ជាតិ
វ័យ១០ឆ្នាំ កុមារ ឡុង រិទ្ធីស័ក្តិ ជ្រើសរើសជំនាញអភិវឌ្ឍកម្មវិធីកុំព្យូទ័រ
01, Jun 2024 , 10:19 pm        
រូបភាព
ដោយ៖ ជៃ ភានិត

ភ្នំពេញ៖ កុមារា ឡុង រិទ្ធីស័ក្តិ បានរៀនសរសេរជំនាញ អភិវឌ្ឍកម្មវិធីកុំព្យូទ័រ ( programming) តាំងពីវ័យ ៨ឆ្នាំ។ រិទ្ធីស័ក្តិ ចង់ក្លាយជាអ្នកជំនាញអភិវឌ្ឍកម្មវិធីកុំព្យូទ័រមួយរូបនាពេលអនាគត។ រយៈពេល២ឆ្នាំ រិទ្ធីស័ក្តិ បានចំណាយពេលរៀនសរសេរជំនាញ អភិវឌ្ឍកម្មវិធី នាពេលទំនេរពីការសិក្សាប៉ុណ្ណោះ។

 
បច្ចុប្បន្ន កុមារា ឡុង រិទ្ធីស័ក្តិ  កំពុងរៀនថ្នាក់ទី៥ នៃសាលាអន្តរជាតិហ៊ែរឺថេជ ។ រិទ្ធីស័ក្តិ ចំណាយពេលរៀនផ្នែកព័ត៌មានវិទ្យាថ្នាក់ក្រៅម៉ោង និងស្វែងយល់បន្ថែមតាមបណ្ដាញអ៊ីនធឺណិត។ ការចាប់ជំនាញផ្នែកព័ត៌មានវិទ្យានេះ រិទ្ធីស័ក្តិ តែងតែទទួលបានការលើកទឹកចិត្តពីឪពុកម្ដាយ។ 
 
កុមារា ឡុង រិទ្ធីស័ក្តិ  រៀនសរសេរកូដនៅមជ្ឍមណ្ឌម Champion Coders ។ ការចាប់ផ្តើមមុនដំបូង រិទ្ធីស័ក្តិ ហាក់ដូចពិបាកសម្រាប់កុមារារូបនេះ ប៉ុន្តែគ្រូបង្រៀនរបស់កុមារារូបនេះ តែងតែជំរុញ និងខិតខំបង្រៀនបន្ថែម។  រិទ្ធីស័ក្តិ យល់ថាការរៀនជំនាញនេះនៅវ័យក្មេង ធ្វើឱ្យរូបគេកាន់យល់ដឹងស៊ីជម្រៅ  និងមានមូលដ្ឋានគ្រឹះជំនាញបច្ចេកវិទ្យាច្បាស់លាស់។ រិទ្ធីស័ក្តី យល់ថា នៅថ្ងៃអនាគត ការងារជាច្រើន ពាក់ព័ន្ធជាមួយបច្ចេកវិទ្យា។ 


 
លោក ប៉ុន ពិសិដ្ឋ គ្រូបង្រៀនជំនាញសរសេរកម្មវិធីកុំព្យូទ័រនៅមជ្ឍមណ្ឌល Champion Coders លើកទឹកចិត្តឱ្យឪពុកម្តាយជំរុញកូនៗសិក្សាបច្ចេកវិទ្យាពីក្មេង ដើម្បីស្វែងយល់ និងជំនួយការគិតកុមារកាន់មានភាពច្នៃប្រឌិត ។ កុមារតូចៗ មិនអាចយកមេរៀនដូចនិស្សិតបានទេ។ លោក ពិសិដ្ឋ ត្រូវពិចារណា និងរិះគិតធ្វើលំហាត់តូចៗ  ដើម្បីបង្រៀន។ ការចាប់ផ្ដើមធ្វើលំហាត់តូចៗ ធ្វើឱ្យកុមារងាយយល់ និងចូលចិត្តទេជំនាញព័ត៌មានវិទ្យា។  
 
លោក ពិសិដ្ឋ ថ្លែងថា៖ «ការសិក្សា ទៅលើ កម្មវិធី HTML, CSS , Java script   កុមារ អាចរៀនបង្កើតគេហទំព័រ(Website) និងបង្ហាញលទ្ធផល ដែលពួកគាត់បានធ្វើ និងអនុវត្តន៍ផ្ទាល់ផងដែរ ។
 
មានបទពិសោធន៍ក្នុងការបង្រៀនកុំព្យូទ័រកុមាររយៈពេល ៤ឆ្នាំ លោក ប៉ុន ពិសិដ្ឋ កំពុងបង្រៀនវគ្គបណ្តុះបណ្តាលជំនាញសរសេរកម្មវិធីកុំព្យូទ័រ ដល់សិស្សប្រមាណ ១០០នាក់។ លោក ពិសិដ្ឋ យល់ថា ភាគច្រើនឪពុកម្តាយរបស់សិស្សនៅជនបទ មិនសូវទទួលបានព័ត៌មាន អំពីសារៈសំខាន់នៃការរៀនជំនាញបច្ចេកវិទ្យានោះទេ។ សាលាបណ្ដុះបណ្តាលជំនាញនេះ ក៏មិនមានច្រើននៅតាមបណ្តាខេត្ត៕ 

© រក្សាសិទ្ធិដោយ thmeythmey.com