ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
01, Jun 2024 , 11:59 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត។ រូបភាព STPM
សម្ដេច ហ៊ុន ម៉ាណែត។ រូបភាព STPM
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធឱ្យចូលរួមលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងភាពជាពលរដ្ឋឌីជីថល ដោយពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារជនរងគ្រោះឱ្យមានប្រសិទ្ធភាព។ នេះបើតាមសារលិខិតអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៤នេះ។


 
ក្នុងឱកាសខួបលើកទី៧៥ នៃទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា រដ្ឋាភិបាលកម្ពុជា បានប្រារព្ធឡើងក្រោមប្រធានបទ «ការវិនិយោគ លើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវិត្តកម្មឌីជីថល»។ តាមរយៈការរៀបចំទិវាកុមារអន្តរជាតិនេះ សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកថា ជាការបង្ហាញនូវឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ។
 
ក្នុងសារលិខិតរបស់សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ បច្ចុប្បន្នការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលបាននាំមកនូវកាលានុវត្តភាពការងារ នយោបាយ សេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ក៏មានលេចឡើងនូវបញ្ហាប្រឈមជាច្រើន ដូចជាឧក្រិដ្ឋកម្ម ការចាប់ជំរិត ការជួញដូរខុសច្បាប់ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្សេងៗតាមប្រព័ន្ធអនឡាញ។ 
 
ក្នុងន័យនេះ រដ្ឋាភិបាល មានការព្រួយបារម្ភពីសុវត្ថិភាពរបស់កុមារក្នុងសម័យឌីជីថល។ «កុមារនិងយុវជន បានក្លាយជាគោលដៅរបស់ជនខិលខូចក្នុងការអូសទាញឱ្យប្រព្រឹត្ត ឬទទួលរងការកេងប្រវញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ»។ នេះជាការលើកឡើងនៅក្នុងសារលិខតិខាងលើ។ 
 
ដើម្បីបង្ការ ទប់ស្កាត់ ការពារ និងឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យនានាចំពោះកុមារ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ និងបានរៀបចំផែនការអនុវត្តជាពីរដំណាក់កាល។ បន្ថែមលើនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី។
 
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធរួមទាំងអាជ្ញាធរ មាតាបិតា អាណាព្យាបាល និងសហគមន៍ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គម តាមរយៈការទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានលើកុមារគ្រប់រូបភាព ទាំងអហ្វឡាញនិងអនឡាញ ឱ្យបានសមស្របនិងទាន់ពេលវេលា។
 
លើសពីនេះ ត្រូវចូលរួមលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងភាពជាពលរដ្ឋឌីជីថល ដោយពង្រឹងការអនុវត្តច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារជនរងគ្រោះឱ្យមានប្រសិទ្ធភាព ជាពិសេសបណ្តុះបណ្តាលដល់អនក្ខរជនឌីជីថល និងជំរុញលើកកម្ពស់ពលរដ្ឋកម្ពុជា ឱ្យក្លាយជាពលរដ្ឋឌីជីថល ប្រកបដោយសុវត្ថិភាព និងឧត្តមប្រយោជន៍។ នេះបើតាមសារលិខិតខាងលើ៕ 
 

Tag:
 កុមារ
  ១មិថុនា
  ហ៊ុន ម៉ាណែត
  បច្ចេកវិទ្យា
  អនឡាញ
  ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com