ជាតិ
កម្ពុជា ត្រៀមខ្លួនហើយ ក្នុងការទទួលពូជខ្លាធំ៤ក្បាលពីឥណ្ឌានៅចុងឆ្នាំនេះ
24, May 2024 , 8:59 pm        
រូបភាព
លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា, លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោកស្រី ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការ សម្ព័ន្ធមិត្ត សត្វព្រៃ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី«ការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្រ្តស្ដារសត្វខ្លាធំនៅកម្ពុជា» នៅថ្ងៃទី២៣ ឧសភា។
លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា, លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោកស្រី ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការ សម្ព័ន្ធមិត្ត សត្វព្រៃ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី«ការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្រ្តស្ដារសត្វខ្លាធំនៅកម្ពុជា» នៅថ្ងៃទី២៣ ឧសភា។
កម្ពុជាបានត្រៀមលក្ខណៈគ្រប់គ្រាន់ហើយ​ ក្នុងការទទួលពូជ «ខ្លាធំ» ចំនួន៤ក្បាល ពីរដ្ឋាភិបាលឥណ្ឌា ដែលទំនងជាប្រគល់ឱ្យនៅចុងឆ្នាំ២០២៤នេះ។ ក្នុងចំណោមសត្វខ្លាធំទាំង៤ក្បាល មានញី៣ និងឈ្មោល១ក្បាល ដែលត្រូវលែងចូលតំបន់ការពារធម្មជាតិជួរភ្នំក្រវាញ ក្នុងទិសដៅស្ដារឡើងវិញ ក្រោមការយកចិត្តទុកដាក់ និងតាមដាន ពីក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ។



ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី«ការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្រ្តស្ដារសត្វខ្លាធំនៅកម្ពុជា» នៅថ្ងៃទី២៣ ឧសភា លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានឱ្យដឹងថា គម្រោងបញ្ជូនពូជខ្លាធំ ដល់កម្ពុជាក្នុងដំណាក់កាលទី១នេះ អាចធ្វើឡើងនៅខែវិច្ឆិកា​ ឬធ្នូ ឆ្នាំ២០២៤។ តែយ៉ាងណា ដំណើរការនេះ ក៏អាចពន្យាពេលបានដែរ ប្រសិនបើកម្ពុជាបន្តធ្លាក់ភ្លៀងខ្លាំង ប៉ះពាល់ដល់ការបន្សាំខ្លួនរបស់សត្វខ្លា។ 
 
លោកស្រី ថ្លែងដូច្នេះថា៖«រដូវវស្សា មិនមែនជាពេលវេលាល្អក្នុងការបញ្ជូនសត្វខ្លាធំមកកម្ពុជានោះទេ ព្រោះថា ភ្លៀងធ្លាក់ខ្លាំង ហើយអត់ទៀងទាត់ អ៊ីចឹង! ធ្វើឱ្យខ្លាពិបាកបន្សាំខ្លួន។

បើសិន អាកាសធាតុអំណាយផល យើងនឹងព្យាយាមបញ្ជូនខ្លាធំមកកម្ពុជាឱ្យបានកាន់លឿនតាមតែអាចធ្វើបាន។ ខ្ញុំសង្ឃឹមថា ពួកវាអាចត្រូវបានបញ្ជូនមកនៅចន្លោះខែវិច្ឆិកា ឬធ្នូ»។

លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា 

ឥណ្ឌាជាប្រទេសតែមួយគត់ មានសត្វខ្លាធំច្រើនជាងគេ ក្នុងរង្វង់៣៥០០ក្បាល ខណៈពិភពលោកមានត្រឹមជាង៥ពាន់ក្បាលប៉ុណ្ណោះ។ ឥណ្ឌា ក៏ជាប្រទេសដំបូងគេ បានបង្កើតកន្លែងអភិរក្សសត្វកម្រប្រភេទនេះ ឱ្យរស់នៅក្នុងព្រៃធម្មជាតិ ដែលធ្វើចំនួនសត្វខ្លាធំ កើនឡើងជារៀងរាល់ឆ្នាំ។ 
 
បើតាមលោកស្រី Devyani Khobragade នេះគឺជាគម្រោងនាំសត្វខ្លាធំចេញប្រទេសឥណ្ឌាលើកទី១ និងជាប្រវត្តិសាស្រ្ត។ ការផ្ដល់ពូជខ្លាធំឱ្យកម្ពុជានៅពេលនេះ ដោយសារតែប្រទេសទាំងពីរ មានភាពជិតស្និត និងទំនាក់ទំនងល្អជាមួយគ្នា។ លោកស្រីឯកអគ្គរដ្ឋទូត ចង់ឱ្យពលរដ្ឋកម្ពុជាមានមោទកភាព និងរួមគ្នាអភិរក្សសត្វខ្លាធំឱ្យកាន់តែប្រសើរឡើងថែមទៀត។  
 
តើកម្ពុជាត្រៀមខ្លួនបែបណាខ្លះ ដើម្បីទទួលសត្វខ្លាធំពីឥណ្ឌា?  

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី«ការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្រ្តស្ដារសត្វខ្លាធំនៅកម្ពុជា» នៅថ្ងៃទី២៣ ឧសភា លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាបាន​ត្រៀមលក្ខណៈគ្រប់គ្រាន់ហើយ ​ក្នុងទទួលសត្វខ្លាធំពីរដ្ឋាភិបាលឥណ្ឌា ក្នុងនោះ មានទាំងទីតាំងបន្សាំ មជ្ឈមណ្ឌលតាមដាន និងបច្ចេកទេសនានា។ 
 
ដោយឡែក ទីតាំងស្នូលនៃតំបន់ដោះលែងសត្វខ្លាធំ ក្នុងព្រៃភ្នំក្រវាញ ដែលមានផ្ទៃដី១,៤លានហិកតា គឺពុំមិនអន្ទាក់សូម្បីតែមួយ។ នេះជាការអះអាងម្ដងហើយម្ដងទៀត របស់លោក ជា សំអាង ដោយបន្ថែមថា ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ នឹងរៀបចំការអភិរក្សសត្វដ៏ទៃទៀតឱ្យមានលក្ខណៈសម្បូរបែប ដើម្បីគាំទ្រដល់ចំណី ​និងជម្រកសត្វខ្លាធំ។ 
 
តើពលរដ្ឋរស់នៅក្បែរតំបន់ការពារធម្មជាតិភ្នំក្រវាញ អាចជួបបញ្ហាបែបណា? 

វត្តមានសត្វខ្លាធំ រស់នៅក្នុងតំបន់ការពារធម្មជាតិភ្នំក្រវាញ អាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់ពលរដ្ឋក្បែរនោះ។ ជាឧទាហរណ៍ ពួកវាអាចចា​ប់សត្វចិញ្ចឹម និងបង្កគ្រោះថ្នាក់ណាមួយដល់ពលរដ្ឋ ជាដើម។ 
 
យ៉ាងណា លោក ជា សំអាង បានបញ្ជាក់ថា ក្នុងគម្រោងស្ដារសត្វខ្លាធំឡើងវិញនេះ ក្រសួងបរិស្ថាននឹង ផ្សព្វផ្សាយ ព្រមទាំងផ្ដល់ចំណេះដឹងពីវិធានការការពារ​ និងការចូលរួមការអភិរក្សសត្វខ្លាដល់ពលរដ្ឋ។ ទន្ទឹមនេះ ក្រសួងក៏កំណត់វិធានការសម្រាប់ដោះស្រាយបញ្ហា និងផលប៉ះពាល់ ដែលកើតមានចំពោះពលរដ្ឋផងដែរ។ តំបន់ស្នូលនៃគម្រោងស្តារសត្វខ្លាធំនេះ ត្រូវបានកំណត់នៅឆ្ងាយពីភូមិអ្នកស្រុកប្រហែល២៥គីឡូម៉ែត្រ ប៉ុន្តែក្នុងករណីសត្វខ្លាធំ ទៅចាប់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋជាចំណី ពលរដ្ឋនឹងទទួលបានសំណងវិញ។

លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន 

សត្វខ្លាធំទាំង៤ក្បាល ដែលត្រូវលែងចូលក្នុងព្រៃធម្មជាតិនេះ នឹងមានបំពាក់ប្រព័ន្ធតាមដានចលនា ឬការចល័តទាំងថ្ងៃ និងយប់ ដើម្បីបញ្ចៀសជម្លោះមនុស្ស និងខ្លាកើតឡើង។ លើសពីនោះ នៅតាមដើមឈើ ក៏មានបំពាក់កាមេរ៉ា រហូតដល់៤១០គ្រឿង ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន ដើម្បីតាមដាន និងប្រមូលទិន្នន័យ។ 
 
លោក ប្រាប់ដូច្នេះថា៖«សត្វខ្លាធំនេះ វាតែងតែមានបង្កគ្រោះថ្នាក់ជាយថាហេតុជាមួយពលរដ្ឋរស់នៅជុំវិញព្រៃ ជាពិសេសអាចមានបញ្ហាទៅលើសត្វចិញ្ចឹម និងគ្រោះថ្នាក់ពលរដ្ឋខ្លះផងដែរ។ ប៉ុន្តែ កម្មវិធីស្ដារសត្វខ្លាធំនេះ គឺយើងនឹងផ្សព្វផ្សាយពីពីវិធានការការពារ​ ហើយយើងក៏គិតគូរដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋផងដែរ»។
 
«ក្នុងនោះសូមជម្រាបថា សត្វខ្លាដែលនឹងត្រូវលែងចូលក្នុងព្រៃធម្មជាតិនេះ នឹងមានបំពាក់ប្រព័ន្ធតាមដានការចល័ត ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាបានសុវត្ថិភាពរបស់ខ្លា និងពលរដ្ឋជុំវិញ។ ដូច្នេះ ប្រសិនវាដើរចល័តចូលភូមិ យើងនឹងដឹងភ្លាម ហើយផ្ដល់ព័ត៌មានជូនពលរដ្ឋ ដើម្បីការពារសុវត្ថិភាពខ្លាផង និងពលរដ្ឋផង»។ នេះជាការពន្យល់របស់ លោក ជា សំអាង។ 
 
ហេតុអ្វីបានតំបន់ជួរភ្នំក្រវាញត្រូវបានជ្រើសរើសជាជម្រកនៃការស្ដារឡើងវិញនូវប្រភេទខ្លាធំ?

បើតាម លោក ជា សំអាង មានវត្តសត្វខ្លាធំនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ នឹងជួយកែប្រែជាតំបន់មួយ ឱ្យមានសក្ដានុពលផ្នែកទេសចរណ៍បន្ថែម។ ការណ៍នេះវាអាចកែប្រែជីវភាពពលរដ្ឋក្នុងសហគមន៍ តាមរយៈការបង្កើតមុខរបរថ្មីពីវិស័យទេសចរណ៍។
 
វត្តមានសត្វខ្លាធំនៅក្នុងព្រៃធម្មជាតិ ជាសក្ខីភាពបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញសម្បូរទៅដោយជីវចម្រុះ។ ក្រៅពីនោះ វាក៏ជួយធ្វើឱ្យមានតុល្យភាពនៃសត្វព្រៃ ហើយប្រព័ន្ធអេកូឡូស៊ីក្នុងព្រៃ និងមានស្ថេរភាព ដែលគាំទ្រដល់រុក្ខជាតិ  និងជីវិតសត្វ។
 
កាលពីជាង២០ឆ្នាំមុន ព្រៃឈើនៅក្នុងតំបន់ជួរភ្នំក្រវាញនេះ បានរងការកាប់បំផ្លាញយ៉ាងសន្ធឹក ហើយសត្វព្រៃជាច្រើន ត្រូវបានគេបរបាញ់ដោយគ្មានការអើពើ។ ដោយឃើញពីការកាប់បំផ្លិចបំផ្លាញយ៉ាងគគ្រឹកគគ្រេងនេះ រដ្ឋាភិបាលកម្ពុជា ​បានស្នើឱ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជួយចូលរួមក្នុងការអភិរក្សនៅតំបន់ជួភ្នំក្រវាញ។
 
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចាប់ដៃជាមួយរដ្ឋាភិបាលកម្ពុជារយៈពេល២០ឆ្នាំមកហើយ ទៅលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ នៅតំបន់ជួរភ្នំក្រវាញ។ តាមរយៈសកម្មភាពនៃកិច្ចខិតខំជាច្រើនឆ្នាំមកនេះ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត មើលឃើញថា បច្ចុប្បន្ន​ តំបន់ជួរភ្នំក្រវាញ បានក្លាយជាកន្លែងមានសុវត្ថិភាពជាងគេ និងមានសក្ដានុពលគ្រាប់គ្រាន់ សម្រាប់ស្ដារប្រភេទសត្វខ្លាធំនេះឡើងវិញ។

លោកស្រី ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការ សម្ព័ន្ធមិត្ត សត្វព្រៃ

លោកស្រី បន្ថែមដូច្នេះថា៖«២០ឆ្នាំនៃកិច្ចការងារការពាររបស់ពួកយើង ខ្ញុំមើលឃើញថា តំបន់ជួរភ្នំក្រវាញ បានក្លាយជាកន្លែងដែលមានសុវត្ថិភាព និងសក្ដានុពលគ្រាប់គ្រាន់ សម្រាប់ការស្ដារឡើងវិញនូវប្រភេទសត្វខ្លាធំនេះ»។
 
តំបន់ជួរភ្នំក្រវាញមានទំហំជាង១,៥លានហិកតា ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ដែលគ្របដណ្តប់ដោយធនធានធម្មជាតិ​ និងថនិកសត្វ ដែលរងការគំរាមកំហែងជាច្រើនប្រភេទដូចជា ដំរីអាស៊ី និងខ្លា។ 
 
ខ្លាធំ ឬ ខ្លាដំបង ជាប្រភេទសត្វ ដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា និងងាយស្រួលចំណាំ ដោយសារវាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រមៅ កាត់ទទឹងដងខ្លួន។ នៅផ្នែកខាងក្រោមចង្កា និងបំពង់កមានពណ៌ស រីឯកន្ទុយមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង។ 
 
ចំពោះលក្ខណៈជីវសាស្ត្រ គឺវាអាចរស់នៅក្នុងជម្រក គ្រប់ប្រភេទដែលមានទឹក ចំណី និងម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្ដៅថ្ងៃ។ នៅពេលថ្ងៃក្តៅខ្លាំង គឺវាចំណាយពេលច្រើនម៉ោង ដើម្បីដេកត្រាំទឹក។ វាមានភាពស្ទាត់ជំនាញ ក្នុងការហែលទឹក ហើយវាមិនឡើងដើមឈើទេ បើសិនមិនចាំបាច់។ ខ្លាធំអាចចាប់ចំណីបាន ចាប់ពីសត្វតូចរហូតដល់សត្វធំនិងអាចបង្កាត់ពូជបានគ្រប់រដូវ និងអាចបង្កើតកូនបានពី១-៧ក្បាល បន្ទាប់ពីពពោះរយៈពេលប្រហែល១០០ថ្ងៃ។  វាអាចមានអាយុរហូតដល់២៥ឆ្នាំ ក្នុងធម្មជាតិ។
 
សូមជម្រាបថា សត្វខ្លាធំ បានបាត់វត្តមានពីព្រៃធម្មជាតិក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៧ ដោយសារតែការបរបាញ់ និងដាក់អន្ទាក់ យ៉ាងអាណាធិបតេយ្យ។ ខ្លាធំ​ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ និង​មាន​ចុះ​ក្នុង​បញ្ជី​ឧបសម្ព័ន្ធ​ទី ១ នៃ​អនុសញ្ញា​សាយ​តេស។ ខ្លា​ប្រភេទ​នេះ​កំពុង​រងគ្រោះថ្នាក់​ដោយសា​រការ​បរបាញ់ យក​ឆ្អឹង ស្បែក ដើម្បី​ធ្វើ​ពាណិជ្ជកម្ម និង​ការយកទៅ​ប្រើប្រាស់​ធ្វើជា​ឱសថ​បុរាណ។ ខ្លាធំ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ (EN)។ 

Tag:
 អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ
  ខ្លាធំ
  ជា សំអាង
  Devyani Khobragade
  ស៊ូ វណ្ណា ហ្គោនឡែត
© រក្សាសិទ្ធិដោយ thmeythmey.com