ជាតិ
ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ជាសមិទ្ធផលចម្បងមួយ ដែលក្រសួងមុខងារសាធារណៈសម្រេចបាន
24, May 2024 , 7:59 pm        
រូបភាព
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។
ភ្នំពេញ៖ ការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីរាជការស៊ីវិល ជាសមិទ្ធផលចម្បងមួយ ដែលក្រសួងមុខងារសាធារណៈសម្រេចបានក្នុងរយៈពេល ៩ខែ ដែលរដ្ឋាភិបាលថ្មីចាប់ផ្ដើម។ លោក ហ៊ុន ម៉ានី បញ្ជាក់ថា ក្នុងអាណត្តិមុនៗ ការរៀបចំប្រឡងជ្រើសរើសមន្រ្តីស៊ីវិល គឺអនុញ្ញាតឱ្យក្រសួងសាម៉ីរៀបចំរៀងៗខ្លួន ប៉ុន្តែបច្ចុប្បន្ន គឺរៀបចំដោយក្រសួងមុខងារសាធារណៈ។



នារសៀលថ្ងៃទី២៣ ខែឧសភា ក្រសួងមុខងារសាធារណៈ បានរៀបចំសន្និសីទ សារព័ត៌មាន ស្តីពី«វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួង ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ដែលមានចូលរួមពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល។ 
 
ក្នុងរយៈពេល១ ម៉ោងនិង៤៥នាទី លោក ហ៊ុន ម៉ានី បានអធិប្បាយ និងឆ្លើយសំណួរអ្នកសារព័ត៌មាន ពីការងាររបស់ក្រសួងមុខងារសាធារណៈនាពេលកន្លងទៅ។ ក្នុងសន្និសីទសារព័ត៌មាននេះ លោក ហ៊ុន ម៉ានី បានលើកឡើងពីការងារស្នូលរបស់ក្រសួង, ការងារជាគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ និងការងារជាលេខាធិការដ្ឋាននៃគណៈកម្មការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

រូបភាព​ពី​ក្រសួង​មុខងារសាធារណៈ

ចំពោះការងារស្នូលរបស់ក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា តាំងពីដើមអាណត្តិមក គឺបានរៀបចំការកែសម្រួលរចនាសម្ព័ន្ធក្រសួង ដោយបង្រួមមិនឱ្យជាន់តួនាទីភារកិច្ច ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តតួនាទីភារកិច្ច ជាពិសេសកែសម្រួលនិយាម នៃការផ្ដល់សេវារបស់ក្រសួងមុខងារសាធារណៈផងដែរ។ 
 
បើតាមរដ្ឋមន្រ្តីរូបនេះ នាពេលកន្លងទៅ ក្រសួងបានធ្វើបច្ចុប្បន្នភាពទីប្រឹក្សា និងជំនួយការ របស់ក្រសួង ស្ថាប័ន ដើម្បីរៀបចំការតែងតាំងឡើងវិញ។ លោក ហ៊ុន ម៉ានី បន្ថែមថាក្នុងរយៈពេល៩ខែនេះ ក្រសួងមុខងារសាធារណៈ បន្តអនុវត្តការងារស្នូលរបស់ខ្លួនប្រកប ដោយប្រសិទ្ធភាព និងភាពរលូន ដែលធានាបាននូវការបើកបៀវត្សមន្រ្តីរាជការស៊ីវិលជាទៀងទាត់។ 
 
ដោយឡែក ក្នុងក្របខណ្ឌគណៈកម្មការកែទម្រង់សាធារណៈវិញ ក្រសួងកំពុងរៀបចំសេចក្ដីព្រាងកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ឆ្នាំ២០២៤-២០៣៥ និងជំរុញក្រសួងស្ថាប័ន ឱ្យរៀបចំការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដែលជាវិធានការគន្លឹះទី២ របស់រាជ រដ្ឋាភិបាលកម្ពុជា។ ត្រង់ចំណុចនេះ លោក ហ៊ុន ម៉ានី សង្ងត់ធ្ងន់ថា ការវិភាគមុខងារ និងរចនាសម្ព័ន្ធច្បាស់លាស់របស់ក្រសួងស្ថាប័ន នឹងអនុញ្ញាតឱ្យក្រសួងស្ថាប័ន អាចបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ តាមរយៈការប្រើប្រាស់ធនធានថវិកា និងធនធានមនុស្សកាន់តែមានប្រសិទ្ធភាព ចំគោលដៅ ចំទីកន្លែងស្របតាមតួនាទីភារកិច្ចរបស់ក្រសួងស្ថាប័ននីមួយៗ។ 

រូបភាព​ពី​ក្រសួង​មុខងារសាធារណៈ

«ភាពជោគជ័យ នៃការវិភាគមុខងាររបស់ក្រសួងស្ថាប័ន នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ ក្នុងការពង្រឹងភាពធន់ និងច្បាស់លាស់ ក្នុងការបំពេញតួនាទី ភារកិច្ច របស់ក្រសួងស្ថាប័ន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ឱ្យបានជោគជ័យ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥»។ នេះជាការបញ្ជាក់បន្ថែម របស់លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី។ 
 
លោក ហ៊ុន ម៉ានី មិនភ្លេចរំឭកពីគោលដៅរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលផ្ដោតលើការរៀបចំផ្ទះរបស់ខ្លួន និងតម្រូវឱ្យក្រសួងនីមួយៗ ត្រូវគិតគូរលើការពង្រឹង ជាជាងពង្រីករចនាសម្ព័ន្ធរបស់ខ្លួន។ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បន្តថា ក្នុងការងារជាលេខាធិការដ្ឋាន នៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ វិញ គឺត្រូវអនុវត្តការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីរាជការស៊ីវិល ការពង្រឹងសមត្ថភាព និងសម្មតិកម្មស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្តផ្អែកទៅលើសម្មតិកម្ម។ 

រូបភាព​ពី​ក្រសួង​មុខងារសាធារណៈ

ក្នុងសន្និសីទសារព័ត៌មានខាងលើ លោក ហ៊ុន ម៉ានី ហាក់ចង់បង្ហាញការចាប់អារម្មណ៍ លើការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីរាជការស៊ីវិល ក្នុងអាណត្តិទី៧នេះ។ លោក ហ៊ុន ម៉ានី រៀបរាប់ពីការរៀបចំការប្រឡងជ្រើសរើសមន្រ្តីរាជការស៊ីវិល ដែលក្រសួងបានរៀបចំចំនួន ៦លើករួចហើយ។ 
 
ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្រ្តីរាជការស៊ីវិលនេះ គេសង្កេតឃើញថាក្រសួងមុខងារសាធារណៈ បានកែទម្រង់ការប្រឡងដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ លោក ហ៊ុន ម៉ានី បរិយាយថា៖«ការរៀបចំហើយធានាទៅលើកិច្ចការទាំងអស់នេះ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូបរបស់ក្រសួងមុខងារសាធារណៈ មានការគិតថា តើយើងរៀបចំប្រព័ន្ធយ៉ាងណា ដើម្បីធានាឱកាសស្មើៗគ្នាចំពោះបេក្ខជនទាំងអស់ ដែលមានបំណងចូលរួមការប្រឡង និងផ្អែកលើសមត្ថភាពរបស់ខ្លួន អាចចូលបម្រើការងារក្នុងក្រមខណ្ឌមន្រ្តីរដ្ឋបាលសាធារណៈ»។ 
 
សូមបញ្ជាក់ថា គិតត្រឹមខែឧសភានេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិលចំនួន៦លើកហើយ។ ដោយចុងក្រោយនេះ គឺជាការជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ដែលមានបេក្ខជនចូលរួមប្រឡងរហូតដល់៣ម៉ឺននាក់៕ 

Tag:
 ហ៊ុន ម៉ានី
  ក្រសួងមុខងារសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com