ជាតិ
អសីលធម៌! រឿងរ៉ាវ​ទុក្ខសោកអ្នក​ដទៃ ក្លាយជា​សារ​កំប្លែងលេងសើច​របស់​បុគ្គលមួយចំនួន
27, May 2024 , 4:19 pm        
រូបភាព
ភាសា​ចំអាសចំអូង អាសអាភាស សារកំប្លែង​លេងសើច តែងតែត្រូវ​បាន​បង្ហោះ​ព្រោងព្រាត​ពេញបណ្តាញសង្គម។ ទង្វើអសីលធម៌​ទាំងនេះ ផុស​ផុល​ខ្លាំង ជាពិសេស​​ក្រោយ​មាន​ករណី​ទាក់ទង​នឹង​​កេរខ្មាសស្ត្រី ដូចជា​រំលោភ ការ​បៀតបៀន​ផ្លូវភេទ ឬ​រឿង​រ៉ាវ​ស្នេហា។

 
នៅ​​ខែ​ឧសភានេះ នៅ​លើ​បណ្ដាញ​សង្គម មាន​ការ​ជជែក​​វែក​ញែក​ច្រើន​លើ​ករណី​​តារា​ចម្រៀង​រ៉េប​រំលោភនារី​ម្នាក់ ដែលក្នុងនោះ អ្នក​ប្រើប្រាស់​បណ្តាញសង្គម​មួយ​ចំនួន លើក​យក​ជន​រងគ្រោះ ទៅ​និយាយ​លេង​សើច​ ដោយគ្មាន​ក្តីអាណិត​អាសូរក្នុងខ្លួន។
 
បន្ទាប់​ពី​មាន​ករណី ឬ​បញ្ហា​អ្វី​មួយ​កើត​ឡើង វីដេអូដែលពាក់​ព័ន្ធ​នឹង​រឿងនោះ បាន​បែក​ធ្លាយ​នៅតាម​ក្រុម​ផ្សេង​ៗ។ អ្នក​បាន​ទស្សនា​វីដេអូ​បែកធ្លាយ​នោះ បន្ត​ចែករំលែក​ទៅ​ឱ្យ​អ្នក​ដែល​ចង់មើល ឯ​អ្នកខ្លះទៀត ដែលមិន​បាន​មើល​ក៏​ឆាត​សុំមើល​តាម​រូបភាព​ផ្សេងៗ។ 
 
សម្រាប់​អ្នក​បាន​មើល​វីដេអូ​បែក​ធ្លាយ​អាស​អាភាស​មួយ​ចំនួន បាន​យក​ចំណុច​អ្វី​មួយ​​ដែល​ពួក​គេ​បាន​ឃើញ​​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ចំពោះ​អ្នកមិន​បាន​ដឹង ក៏​បញ្ចេញ​មតិ​ថា «រឿងអ្វីទៀតហើយ តាម​មិន​ទាន់ទេ» ប៉ុន្តែសម្រាប់​អ្នក​បាន​មើល​វិញ ក៏​បញ្ចេញ​មតិ​បកស្រាយ​ដូច​ជា​រឿង​កំប្លែង​ទៅ​វិញ។ 
 
លេងសើច ព្រោះរឿងគេ សាច់គេ ចុះបើរឿងឯង សាច់ឯងវិញ?
ចង់​ដឹង​រឿង​អ្នក​ដទៃ ជា​ធម្មជាតិ​របស់​មនុស្ស​មួយ​ចំនួន។ នៅពេល​មាន​រឿង​អ្វីមួយ​​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម គេ​តែង​ឃើញ​វត្ត​មាន​អ្នក​បញ្ចេញ​មតិ មិនថា​ស្រី ឬបុរស​នោះទេ។ ចំពោះ​​រឿង​អាស្រូវដែល​បាន​​បែក​ធ្លាយវិញ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ខ្លះ ឆ្លៀត​​​ផលិត​វីដេអូ​សើច​សប្បាយ​នឹង​រឿង​អាស​អាភាសនោះទៀត​ក៏​មាន​។ 
 
តើ​ការ​លេង​សើច​លើ​ទុក្ខអ្នក​ដទៃ បន្ត​ឱ្យ​មាន​នៅ​ក្នុង​សង្គម​កម្ពុជា​ទៀតឬទេ? អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​គ្រប់រូប ជា​ពិសេស​យុវជន​ គួរ​តែ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដោយ​សេចក្ដីថ្លៃ​ថ្នូរ និង​ទាញ​ប្រយោជន៍​ពីវា ជា​ជាង​ការ​ប្រមូល​តែ​បញ្ហា​របស់​អ្នក​ដទៃ​មក​ដាក់​ក្នុង​ខ្លួន។ 
 
រឿង​រ៉ាវ​ដែល​ជន​រង​គ្រោះ​ឆ្លងកាត់​លើ​ការ​រំលោភ​បំពាន គឺ​ជា​ទុក្ខ​ដ៏​ធំ​របស់ពួក​គេ។ ក្ដី​សោកសៅមួយនេះ មិន​មែន​ជា​រឿង​ដែល​អ្នក​ទាំងអស់ត្រូវ​យក​មក​លេងសើច​លើ​បណ្ដាញ​សង្គម​នោះទេ។ តើ​អារម្មណ៍​ក្រុម​គ្រួសារ​រង​គ្រោះ​ទទួលយក​បាន​ទេ នៅពេល​កូនស្រី​របស់ខ្លួន ក្លាយ​ជា​ប្រធាន​បទ​លើ​រឿង​កំប្លែងនោះ?​
 
សីលធម៌សង្គម
កម្ពុជា ជា​ប្រទេស​កាន់​​ព្រះ​ពុទ្ធ​សាសនា ដែល​ប្រជាពលរដ្ឋ​ខ្មែរ មា​ន​សីលធម៌​ថ្លៃ​ថ្នូរ​។ សុជីវធម៌ សីលធម៌ និងគុណធម៌ អាច​ចាត់ទុកជា​កន្សោមនៃសុភាវធម៌ ​ដែល​មនុស្ស​មិនអាច​ខ្វះ​បាន​។ ប៉ុន្តែបច្ចុប្បន្ន មនុស្ស​មួយចំនួន ហាក់​មិន​សូវ​ខ្វល់​ខ្វាយ​លើ​សីលធម៌​សង្គម ជាពិសេស​សី​លធម៌​ក្នុង​ខ្លួន​របស់​ពួក​គេតែម្ដង​។ 
 
វា​ជា​អំពើ​អសីលធម៌ និង​មិន​សម​រម្យ​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន លេង​សើច​មិនយល់​ពី​អារម្មណ៍​អ្នក​រង​គ្រោះ​លើ​ការ​រំលោភបំពាន​ផ្សេងៗ។ ពលរដ្ឋ​ខ្មែរ គួរ​បញ្ឈប់​សកម្មភាព​ចង់ដឹង​រឿង​មិន​មាន​ប្រយោជន៍​ ដោយ​ងាក​មក​រង​យុត្តិធម៌​ដល់​បុគ្គល​រង​គ្រោះ​វិញ​ទើប​ជា​ការល្អ។ ម៉្យាងវិញទៀត ការ​លេងសើចដើម្បី​បម្រើ​​ផលប្រយោជន៍​របស់​ខ្លួន ក៏ជា​ទង្វើ​មិន​គប្បីផងដែរ។​
 
លើស​ពីនេះ ការ​បញ្ចេញ​មតិ​ដែល​ល្អ​ វា​ធ្វើ​ឱ្យ​គេ​សប្បាយចិត្ត ប៉ុន្តែ​ការ​បញ្ចេញមតិ​ដែល​អាក្រក់ វា​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​អ្នក​រង​គ្រោះ​ដូចគ្នា។ ដូច្នេះ​មុន​វាចា ឬ​សរសេរ​ពាក្យ​ពេចន៍​ខ្លឹមសារ​ចេញ​ពី​បបូរមាត់​ គួរ​តែ​គិត​ឱ្យ​បាន​វែង​ឆ្ងាយ​។ 
 
ទម្លាប់​បន្ទោស​ជន​រង​គ្រោះ​...
នៅ​ពេល​មាន​បញ្ហា​អ្វី​មួយ​កើតឡើង គេសង្កេត​ឃើញ​​បុគ្គ​ល​មួយ​ចំនួន ចូលចិត្ត​បន្ទោស​ជនរង​គ្រោះ ជា​ពិសេស​រឿង​រ៉ាវ​កើត​លើ​ស្រ្តី​ភេទ។ «ផឹកស៊ីជាមួយគេ ដាច់យប់ ចូលដេកអូតែលនឹងគេសោះ ថា Rapper ចាប់រំលោភ + (ក្មេងស្រីអីឡូវមួយចំនួន អាស រមាស់ណាស់ បើមិនចង់ មិនមែនព្រមឡើងអូតែលទេ) ទះដៃម្ខាង មិនលឺទេ នាង...»។ នេះ​សារ​​របស់​បុគ្គល​ម្នាក់​ដែល​មាន​ប្រជា​ប្រិយភាពបង្ហោះ​​លើ​បណ្ដាញ​សង្គម។ 
 
ចំណែក​អ្នក​ខ្លះ​ទៀត បន្ទោស​ជន​រង​គ្រោះ ដោយសារ​ការស្លៀកពាក់ ឬមក​ពី​សេពជាតិស្រវឹងជាដើម​។ ទម្លាប់​បន្ទោស​ជន​រង​គ្រោះ​បែបនេះ បាន​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​មួយចំនួន មិន​ហ៊ាន​ចេញ​មុខ​ប្ដឹង​ ឬ​ប្រាប់​រឿង​រ៉ាវដែល​គេ​ជួបប្រទះ។ ជន​រងគ្រោះ​ខ្លះ សំងំ​ទុក​នៅ​ក្នុង​ចិត្ត​ រហូត​កើត​ជំងឺ​ផ្លូវចិត្ត​ជា​ដើម។ ​ 
 
ផ្ទុយ​ទៅ​វិញ ពល​រដ្ឋ​គ្រប់រូប គួរ​ចេះ​​ឈឺឆ្អាល និង​រក​ដំណោះស្រាយ​ល្អ​សម្រាប់​សង្គម ជាពិសេស​លុប​បំបាត់​ការ​រំលោភ​បំពាន​គ្រប់​ទម្រង់។ ជាមួយ​គ្នានេះ ពលរដ្ឋកម្ពុជា មិនគួរ​បន្ត​ទម្លាប់​បន្ទោស​ជន​រងគ្រោះ​លើ​ករណី​រំលោភ​បំពាន​ណាមួយ​ឡើយ៕

Tag:
 ​អាសអាភាស
  សង្គម
  សីលធម៌
 ទស្សនៈ
© រក្សាសិទ្ធិដោយ thmeythmey.com