សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក Elon Musk ប្រឆាំងអាម៉េរិកដំឡើងពន្ធលើរថយន្តអគ្គិសនីចិន
24, May 2024 , 5:29 pm        
រូបភាព
ស្ថានិកក្រុមហ៊ុន​ Tesla លោក Elon Musk ។ រូបភាព ៖ AFP
ស្ថានិកក្រុមហ៊ុន​ Tesla លោក Elon Musk ។ រូបភាព ៖ AFP
 
ដោយ ៖​ ធន់ សេងហុ​ង​
(អន្តរជាតិ សេដ្ឋកិច្ច) អាម៉េរិក , ពន្ធ ​, រថយន្តអគ្គិសនី , ចិន 
 
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នៅថ្ងៃទី២៣ ខែឧសភា បានបង្ហាញការមិនគាំទ្រអាម៉េរិក ដែលបានដំឡើងពន្ធនាំចូលលើរថយន្តអគ្គិសនីរបស់ចិន។ បើតាមមេក្រុមហ៊ុន Teslaរូបនេះ ការដំឡើងពន្ធ គឺមិនល្អឡើយ។  
 
អាម៉េរិក កាលពីថ្ងៃទី១៤ ខែឧសភា បានប្រកាសដំឡើងពន្ធយ៉ាងខ្លាំងលើយានយន្តអគ្គិសនី បន្ទះឈីបកុំព្យូទ័រ ឧបករណ៍វេជ្ជសាស្ត្រ និងទំនិញផ្សេងទៀតពីសេដ្ឋកិច្ចទីពីររបស់ពិភពលោក។ ដោយឡែក​ពន្ធ​លើ​យានយន្ត​អគ្គិសនី​បាន​កើនឡើង​៤​ដង គឺ​ដល់​ជាង​១០០ភាគរយ។
 
នៅឯវេទិកាបច្ចេកវិទ្យា Viva នៅទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែឧសភា លោក Elon Musk បានបញ្ជាក់ថា ទាំងរូបលោក និងក្រុមហ៊ុនមិនបានស្នើឱ្យដាក់ពន្ធនាំចូលនេះទេ។ លោកសង្កត់ធ្ងន់ថា ៖« ខ្ញុំក៏ភ្ញាក់ផ្អើលដែរ ពេលបានឮព័ត៌មាននោះ។ បទប្បញ្ញត្តិដែលកំណត់ពាណិជ្ជកម្មសេរី ឬបង្ខូចថ្លៃទីផ្សារគឺមិនល្អទេ»។ នេះបើតាមសារព័ត៌មាន​ Reuters ។ 
 
នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះបន្តថា ក្រុមហ៊ុននៅតែប្រជែងគ្នាបានយ៉ាងល្អក្នុងប្រទេសចិនដោយគ្មានការគាំទ្រណាមួយឡើយ។ លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​គាំទ្រ​ការ​យក​ពន្ធ​នាំ​ចូល​ទេ»។
 
ការប៉ាន់ស្មានតម្លៃសរុបនៃការនាំចូលទំនិញចិន ដែលរងផលប៉ះពាល់ពីការសម្រេចចិត្តរបស់រដ្ឋបាល ចូ បៃឌិន ក្នុងការបង្កើនពន្ធលើផលិតផលមួយចំនួនមានតម្លៃ ១៨ពាន់លានដុល្លារ។
 
គោលនយោបាយនៃការដំឡើងពន្ធនាំចូលត្រូវបានរក្សាដោយរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃឌិន ចាប់តាំងពីអតីតប្រធានាធិបតី ដូណាល់ ត្រាំ។ គោល​បំណង​នៃ​គោល​នយោបាយ​ទាំង​នេះ​គឺ​ដើម្បី​គាំទ្រ​ដល់​ការ​ផលិត​របស់​ក្រុមហ៊ុនក្នុងស្រុករបស់អាម៉េរិក។
 
រថយន្តអគ្គិសនីរបស់ចិន បានបង្កើនវត្តមានយ៉ាងសកម្មនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងខែមករា បន្ទាប់ពីបានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៤ឆ្នាំ២០២៣ លោក Musk បានសរសើរក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសនេះ។ លោកថា ក្រុមហ៊ុនចិនប្រកួតប្រជែងខ្ពស់ នឹងទទួលបានជោគជ័យយ៉ាងខ្លាំងនៅខាងក្រៅប្រទេសចិន បើទោះបីជាមានការកម្រិតពន្ធនាំចូល និងរបាំងពាណិជ្ជកម្ម។
 
«ប្រសិនបើមិនមានរបាំងពាណិជ្ជកម្មទេ ពួកគេនឹងកំទេចក្រុមហ៊ុនរថយន្តផ្សេងទៀតនៅក្នុងពិភពលោក។ ពួកគេពិតជាល្អណាស់»។ លោក Musk ធ្លាប់បាននិយាយបែបនេះ។ 
 
ការលើកឡើងទាំងនេះបង្ហាញថា ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាម៉េរិកកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីដៃគូប្រកួតប្រជែងរបស់ចិនដូចជា BYD ដែលជាក្រុមហ៊ុនកំពុងបង្កើនវត្តមានរបស់ខ្លួនយ៉ាងខ្លាំងនៅទូទាំងពិភពលោក៕ 
 
Relate 136535
 

© រក្សាសិទ្ធិដោយ thmeythmey.com