ការទូទាត់ឃ្យូអរកូដ (QR Code) ឆ្លងដែនតាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថលបាគង (Bakong) នឹងជំរុញការប្រើប្រាស់ប្រាក់រៀលខ្មែរ។ នេះបើតាមទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានថ្លែងនៅក្នុងវេទិកាអនាគតនៃអាស៊ី ដែលរៀបចំឡើងដោយ Nikkei នៅថ្ងៃទី២៤ ខែឧសភា។
ការទូទាត់ជាង ៨០ភាគរយនៃសេដ្ឋកិច្ចកម្ពុជានៅតែប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក។ មើលឃើញបែបនេះ ធនាគារជាតិកំពុងជំរុញប្រាក់រៀលខ្មែរឲ្យដើរតួនាទីកាន់តែសំខាន់នៅក្នុងការប្រតិបត្តិការទូទាត់។ យ៉ាងណាមិញ លោកស្រី ជា សិរី បាននិយាយនៅក្រៅសន្និសីទទីក្រុងតូក្យូថា ៖«អត្រានៃការប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការឌីជីថលមានទំហំច្រើន»។ នេះបើតាមសារព័ត៌មាន Nikkei Asia។
ការទូទាត់តាមឌីជីថលសរុបដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគងបានកើនឡើងដល់ ៧០ ពាន់លានដុល្លារ ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ២០២០ ពោលគឺប្រហែលទ្វេដងនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ស្របពេលប្រតិបត្តិការក្នុងស្រុកដែលប្រព័ន្ធបាគងអាចធ្វើឡើងជាប្រាក់រៀល ឬដុល្លារ គេឃើញប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុកមានចំនួន ២០ពាន់លានដុល្លារនៃចំនួនប្រតិបត្តិការសរុបក្នុងឆ្នាំ២០២៣ ច្រើនជាង២ដងបើធៀបឆ្នាំ ២០២២។
ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមើលឃើញថា ប្រតិបត្តិការឆ្លងដែនជាគន្លឹះក្នុងការពង្រីកការប្រើប្រាស់ប្រាក់រៀល។ កន្លងមក ប្រព័ន្ធបាគងត្រូវបានប្រើរួចហើយសម្រាប់ការទូទាត់តាម QR រវាងកម្ពុជា ថៃ ឡាវ និងវៀតណាម ព្រមទាំងសេវាដែលពាក់ព័ន្ធនឹង UnionPay របស់ចិន។ ការបង់ប្រាក់ឆ្លងដែនទាំងនេះអាចអនុវត្តទៅបានតែចំពោះប្រាក់រៀលប៉ុណ្ណោះ។ ប្រជាជនកម្ពុជាត្រូវមានគណនីប្រាក់រៀលបាគង ដើម្បីទូទាត់ប្រាក់នៅតាមប្រទេសទាំងនោះ។ ឧទាហរណ៍ នៅភ្ញៀវទេសចរថៃអាចធ្វើប្រតិបត្តិការទូទាត់ QR នៅកម្ពុជាបាន លុះត្រាតែកន្លែងដែលពួកគេកំពុងទិញទំនិញមានទទួលយកប្រាក់រៀល។
មុខងារទូទាត់ឆ្លងព្រំដែន (Cross-border QR code payments) ជាមធ្យោបាយមួយដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយសារវាលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មបើកគណនី និងទទួលយកការទូទាត់ជាប្រាក់រៀល។
យ៉ាងណាមិញ លោកស្រី សិរី និយាយថា ៖«លោកស្រីនឹងមិនបង្ខំប្រជាពលរដ្ឋឲ្យប្រើប្រាស់ប្រាក់រៀលតាមរយៈវិធានការរដ្ឋបាលឡើយ»។ នេះបើតាមសារព័ត៌មានជប៉ុន Nikkei Asia។
ធនាគារជាតិនៃកម្ពុជា គ្រោងនឹងបើកការបង់ប្រាក់ឆ្លងប្រទេសដោយប្រើប្រព័ន្ធបាគងជាមួយឥណ្ឌានៅដើមខែមិថុនា និងកំពុងធ្វើការជាមួយភាគីជប៉ុន។ លោកស្រី សេរី បានលើកឡើងថា ៖« យើងរីករាយក្នុងការស្វែងរកប្រទេសផ្សេងទៀតដែលមានទំនាក់ទំនងប្រជាជនសកម្មជាមួយកម្ពុជា»។
បច្ចុប្បន្ន ប្រព័ន្ធបាគងមានការប្រើប្រាស់ប្រហែល ១០លានគណនីនៅកម្ពុជា ខណៈប្រជាជនសរុបមានចំនួនជាង១៧លាននាក់។
ការបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករបស់កម្ពុជា ជាផ្នែកមួយដែលធ្វើឲ្យប្រទេសមានគោលនយោបាយរូបិយវត្ថុឯករាជ្យ ដោយប្រព័ន្ធបាគងជាមធ្យោបាយមួយដ៏សំខាន់ ដើម្បីផ្លាស់ប្តូរការពឹងផ្អែកលើប្រាក់ដុល្លារដែលមានជាយូរណាស់មកហើយ។ ទន្ទឹមនេះ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងទទួលយកការបង់ពន្ធ និងបើកប្រាក់ខែមន្ត្រីរាជការជាប្រាក់រៀល។
លើសពីនេះ ការឡើងថ្លៃនៃប្រាក់ដុល្លារ បានបង្កបញ្ហានានារួមទាំងការផ្តល់ប្រាក់កម្ចីប្រាក់ដុល្លារដែលមានតម្លៃថ្លៃជាងមុន ជាហេតុនាំឱ្យការផ្តល់ប្រាក់កម្ចីមានភាពយឺតយ៉ាវ។ ដូច្នេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងលើកទឹកចិត្តឱ្យខ្ចីរូបិយប័ណ្ណក្នុងស្រុក តាមរយៈអត្រាការប្រាក់យោងរបស់ខ្លួន។
ជុំវិញនឹងរូបិយប័ណ្ណឌីជីថល ថ្មីៗនេះទីក្រុងហុងកុងបានអនុញ្ញាតឱ្យប្រជាជនបើកកាបូបឌីជីថលជាមួយនឹងប្រាក់យ័នឌីជីថលរបស់ចិន ដែលអ្នកខ្លះចាត់ទុកថាជាជំហានឆ្ពោះទៅរកការធ្វើអន្តរកម្មទូទាត់ឌីជីថលមួយដែលគេហៅថា e-CNY ។ លោកស្រី សេរី បាននិយាយថា ការធ្វើជាអន្តរជាតិនៃប្រាក់យ័នឌីជីថលជាផ្លូវមួយដ៏វែងឆ្ងាយដែលរូបិយប័ណ្ណនេះទំនងជាមានន័យសម្រាប់ប្រតិបត្តិការក្នុងស្រុកប៉ុណ្ណោះ។
ប្រមុខធនាគារកណ្តាលកម្ពុជារូបនេះបានបញ្ជាក់ថា ការធ្វើរូបិយប័ណ្ណឌីជីថលជាអន្តរជាតិនឹងតម្រូវឱ្យមានការរួមបញ្ចូលបច្ចេកវិទ្យាផ្សេងៗគ្នាដែលប្រើប្រាស់នៅក្នុងប្រទេសនានា។ តួយ៉ាងដូចជា ប្រព័ន្ធបាគងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជប៉ុន Soramitsu ប្រើប្រាស់ទម្រង់ blockchain Hyperledger Iroha ៕