ ខែឧសភា នេះ។

សម្តេច ហេង សំរិន កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៣៤ នៅនៅក្នុងភូមិអន្លង់ក្រេះ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម។ សម្តេចមានភរិយាឈ្មោះ សៅ ទី និងមានកូន៤នាក់។
 
យោងតាមឯកសារស្រាវជ្រាវរបស់ លោក គាំម កុសល និងសាស្ត្រចារ្យ ដៀប សុផល ឥស្សរជនកំពូលរូបនេះ បានសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ខេត្តកំពង់ចាមនាអំឡុងឆ្នាំ១៩៥៤ និងធ្លាប់រៀនវគ្គនយោបាយជាន់ខ្ពស់នៅប្រទេសវៀតណាម។
 
អត្ថបទទាក់ទង
 
 


នៅឆ្នាំ១៩៦៩ សម្តេច ហេង សំរិន មានតួនាទីជាប្រធានកងអនុសេនាតូច ចលនាប្រដាប់អាវុធ (ផ្នែក៦) តំបន់២០ ភូមិភាគ បូព៌ា (២០៣) ហើយជាបន្តបន្ទាប់សម្តេចបានក្លាយជាប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងជាប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ក្នុងឆ្នាំ១៩៧៩ ។
 
នៅឆ្នាំ១៩៨១ សម្តេចជាអគ្គលេខាធិការមជ្ឈិមបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា (ក្រោយមកជារដ្ឋកម្ពុជា) ហើយចាប់ពីឆ្នាំ១៩៩១ សម្តេចជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។
 


ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន សម្តេចក្លាយជាអ្នកតំណាងរាស្ត្រ។ សម្តេច​កាន់កាប់តំណែងជាប្រធានរដ្ឋសភាជាតិចាប់តាំងពីឆ្នាំ២០០៦ ដល់​ឆ្នាំ​២០២៣​។ សម្តេចបានទទួលគោរម្យងារជា «សម្ដេចអគ្គមហាពញាចក្រី» ពីព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីខែតុលា ឆ្នាំ២០០៧។
 


នា​ថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២៣ សម្តេចត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ​ត្រាស់​បង្គាប់តែងតាំងជា ប្រធាន​កិត្តិយសនៃឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែលមាន​ឋានៈស្មើនាយករដ្ឋមន្ត្រី រីឯតំណែង​ប្រធាន​រដ្ឋសភា​នីតិកាលទី​៧ ដឹកនាំដោយ​សម្តេច ឃួន សុដារី។
 


នាឱកាស​នៃពិធី​ប្រារព្ធខួបកំណើតនេះដែរ សម្តេច ហេង សំរិន ទទួល​បាន​សារជូនពរ​ជា​បន្តបន្ទាប់ ក្នុងនោះ មាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​បានចាត់ទុក​សម្តេច ហេង សំរិន ជាឥស្សរជន​នយោបាយ​ប្រកប​ដោយ​លក្ខណ​សម្បត្តិ​ល្អ​ឆ្នើម៕
 

Tag:
 សម្តេច ហេង សំរិន​
© រក្សាសិទ្ធិដោយ thmeythmey.com