ជាតិ
ការកំណត់ថ្ងៃបើកការដ្ឋាន«ព្រែកជីកហ្វូណន» ជាសិទ្ធិ​ផ្តាច់មុខ​របស់នាយករដ្ឋមន្ត្រី
25, May 2024 , 12:17 pm        
រូបភាព
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ រូបពីហ្វេសប៊ុក សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ រូបពីហ្វេសប៊ុក សម្ដេច ហ៊ុន សែន
 ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចេញមុខអះអាងប្រាប់សាធារជនថា សិទ្ធិសម្រេចបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ គឺមានតែនាយករដ្ឋមន្ត្រី ប៉ុណ្ណោះ។ ការចេញមុខបញ្ជាក់បែបនេះ ក៏ព្រោះតែសម្ដេច សង្កេតឃើញ ប៉ុន្មានថ្ងៃនេះ មានការលើកឡើងថា សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យបើកការដ្ឋានសាងសង់ព្រែកជីកនេះ នៅថ្ងៃទី១២ ខែមិថុនា។



​ « ការសម្រេចបើកការដ្ឋានសាងសង់នៅពេលណា វាជាសិទ្ធិផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត »។ ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសេរបែបនេះនៅលើបណ្តាញសង្គម នាព្រឹកថ្ងៃទី២៥មិថុនានេះ ដែលបានបញ្ជាក់ថា៖ « មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេ ទើបពន្លត់ភ្លើងបានឆាប់ដោយមិនព្រួយអង្គុយបក់ផ្សែង»។

ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន, កាលពីថ្ងៃទី១៦មិថុនា សម្ដេច ហ៊ុន សែន បានថ្លែងសារពិសេសជំរុញឱ្យរដ្ឋាភិបាលបើកការដ្ឋានបានកាន់តែឆាប់ គឺកាន់តែប្រសើរ។ «កុំយប់យូរសុបិនច្រើន! បើបើកការដ្ឋាន[សាងសង់ព្រែកជីកហ្វូណន]បានឆាប់​ គឺធ្វើទៅៗ។ កុំរង់ចាំអ្វីទៀត គឺធ្វើទៅ!»។ នេះជាការផ្តល់មតិរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់រាជរដ្ឋាភិបាល​ស្ថិតនៅក្រោមការដឹកនាំសម្តេច ហ៊ុន ម៉ាណែត ។

អត្ថបទទាក់ទង
 
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនប្រវែង១៨០គីឡូម៉ែត្រនេះ មិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមឡើយ។ ហេតុដូច្នេះ កម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។

បើតាមផែនការរបស់ក្រសួងសាធារណការ និងជញ្ជូន គម្រោងព្រែកជីកហ្វូណន នឹងត្រូវបើកដ្ឋានសាងសង់​នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២៤ ក្រោមទុនវិនិយោគ​ពីក្រុមហ៊ុនចិន១ ៧០០លានដុល្លារអាម៉េរិក។ តាមការសិក្សា បន្ទាប់ពីកម្ពុជាសាងសង់ព្រែកជីកហ្វូណនតេជោនេះរួចនឹងទទួលផលចំណេញពីការដឹកជញ្ជូនបានពី ៨៨ ទៅ ៥៧០លានដុល្លារក្នុងមួយឆ្នាំ៕

© រក្សាសិទ្ធិដោយ thmeythmey.com