សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុន ជាម្ចាស់បំណុលធំជាងគេលើពិភពលោក តាមពីក្រោយដោយអាល្លឺម៉ង់ និងចិន ប្រាក់យ៉េនជប៉ុន ។ រូបភាព ៖ AFP
× ទ្រព្យសម្បត្តិសុទ្ធខាងក្រៅប្រទេសរបស់ជប៉ុនបានកើនដល់ ៣ទ្រីលានដុល្លារ ធ្វើឲ្យប្រទេសនេះនាំមុខគេក្នុងបញ្ជីម្ចាស់បំណុលធំជាងគេរបស់ពិភពលោក។ ចំណែកអាល្លឺម៉ង់ និងចិន តាមពីក្រោយ ដោយមានតម្លៃ ២,៨៩ទ្រីលានដុល្លារ និង ២,៦២ទ្រីលានដុល្លាររៀងគ្នា។
ក្រសួងហិរញ្ញវត្ថុជប៉ុន បានប្រកាសនៅថ្ងៃទី២៨ ឧសភាថា ទ្រព្យសម្បត្តិសុទ្ធនៅខាងក្រៅប្រទេសជប៉ុន បានកើនឡើងដល់កំណត់ត្រា ៤៧១,៣ទ្រីលានយ៉េន (ប្រហែល ៣ទ្រីលានដុល្លារ) ក្នុងឆ្នាំ២០២៣ ដែលជាការកើនឡើងចំនួន៦ឆ្នាំជាប់ៗគ្នា។
បើតាមក្រសួងហិរញ្ញវត្ថុជប៉ុន ការធ្លាក់ថ្លៃនៃប្រាក់យ៉េន និងការទិញយកក្រុមហ៊ុននៅបរទេសបានបង្កើនតម្លៃនៃទ្រព្យសកម្មបរទេស។ ជារៀងរាល់ឆ្នាំ ការកើនឡើងនៃតម្លៃទ្រព្យសកម្មខាងក្រៅដែលកាន់កាប់ដោយរដ្ឋាភិបាលជប៉ុន អាជីវកម្ម និងបុគ្គលមានចំនួនប្រហែល ៣២៥ពាន់លានដុល្លារ។
កំណើននេះ បានធ្វើឲ្យជប៉ុននៅតែបន្តកាន់តំណែងជាម្ចាស់បំណុលនាំមុខគេរបស់ពិភពលោក។ ក្រសួងហិរញ្ញវត្ថុជប៉ុនបានឲ្យដឹងដែរថា អាល្លឺម៉ង់ជាម្ចាស់បំណុលធំទីពីររបស់ពិភពលោកជាមួយនឹងទឹកប្រាក់ ២,៨៩ទ្រីលានដុល្លារ ខណៈចិនជាប់ចំណាត់ថ្នាក់ទីបីជាមួយនឹងទ្រព្យសម្បត្តិខាងក្រៅសុទ្ធចំនួន ២,៦២ទ្រីលានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០២៣។
លើសពីនេះ ក្រសួងហិរញ្ញវត្ថុជប៉ុនបានប្រកាសថា ទ្រព្យសកម្មខាងក្រៅសរុបរបស់ជប៉ុនឈានដល់ ៩,៤៦ទ្រីលានដុល្លារ ខណៈបំណុលបរទេសមានចំនួន ៦,៤៦ទ្រីលានដុល្លារ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មាន Reuters។
គួរបញ្ជាក់ថា ថ្មីៗនេះធនាគារកណ្តាលជប៉ុនកំពុងបង្ហាញសញ្ញាគ្រោងដំឡើងអត្រាការប្រាក់ ដោយសារតែការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េនខ្លាំង និងលក្ខខណ្ឌសេដ្ឋកិច្ចមិនឋិតឋេរ៕
Tag:
ជប៉ុន
បំណុល
ប្រាក់យ៉េន
© រក្សាសិទ្ធិដោយ thmeythmey.com