ជាតិ
SECU នឹងពិនិត្យបណ្ដឹងរបស់លីកាដូ ដែលថាUNDP បរាជ័យ លើការអនុវត្តកម្មវិធីអភិវឌ្ឍន៍នៅកម្ពុជា ![SECU នឹង ពិនិត្យមើល បណ្ដឹងរបស់លីកាដូ ដែលថាកម្មវិធីអភិវឌ្ឍន៍ UNDP បរាជ័យ។ រូបពី លីកាដូ](https://image.thmeythmey.com/pictures/2024/05/25/secu______________________________________________________________________________________________________________________________________________________________undp_________________________________________________________.jpg)
SECU នឹង ពិនិត្យមើល បណ្ដឹងរបស់លីកាដូ ដែលថាកម្មវិធីអភិវឌ្ឍន៍ UNDP បរាជ័យ។ រូបពី លីកាដូ
×![]()
ភ្នំពេញ៖ អង្គការលីកាដូ អះអាងថា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បរាជ័យ ក្នុងការអនុវត្តវិធានការយកចិត្តទុកដាក់ រួមទាំងការប្រកាន់ខ្ជាប់នូវគោលនយោបាយបរិស្ថាននិងសង្គម។ ករណីនេះ អង្គភាពអនុលោមភាពសង្គម និងបរិស្ថាន (SECU) ដែលស្ថាប័នទទួលពាក្យបណ្ដឹងផ្ទៃក្នុង របស់កម្មវិធីអភិវឌ្ឍន៍ UNDP ពិនិត្យឃើញថា បណ្ដឹងមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់វាយតម្លៃ។ នេះបើសេចក្ដីថ្លែងការណ៍ របស់លីកាដូ ចេញថ្ងៃទី២៤ឧសភា។
ពាក្យបណ្ដឹងសម្ងាត់ ត្រូវបានដាក់ដោយអង្គការលីកាដូ តាងនាមឱ្យម្ចាស់បណ្តឹងមួយចំនួន រងគ្រោះពីការរំលោភសិទិ្ធមនុស្ស បង្កដោយក្រុមហ៊ុនឯកជនមួយចំនួន។ ពាក្យបណ្តឹងនេះ ត្រូវបានដាក់កាលពីខែមីនា ឆ្នាំ២០២៤ ដោយបានប្តឹងថាកម្មវិធីអភិវឌ្ឍន៍ UNDP បរាជ័យក្នុងការអនុវត្តវិធានការយកចិត្តទុកដាក់ ឬ Due Diligence និងការប្រកាន់ខ្ជាប់នូវគោលនយោបាយបរិស្ថាននិងសង្គម នៅពេលបង្កើត «ផែនទីវិនិយោគិន SDG សម្រាប់កម្ពុជា» ។
ក្នុងពាក្យបណ្តឹង បានរៀបរាប់លម្អិត ពីរបៀបដែលកម្មវិធីអភិវឌ្ឍន៍ UNDP ជ្រើសរើសក្រុមហ៊ុនឯកជន និងចាត់ទុកក្រុមហ៊ុនទាំងនោះជាដៃគូ សម្រាប់គម្រោងរបស់ខ្លួន ដោយផ្តល់នូវការគាំទ្រផ្នែកកេរ្តិ៍ឈ្មោះ ដល់ក្រុមហ៊ុនទាំងនោះ។ ហើយក្នុងក្រុមហ៊ុននោះ បានជាប់ពាក់ព័ន្ធនឹងការបង្ខំឱ្យលក់ដី ការបណ្តេញពលរដ្ឋចេញដោយបង្ខំ ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារមួយចំនួននិងលើដីមួយចំនួនរបស់ជនជាតិដើមភាគតិច ពលកម្មកុមារ ការជួញដូរមនុស្ស និងការរំលោភបំពានសិទិ្ធមនុស្សជាច្រើនផ្សេងទៀត ។
តាមរយៈបណ្ដឹងខាងលើ អង្គភាពអនុលោមភាពសង្គម និងបរិស្ថាន (SECU) រកឃើញថា ពាក្យបណ្តឹងមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការពិនិត្យនិងវាយតម្លៃ។ SECU បានលើកឡើងអំពីបញ្ហាពាក់ព័ន្ធនឹងការអនុលោមតាមគោលការណ៍មួយចំនួនរបស់កម្មវិធីអភិវឌ្ឍន៍ UNDP និងលទ្ធផលនៃការមិនអនុលោមតាមគោលការណ៍។ លើសពីនេះ SECU យល់ឃើញដែរថា ម្ចាស់បណ្តឹង(ក្រុមជនរងគ្រោះដែលប្ដឹងសម្ងាត់) បានរងគ្រោះដោយសារសកម្មភាពទាំងនោះ។ SECU នឹងចាប់ផ្តើមធ្វើការស៊ើបអង្កេត តាមការអះអាង របស់ពាក្យបណ្តឹង។
សម្រេចទទួលយកបណ្តឹងរបស់ SECU គឺជាជំហានមួយដ៏សំខាន់ឆ្ពោះទៅកាន់ការធានាថាសកម្មភាពរបស់កម្មវិធីអភិវឌ្ឍន៍UNDP នៅកម្ពុជា គោរពតាមគោលការណ៍របស់ខ្លួន។ ការវិនិយោគរបស់វិស័យឯកជន មិនអាចរំលោភសិទិ្ធមនុស្សរបស់ពលរដ្ឋមូលដ្ឋានបាននោះទេ។ អ្នកនាង ណាលី ពីឡូក នាយិកាលីកាដូទទួលបន្ទុកកិច្ចការក្រៅតំបន់ បានលើកឡើងបសោយង្កត់ធ្ងន់បេបនេះថា៖ «យើងចង់ឱ្យការស៊ើបអង្កេតនេះ ប្រព្រឹត្តិទៅឱ្យបានឆាប់រហ័ស ហើយបញ្ហាធ្ងន់ធ្ងរជាច្រើន ដែលបង្កដោយគម្រោងទាំងនោះ នឹងត្រូវដោះស្រាយ»។
តាមរយៈការជ្រើសសម្រាប់ជាដៃគូ នៅលើថ្នាលវិនិយោគិន SDG (SDG Investor Platform) កម្មវិធីអភិវឌ្ឍន៍ UNDP បានបរាជ័យក្នុងការអនុលោមតាមបទដ្ឋានមួយចំនួន ដូចជា ការពារសុខភាព សុវត្ថិភាពនិងសន្តិសុខដល់សហគមន៍, ការបណ្តេញចេញនិងការតាំងទីលំនៅថ្មី និងជនជាតិដើមភាគតិច។ ការព្រួយបារម្ភជាច្រើន ពាក់ព័ន្ធនឹងគម្រោង ត្រូវបានលើកឡើងដោយផ្ទាល់ជាមួយការិយាល័យរបស់កម្មវិធីអភិវឌ្ឍន៍ UNDP ប្រចាំនៅកម្ពុជា តាំងពីខែធ្នូ ឆ្នាំ២០២២។ ប៉ុន្តែស្ថាប័ននេះ បានបរាជ័យក្នុងការដោះស្រាយបញ្ហាទាំងនេះ អស់ជាងមួយឆ្នាំមកហើយ មុនពេលដែលពាក្យបណ្តឹងត្រូវបានធ្វើឡើង។ នេះជាការអះអាងរបស់ លីកាដូ៕
© រក្សាសិទ្ធិដោយ thmeythmey.com