សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការប្រគុំតន្រ្តី Taylor Swift ជំរុញកំណើនសេដ្ឋកិច្ចសិង្ហបុរីដល់ ២,៧ភាគរយ
24, May 2024 , 7:29 pm        
រូបភាព
រូបភាព ៖ Nikkei
រូបភាព ៖ Nikkei
សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើង ២,៧ភាគរយនៅក្នុងត្រីមាសទី១ ដោយសារផ្នែកមួយនៃដំណើរកម្សាន្តរបស់តារា Taylor Swift និងសិល្បករដទៃទៀត ខណៈវិស័យផលិតកម្មបានធ្លាក់ចុះ។

 
នេះ​​ជា​កំណើនលឿន​បំផុត​សម្រាប់សិង្ហបុរីក្នុង​រយៈ​ពេល ១៨ ខែ​កន្លង​មក ហើយ​ខ្ពស់​ជាង​ការ​ព្យាករកំណើន ២,៥ភាគរយដែលជា​ការ​ស្ទង់​មតិ​របស់ Reuters ។
 
ក្នុងរយៈពេល៣ខែឆ្នាំនេះ វិស័យផលិតកម្មរបស់សិង្ហបុរីបានធ្លាក់ចុះ ១,៨៥ភាគរយបើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ភាគច្រើនដោយសារតែតម្រូវការធ្លាក់ចុះសម្រាប់រថយន្ត និងបន្ទះឈីប។ ផ្ទុយទៅវិញ វិស័យសេវាកម្មបានកើនឡើង ៣,៩ភាគរយលឿនជាងអត្រា ២ភាគរយនៃត្រីមាសមុន។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី (MTI)។
 
លោក Gabriel Lim លេខាធិការអចិន្ត្រៃយ៍ MTI បានបញ្ជាក់ថា ការស្ទុះងើបឡើងវិញខ្លាំងជាងការរំពឹងទុកនៅក្នុងតម្រូវការសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស និងទេសចរណ៍បានបន្តជំរុញកំណើនក្នុងវិស័យអ្នកប្រើប្រាស់ដែលពាក់ព័ន្ធ។
 
លោក​បាន​បន្ត​ថា​៖ «​ការ​ទូទាត់ និង​ប្រតិបត្តិការ​ធានា​រ៉ាប់រង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​កាន់តែ​ខ្ពស់​»​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia ។ 
 
បើតាមក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី បុរីរដ្ឋមួយនេះបានស្វាគមន៍ភ្ញៀវទេសចរចំនួន ៤,៣៥លាននាក់សម្រាប់ ៣ខែឆ្នាំនេះ ដែលកើនឡើងប្រហែល ៥០ភាគរយក្នុងរយៈពេលដូចគ្នាឆ្នាំមុន។ វិស័យនេះមានភាពរស់រវើកដោយសារព្រឹត្តិការណ៍តន្ត្រីដោយមានវត្តមានសិល្បករអន្តរជាតិល្បីៗដូចជា Taylor Swift, Coldplay ឬ Ed Sheeran ជាដើម ។
 
សិង្ហបុរី ជាទីតាំងតែមួយគត់នៅអាស៊ីអាគ្នេយ៍សម្រាប់ការប្រគុំតន្រ្តីរបស់តារាប៉ុបអាម៉េរិក Taylor Swift កាលពីខែមីនា។ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ប៉ាន់ប្រមាណថា ជាងពាក់កណ្តាលនៃទស្សនិកជនដែលចូលរួមទស្សនាកម្មវិធីរបស់ Taylor Swifr និង Coldplay មកពីក្រៅប្រទេស។
 
MAS បានដកស្រង់ការប៉ាន់ប្រមាណរបស់អ្នកជំនាញថា ប្រាក់ចំណូលពីវិស័យទេសចរណ៍ពីកម្មវិធីទាំងនេះមានចន្លោះពី ២៦០ ទៅ ៣៣០ លានដុល្លារ។ យោងតាមវេបសាយទេសចរណ៍អនឡាញ Klook នៅពេលដែលអ្នកទេសចរទៅដល់សិង្ហបុរីដើម្បីចូលរួមការប្រគុំតន្ត្រី ពួកគេចំណាយលើសេវាកម្មផ្សេងទៀតជាមួយនឹងចំនួនទឹកប្រាក់ ៤ទៅ៥ដងនៃតម្លៃសំបុត្រទៅទស្សនា។
 
ក្នុងអំឡុងពេលការសម្តែងរបស់ Taylor Swift នៅលើប្រទេសនេះ ការចំណាយរបស់អតិថិជនបានកើនឡើង៥០ភាគរយ។ មនុស្សជាង ៦០០ពាន់នាក់បានតម្រង់ជួរលើអ៊ីនធឺណិត ដើម្បីរង់ចាំទិញសំបុត្រ ដើម្បីទស្សនាការបង្ហាញរបស់សិល្បករដ៏ល្បីរូបនេះ រួមទាំងកន្លែងស្នាក់នៅ ការដើរកម្សាន្ត និងម្ហូបអាហារជាដើម​។
 
ថ្មីៗនេះ អាជ្ញាធរទេសចរណ៍សិង្ហបុរីបានបង្កើនការព្យាករថា នៅឆ្នាំនេះនឹងទទួលភ្ញៀវអន្តរជាតិពី ១៥-១៦,៥លាននាក់ ជាមួយនឹងប្រាក់ចំណូលពី ២០,៤-២១,៥ពាន់លានដុល្លារ។
 
លើសពីនេះ MTI រំពឹងថា កំណើនផលិតសរុបក្នុងស្រុកឆ្នាំ២០២៤ ស្ថិតនៅចន្លោះ ១-៣ភាគរយ ដោយសារការរំពឹងនៃការនាំចេញគ្រឿងអេឡិចត្រូនិចនឹងងើបឡើងវិញនៅក្នុងឆមាសទី២នៃឆ្នាំនេះ៕ 

Tag:
 សិង្ហបុរី
  សេដ្ឋកិច្ច
  Taylor Swift
© រក្សាសិទ្ធិដោយ thmeythmey.com