ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោកផ្តល់កម្ចី៤០លានដុល្លារដល់កម្ពុជា ដើម្បីលម្អ​ការ​បណ្តុះបណ្តាលជំនាញពលរដ្ឋ​
24, May 2024 , 6:59 pm        
រូបភាព
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា។ រូបថត៖ ទំព័រហ្វេសប៊ុកធនាគារពិភពលោកប្រចាំកម្ពុជា​
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា។ រូបថត៖ ទំព័រហ្វេសប៊ុកធនាគារពិភពលោកប្រចាំកម្ពុជា​
ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកបាន​អនុម័តឥណទានតម្លៃ ៤០លានដុល្លារ លើគម្រោង​បង្កើនជំនាញដល់ពលរដ្ឋកម្ពុជា ដើម្បីរកការងារបានកាន់តែល្អ។ គម្រោងនេះមានរយៈពេល៥ឆ្នាំ ​ នឹងផ្តល់​អត្ថ​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរប្រមាណ៣៣០០០នាក់ តាមរយៈ​ការកែលម្អ​ការ​បណ្តុះបណ្តាលជំនាញ​ និងសេវាកម្មទីផ្សារការងារ​។

 
សេចក្ដីប្រកាសព័ត៌មានធនាគារពិភពលោក((World Bank)នាថ្ងៃទី២៤ឧសភា បានបញ្ជាក់ថា កម្ចី៤០លានដុល្លារដែលកម្ពុជា​នឹងទទួលបាននេះ គឺត្រូវប្រើប្រាស់សម្រាប់​លើកកម្ពស់គុណភាព និងជំនាញ​ពាក់​ព័ន្ធ​ការងារ​នៅ​ក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេស។ លើសពីនេះ កម្ចីនេះនឹងជួយ​បង្កើនលក្ខណៈសម្បត្តិ​ទទួល​បាន​ការងារ និងរកប្រាក់ចំណូលបាន​របស់កម្មករ។ 
 
« កម្ចី​នេះ ​​នឹងជួយ​ទ្រទ្រង់​ដល់គម្រោង ជំនាញសម្រាប់ទទួល​បាន​ការងារកាន់តែប្រសើរ​ (Skills for Better Jobs) ដែលពង្រឹងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, កែលម្អការណែនាំអំពីអាជីព និងការជួយរកការងារធ្វើ, និងធ្វើ​ការ​​ពាក់​ព័ន្ធ​ជាមួយនិយោជក ឲ្យ​បាន​កាន់តែប្រសើរនៅក្នុង​ការ​រៀបចំបង្កើតកម្មវិធីបណ្តុះបណ្តាល»។ នេះបើតាមធនាគារពិភពលោក។​
 
សេដ្ឋកិច្ច និងការងាររបស់កម្ពុជាមាន​ការ​រីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ​នេះ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហពាណិជ្ជកម្ម រួមទាំងភាពអនុគ្រោះសម្រាប់​ចូល​ទីផ្សារលោកខាងលិចបានជួយកម្ពុជាក្នុង​ការ​ទាក់ទាញការវិនិយោគផ្ទាល់​ពីក្រៅ។ ទោះជាយ៉ាងណាក៏ដោយ គុណភាពនៃការងារនៅ​តែមានកម្រិតទាប ក្នុង​នោះ ៩៨ភាគរយ​នៃការងារនៅក្នុងប្រទេសសុទ្ធ​តែ​ជា​ការងារ​មានជំនាញទាប ហើយក្នុងនោះ​ទៀត ​មួយ​ផ្នែក​ធំ គឺជា​ការ​ងារ​ក្រៅ​ប្រព័ន្ធផ្លូវការ។



គម្រោង «ជំនាញសម្រាប់ទទួល​បាន​ការងារកាន់តែប្រសើរ»​នេះ​ ត្រូវ​បាន​រៀបចំឡើងដើម្បីជួយកម្ពុជា ធ្វើពិពិធកម្មសេដ្ឋកិច្ច​របស់​ខ្លួន​នៅ​តាម​វិស័យ​នានា ដែលទាមទារឲ្យមានជំនាញកម្រិត​មធ្យមថែម​ទៀត។ គម្រោង​នេះ ​នឹងអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ។
 
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងថា​៖ «នៅពេល​កម្ពុជាខិតខំ​បោះជំហានឈានឡើង​​នៅ​ក្នុង​​ខ្សែច្រវាក់តម្លៃ និងធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ការបង្កើនជំនាញកម្លាំងពលកម្មបច្ចុប្បន្ន និងនាពេលខាងមុខនឹងក្លាយជាកិច្ច​ការ​គន្លឹះមួយ សម្រាប់​ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន និងកាន់តែប្រសើរឡើង និងឆ្លើយតបបាន​កាន់​តែល្អ​ទៅនឹងតម្រូវការរបស់និយោជក»។ បើតាមអ្នកជំនាញរូបនេះ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស នឹងឆ្លើយតបបាន​ទៅ​នឹងតម្រូវការ បន្ថែមដោយការបណ្តុះបណ្តាលជំនាញ ដូចជា ជំនាញឌីជីថល និងជំនាញឥរិយាបថ ជាដើម អាចជួយកម្ពុជាឈានទៅ​សម្រេចគោលបំណងរបស់ខ្លួនបាន។
 
ធនាគារពិភពលោក​បានរំពឹងថាគម្រោងខាងលើនេះ នឹងធ្វើឱ្យនិយោជកពេញចិត្ត​ជាងមុន​ជាមួយនឹងជំនាញរបស់និយោជិក​ដែល​បាន​បញ្ចប់ការបណ្តុះ​បណ្តាល​, ការកើនឡើងនូវ​អ្នក​បញ្ចប់ការសិក្សាដែលរក​ការងារបាន​ប្រាក់ឈ្នួលក្នុង​កម្រិត​​ខ្ពស់​ជាងប្រាក់ឈ្នួលមធ្យមជាតិ។ គម្រោងនេះ ក៏នឹងលើកកម្ពស់មតិយោបល់​របស់ឧស្សាហកម្មនានា​នៅ​ក្នុងការរចនា ការផ្តល់ការបណ្តុះបណ្តាល ការសម្របសម្រួលកិច្ចសន្ទនា ការសហការរវាងស្ថាប័នបណ្តុះបណ្តាល និងនិយោជក​ ជាពិសេស​ គឺលើកកម្ពស់ប្រព័ន្ធព័ត៌មានទីផ្សារការងារ និងបង្កើនចំនួនបុគ្គលដែលទទួលបានការប្រឹក្សាការងារ និងការណែនាំអំពីការងារ៕

Tag:
 ធនាគារពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com