ជាតិ
ជិះកង់តាមមាត់ទន្លេសាប ជាបទពិសោធន៍ថ្មី និងលើកកម្ពស់ជីវភាពសហគមន៍នេសាទ
25, May 2024 , 10:59 am        
រូបភាព
ដំណើរទស្សនាតម្រាយផ្លូវសម្រាប់កម្មវិធីជិះកង់
ដំណើរទស្សនាតម្រាយផ្លូវសម្រាប់កម្មវិធីជិះកង់
សៀមរាប៖ អ្នកស្រឡាញ់បរិស្ថានមួយរូប បានកៀរគររៀបចំកម្មវិធីជិះកង់បែបផ្សងព្រេងពីក្រុងសៀមរាប កាត់តាមមាត់ឆ្នេរបឹងទន្លេសាប រហូតដល់កំពង់ភ្លុក ក្នុងបំណងបង្កើតកញ្ចប់ទេសចរណ៍ថ្មី និងលើកកម្ពស់​សហគមន៍រស់នៅតាមដងទន្លេសាប។  កម្មវិធីនេះ​ គ្រោងធ្វើឡើងនាថ្ងៃទី៨ មិថុនា។​

 
ការជិះកង់បែបផ្សងព្រេង និងស្វែងយល់ពីជីវភាពរស់នៅ ក៏ដូចជាប្រព័ន្ធជីវចម្រុះនៅតាមឆ្នេរ នៃបឹងទន្លេសាប ជាកម្មវិធីថ្មីដែលចាប់ផ្តើមជិះចេញពីក្រុងសៀមរាប កាត់តាមទំនប់៧៨ បន្តតាមបឹងពារាំង និងឆ្ពោះទៅសហគមន៍កំពង់ភ្លុក។ បើតាម លោក ស៊ា សុផល អ្នករៀបចំកម្មវិធី រយៈចម្ងាយនៃការជិះកង់នេះចាប់ពី១ម៉ោងទៅ១ម៉ោងកន្លះ លើចម្ងាយផ្លូវជាង២០គីឡូម៉ែត្រ។ 
 
« បំណងធំនៃការរៀបចំពិធីនេះ គឺដើម្បីបំផុសឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរ ស្វែងយល់ និងស្គាល់សក្កានុពលទេសចរណ៍កីឡាជិះកង់ថ្មីមួយបែបទៀត ក្រៅពីតំបន់អង្គរ»។ លោក សុផល បែបនេះ​ ដែលកន្លងមកបើនិយាយពីការជិះកង់កម្សាន្ត គ្រប់គ្នាតែងស្គាល់តំបន់អង្គរ ដែលមានរៀបចំ​ជាផ្លូវជិះកង់ និងជាការពេញនិយមសម្រាប់ទេសចរមួយផងដែរ។ 


 ផ្ទះពលរដ្ឋនៅតាមមាត់បឹងទន្លេសាបនារដូវទឹកស្រក
លោក សុផល បានបន្តរៀបរាប់ថា សម្រាប់នៅតាមមាត់ឆ្នេរបឹងទន្លេសាបវិញមានការ ប្រែប្រួលតាមរដូវកាល ដូចជារដូវទឹកស្រក គឺមានទេសភាពទាក់ទាញជាខ្លាំង មានទាំងជីវចម្រុះ ព្រៃលិចទឹក ចម្ការ និងការរស់នៅរបស់ប្រជាជន​នៅមូលដ្ឋានផង ដែលជាទស្សនីយភាពប្លែកភ្នែកម្យ៉ាង​ពីតំបន់ដទៃ។  « អត្ថប្រយោជន៍សំខាន់សម្រាប់ការចូលរួមក្នុងពិធីនេះ គឺបានចូលរួមការពារអភិរក្ស​ធនធានធម្មជាតិ និងការពារតំបន់អភិរក្សជីវចម្រុះ ដូចជាបឹងពារាំង (ក្រុងសៀមរាប) និងបឹងព្រៃក្អែក (កំពង់ភ្លុក) ដែលទីនោះសម្បូរដោយហ្វូងសត្វស្លាប ជាច្រើនចូលទៅពងនារដូវប្រាំង។ ប្រសិនមានសកម្មភាពទេសចរណ៍នៅទីនោះ ក៏កាត់បន្ថយបទល្មើសនេសាទ និងព្រៃលិចមួយផ្នែក ផងដែរ»។ ទាំងនេះ​ជាការមើលឃើញរបស់លោក ស៊ាង សុផល។​ 
 


ផែនទីផ្លូវទេសចរណ៍នៅតំបន់មាត់បឹងទន្លេសាប

អង្គការមូលនិធិទំពាំងស្នងឫស្សី និងធ្វើការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) ដើម្បីរៀបចំចុះឈ្មោះអ្នកចូលរួមកម្មវិធីជិះកង់។ ដោយសារជាសមាគមទីភ្នាក់ងារទេសចរណ៍ ដូច្នេះលោក សុផល រំពឹងថា សកម្មភាពជិះកង់ខាងលើនឹងមានអ្នកចូលរួមច្រើន ពិសេសបានផ្សព្វផ្សាយ​សក្កានុពលទេចរណ៍ទូលំទូលាយ។ 
 
មែនទែនទៅ កម្មវិធីជិះកង់នេះជាផ្នែកមួយនៃព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៤ និងបុណ្យសមុទ្រទឹកសាបកម្ពុជាលើកទី២ ដែលរៀបចំឡើងដោយអង្គការមូលនិធិទំពាំងស្នងឫស្សី។ លោក ស៊ា សុផល ដែលជាប្រធានអង្គការលើកឡើងថា កម្មវិធីនៅឆ្នាំនេះធ្វើឡើងពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមិថុនា។ នៅថ្ងៃទី៦មិថុនា កម្មវិធីបិទយុទ្ធនាការសម្អាតបរិស្ថានរដូវទឹកសម្រក នឹងរៀបចំឡើងនៅសហគមន៍​កំពង់ឃ្លាំង ដោយមានអ្នកចូលរួម១០០០នាក់ និងកម្មវិធីប្រកាសបើកយុទ្ធនាការស្អាត ខ្មែរធ្វើបានររបស់ ក្រសួងបរិស្ថានផងដែរ។
 


លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី

ចំណែកនៅព្រឹកថ្ងៃទី៨មិថុនា កម្មវិធីជិះកង់ និងកម្មវិធីអបអរបុណ្យ​សមុទ្រទឹកសាប​កម្ពុជាលើកទី២ នៅកំពង់ភ្លុក កម្មវិធីសម្អាតបរិស្ថាន ការកម្សាន្ត និងក្បួនដង្ហែអបអរបុណ្យសមុទ្រទឹកសាប។ ចំពោះព្រឹកថ្ងៃទី៩មិថុនា នឹងមានបើកយុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន របស់ក្រសួងបរិស្ថាន ដើម្បីជំរុញឱ្យសហគមន៍កំពង់ភ្លុកជា១០០០ គ្រួសារ ផ្លាស់ប្ដូរទម្លាប់ ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕
 
 
 
 
 
 
 

Tag:
 ជិះកង់
  បឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com