ជាតិ
យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»សម្រាប់កុមារកម្ពុជា ចាប់ផ្តើមហើយ
01, Jun 2024 , 6:59 pm        
រូបភាព
ភ្នំពេញ៖ យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»របស់មូលនិធិគន្ធបុប្ផា បានចាប់ផ្តើមពីថ្ងៃនេះទៅ រហូតដល់ដាច់ខែមិថុនា ឆ្នាំ២០២៤។ យុទ្ធនាការនេះ ធ្វើឡើងដើម្បីរៃអង្គាសប្រាក់យកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងនៅកម្ពុជា។


 
មិនខុសពីឆ្នាំមុនឡើយ មូលនិធិគន្ធបុប្ផា បន្តរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា រយៈពេល ១ខែពេញ ចាប់ពីថ្ងៃទី១-៣០ ខែមិថុនា។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីអបអរទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
 
ការចូលរួមរបស់សប្បុរសជន ទោះតិចក្តី គឺជាការផ្តល់ក្តីស្រឡាញ់ដល់កុមារនៅកម្ពុជា និងដើម្បីធានានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផា ក្នុងមួយឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងនៅកម្ពុជា បានចំណាយថវិកាប្រមាណ ៤០ លានដុល្លារ។ 
 
មូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវដល់សប្បុរជនក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគថវិកាក្នុងយុទ្ធនាការឱ្យកាន់តែផុសផុល។ សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២មក បានព្យាបាលកុមាររាប់លាននាក់ដោយឥតគិតថ្លៃ៕ 
 


Tag:
 គន្ធបុប្ផា
  កុមារ
  បរិច្ចាគ
© រក្សាសិទ្ធិដោយ thmeythmey.com