ជាតិ
អាជ្ញាធរដុតបំផ្លាញចោល ត្រីសាលម៉ុន ប្រហិត និងសាច់បង្កកខូចគុណភាពជិត៧តោន
27, May 2024 , 4:49 pm        
រូបភាព
រូបភាព៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
រូបភាព៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ត្រីសាលម៉ុន ប្រហិត និងបំណែកសាច់បង្កក ខូចគុណភាពប្រមាណ៦៩៦៨គីឡូក្រាម ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដុតបំផ្លាញចោល។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានគយ នៅថ្ងៃទី២៦ ឧសភា។



ទំនិញគ្មានច្បាប់ទាំងនេះ រួមមាន បំណែកសាច់ក្របីបង្កក ២១០០គីឡូក្រាម, ឆ្អឹងជំនីជ្រូកបង្កក ៣៤០០គីឡូក្រាម, សាច់មឹកបង្កក ៥៥០គីឡូក្រាម, ត្រីសាលម៉ុនក្លាស្សេ ៨១០គីឡូក្រាម, ត្រីធូណាក្លាស្សេ ៤០គីឡូក្រាម និងប្រហិតសាច់ក្ដាមក្លាស្សេ ៦៨គីឡូក្រាម ត្រូវបានសមត្ថកិច្ច បង្រ្កាបកាលពីថ្ងៃទី ២៤និង២៥ ខែឧសភា ក្នុងភូមិសាស្រ្តឃុំវិហារហ្លួង ស្រុកពញាឮ និងឃុំសំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
 
រដ្ឋាភិបាល បានសម្រេចផ្អាករាល់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក បណ្ដោះអាសន្នសម្រាប់រយៈពេល៦ខែ ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ផលិតផលដែលត្រូវបានហាមឃាត់ មានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក, សាច់ និងគ្រឿងក្នុងមាន់បង្កក។ ចំណែក ពោះវៀន, ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ។
 
បើតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ទោះបី វិធានការហាមឃាត់ការនាំចូលសាច់បង្កក ចូលជាធរមានហើយក្ដី ប៉ុន្តែ លំហូរសាច់បង្កកទ្រង់ទ្រាយតូច នៅតែបន្តកើតមាន ដែលភាគច្រើនត្រូវបានគេលួចដឹកជញ្ជូនតាមឡានឈ្នួល ឡានក្រុង និងម៉ូតូ ចេញពីប្រទេសថៃ។ ការចរាចរណ៍សាច់បង្កកដែលខូចគុណភាព ឬគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរ អាចធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងទីផ្សារជ្រូកក្នុងស្រុក។ លើសពីនេះ វាក៏អាចបង្កផលប៉ះពាល់ផ្នែកសុខភាពពលរដ្ឋផងដែរ៕ 
 
 

Tag:
 ត្រីសាលម៉ុន
  សាច់បង្កក
  គយនិងរដ្ឋាករ
© រក្សាសិទ្ធិដោយ thmeythmey.com