ជាតិ
កូនអណ្តើក«ហ្លួង»ជិតផុតពូជ១០ក្បាល បានញាស់នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ
25, May 2024 , 2:39 pm        
រូបភាព
កូនអណ្តើក«ហ្លួង»ដែលជាប្រភេទសត្វជិតផុតពូជ ត្រូវបានមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ញាស់បានចំនួន១០ក្បាល។ ការញាស់បាននូវកូនអណ្តើកហ្លួងទាំងនេះ នឹងដើរតួដ៏សំខាន់មួយក្នុងការរក្សាភាពចម្រុះនូវសេនេទិច (ហ្សែន)។

« នៅទីបំផុតជួយឱ្យមានកំណើនកើនឡើងវិញនៃចំនួនប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់ពួកវា [អណ្តើកហ្លូង]។»។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានរាយការណ៍បែបនេះទៅកាន់ក្រសួងបរិស្ថាននាថ្ងៃ២៣ឧសភា ដោយបានបញ្ជាក់ថា ប្រភេទអណ្តើកនេះបានផុតពូជនៅក្នុងកម្ពុជាហើយ  ប៉ុន្តែក៏ត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០០ដោយការតាំងចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម។ 
 
សព្វថ្ងៃនេះ ប្រភេទសត្វកម្រ និងជិតផុតពូជនេះ នៅតែប្រឈមនូវការគំរាមកំហែងជាច្រើន ដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក និងការទាក់ចាប់ដោយឧបករណ៍នេសាទ...ជាដើម។
 
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានអះអាងយ៉ាងដូច្នេះ៖ « ពួកយើងផ្តល់ការថែទាំសម្រាប់អណ្តើកហ្លួងពេញវ័យចំនួន១៣ក្បាល។ នៅក្រោមការថែទាំរបស់ពួកយើង វាជាផ្នែកមួយនៃកម្មវិធីបង្កាត់ពូជសម្រាប់អណ្តើកប្រភេទនេះ»។ ការបង្កាត់ពូជសម្រាប់អណ្តើកហ្លូងនេះ អាចធ្វើទៅបានតាមយរៈភាពជាដៃគូរបស់ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ជាមួយរដ្ឋបាលជលផលនិងអង្គការសមាគមន៍អភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) ប្រចាំកម្ពុជា។ 
 
គួររំឭកថា អណ្តើកសសៃដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាអណ្តើកហ្លួង ត្រូវបានចាត់ទុកជាសត្វល្មូនតំណាងជាតិកម្ពុជាស្ថិតក្នុងព្រះរាជក្រឹត្យកាលឆ្នាំ២០០៥៕ 
 

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com