ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប ស្នើឱ្យរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃ«ស» មុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
24, May 2024 , 7:27 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានបិទបញ្ចប់ហើយ ដោយប្រព្រឹត្តទៅយ៉ាងរលូន និងគ្មានអំពើហិង្សា។ មុនពេលបោះឆ្នោតមួយថ្ងៃ ដែលហៅថា ថ្ងៃ«ស» នោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឱ្យពលរដ្ឋគ្រប់រូប ស្ងៀមស្ងាត់ ដោយមិននិយាយពីរឿងនយោបាយឡើយ។


 
គ.ជ.ប អំពាវនាវឱ្យគណបក្សនយោបាយ សមាជិក អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១០យប់ ថ្ងៃទី២៤ ដល់ម៉ោង១២យប់ ថ្ងៃទី២៦ ឧសភា បិទបញ្ចប់ទៅ។ ជាពិសេសត្រូវគោរពតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត រួមទាំងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។
 
គ.ជ.ប ក៏ស្នើឱ្យអាជ្ញាធរផ្ដល់កិច្ចសហការដល់គណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នៅក្នុងកាលៈទេសៈនេះ។ ជាពិសេសចាត់វិធានការឱ្យបានម៉ឹងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់រាល់សកម្មភាព និងបាតុភាពទាំងឡាយ ដែលបំផ្លាញការបោះឆ្នោត។
 
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ស្នើឱ្យពលរដ្ឋចូលរួមតាមដានដំណើរការបោះឆ្នោតនេះ ហើយអាជ្ញាធរ ត្រូវបង្កលក្ខណៈងាយស្រួល ដល់អង្គបោះឆ្នោតជាង១ម៉ឺននាក់នេះ។ គ.ជ.ប នឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ចំពោះជនទាំងឡាយណា ដែលរំលោភច្បាប់ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។
 
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះវិញ លោក ហង្ស ពុទ្ធា វាយតម្លៃឃើញពីភាពវិជ្ជមានច្រើន ប្រកបដោយសុវត្ថិភាព និងគ្មានហិង្សា រួមទាំងកិច្ចសហការយ៉ាងល្អ រវាងគណបក្សនយោបាយ អង្គបោះឆ្នោត និងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់រាជធានីខេត្ត។ បើតាមលោក ពុទ្ធា ការឃោសបោះឆ្នោត មានរូបភាពស្ងប់ស្ងាត់ និងមិនសូវភាពទាក់ទាញឡើយ។ មិនសូវទាក់ទាញ ដោយសារតែអង្គបោះឆ្នោត មានជាង១ម៉ឺននាក់ ក្នុងតំណែង ដែលវាខុសពីការបោះឆ្នោតជាតិ ជាសកល។
 
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ឧសភា។ ចំណែកអង្គបោះឆ្នោត មានសរុប១១ ៦២២នាក់ និងការិយាល័យបោះឆ្នោត ចំនួន២០៩ នៅទូទាំង២៥រាជធានី-ខេត្ត។ គណបក្សនយោបាយចូលរួមប្រជែងគ្នា រួមមានបក្សប្រជាជនកម្ពុជា បក្សឆន្ទៈខ្មែរ បក្សកម្លាំងជាតិ បក្សហ្វ៊ុនស៊ិនប៉ិច និងបក្សខ្មែររួមរួមជាតិ៕ 
 
 
 
 
 
 
 

Tag:
 បោះឆ្នោត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com