ជាតិ
ច្រត់ព្រះនង្គ័ល៖ ការផ្សងប្រផ្នូលបង្ហាញថា ស្រូវ ពោត សណ្តែក នឹងបានភោគផលល្អនៅឆ្នាំនេះ
26, May 2024 , 9:12 am        
រូបភាព
ដោយ: រួបរួម
ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អប្រសើរ។ នេះបើតាមលទ្ធផលដែលព្រាហ្មបុរោហិតប្រចាំព្រះបរមរាជវាំង បានប្រកាសដោយយោងតាមការបរិភោគរបស់គោឧសរាជ នាព្រះរាជពិធីបុណ្យទ្វាទសមាស ច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះរាជពិធីដែលមានការតាំងពិព័រណ៌ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុកឆ្នាំ២០២៤ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា នេះ នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

 
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅខែពិសាខ ដែលជាព្រះរាជពិធីដ៏សំខាន់មួយនៃពិធីបុណ្យទ្វាទសមាស។ ព្រះរាជពិធីនេះ ត្រូវបានរៀបចំក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ៧យ៉ាង រួមមានស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រា។
 
នាឆ្នាំនេះ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជាតំណាងព្រះមហាក្សត្រ ដោយធ្វើជាស្តេចមាឃ កាន់នង្គ័លទីពីរ និងភរិយារបស់លោក គឺលោកស្រី ឈុន ស៊ីន ជាព្រះមេហួ។ លោក អ៊ឹម ស៊ីថុល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកកាន់នង្គ័លទីមួយ រីឯនង្គ័លទីបី កាន់ដោយលោក កាន់ សូវណ្ណា អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ជាតំណាងក្រសួងព្រះបរមរាជវាំង។
 
ក្រោយការច្រត់ជានិមិត្តរូបបីជុំ «គោឧសភរាជ» ត្រូវបានគេលែងឲ្យទៅបរិភោគ អាហារចំនួន៧មុខ។ ក្នុងចំណោម អាហារទាំង៧ មុខនេះ មានអាហារចំនួន៣មុខ ដែល «គោឧសភរាជ» បានបរិភោគច្រើនជាងគេ ដោយក្នុងនោះ ស្រូវ មានចំនួន៩៥ ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក៨៥ភាគរយ។ តាមរយៈការបរិភោគរបស់ «គោឧសភរាជ» នេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង៣មុខនេះ នឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ។
 

© រក្សាសិទ្ធិដោយ thmeythmey.com